បុរស​ម្នាក់ ត្រូវគេ​វាយ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់ ក្នុង​ថ្លុកឈាម ហើយ​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​ស្រី ២​នាក់​

ភ្នំពេញ​: ករណី​ឃាតកម្ម​មួយ ដែល​បង្កអោយមាន ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាំង​កណ្តាលយប់ គឺ​ដោយសារតែ​ជនសង្ស័យ​មួយក្រុម បាន​ដេញ​ព្រួត​គ្នា វាយ​បុរស​ម្នាក់បែកក្បាល​ធ្លាយ​ខួរ​ស្លាប់ នៅក្នុង​គុម្ព​ព្រៃ​ក្នុង​ដៃ​ឡូត៍ មួយកន្លែង​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១ និង ៥០ នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ដីឡូត៍​មួយកន្លែង មុខ​ហាង​នំ​បុ័ង​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​ករណីនេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានបានថា ជា​ករណី​គំនុំ ឬក៏​ជា​ករណី​អំពើ​វាយ​ប្លន់​នោះទេ ស្រប​ពេលដែល​កម្លាំង សមត្ថកិច្ច​កំពុងតែ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ សុខ​សវ​ត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ ក៏​ប្រទះឃើញ​មនុស្ស​ប្រុស្ស​ស្រី ២​នាក់ នៅ​ឈរ​រេ​រ៉​ក្បែរ​ដីឡូត៍ និង​មាន​ឈាម​ប្រឡាក់​អាវ​ផង​នោះ កម្លាំង​នគ​បាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ២​នាក់​ភ្លាមៗ នៅ​ហ្នឹង​កន្លែង ដោយ​មិនទាន់​ដឹងថា ជា​រឿង​គំនុំ ឬ​ករណី​ប្លន់​យក​ម៉ូតូ​នៅឡើយ​នោះទេ​។

​ក្រោយមក សមត្ថកិច្ច​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ ជុំវិញ​កន្លែងកើតហេតុ ក៏បាន​ប្រទះ ឃើញ​សព​បុរស រងគ្រោះ ត្រូវគេ​វាយ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់ទៅហើយ និង​មាន​បន្សល់ទុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ មួយគ្រឿង នៅ​កន្លែងកើតហេតុ​ផងដែរ​។​

​បច្ចុប្បន្ន សាកសព​ជនរងគ្រោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ ដើម្បីអោយ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនសង្ស័យ​ទាំង ២​នាក់ ស្ថិតក្នុង​ការសាកសួរ​របស់​សមត្ថកិច្ច​នៅឡើយ​៕​H/S