យុវជន ២​ក្រុម កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​យុវជន ២​នាក់ រងរបួស​ធ្ងន់​

បន្ទាយមានជ័យ: យុវជន ២​ក្រុម កាប់​ចាក់​គ្នា​ដូច​ក្នុង​រឿង​ហុងកុង បណ្តាល​ឲ្យ​យុវជន ២ នាក់ រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុ​កាណ៍​ដេញ​កាប់​ចាក់​គ្នា​នេះ បាន​កាលពី​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅមុខ​ភូមិគ្រឹះ​លោក ស្នងការ​ខេត្ត លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​ភ្នំ​ជញ្ជាំង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្របពេល​មានការ​តាំងពិព័រណ៍ ផលិតផល​របស់​ប្រជាជន​ថៃ នា​វេទិកា​ខេត្ត​។​

​សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ដែល​ចេញ​អន្តរាគមន៍ បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ មាន​១-​លី ចិត្ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ ខណៈ​ត្រូវ​ជនដៃដល់​កាប់​ពីក្រោយ​ជាច្រើន​កាំបិត​ចំក្បាល​ជាច្រើន​កាំបិត និង​ទី​២-​ឈ្មោះ ភិន លាន ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ រងរបួស​បែក​ភ្នែក​ខាងស្តាំ​។​

​ជនរងគ្រោះ មាន​គ្នា ៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង និង​ជនបង្ក​អាច​នឹងមាន​ទំនាស់​ពាក្យសម្តី ឬក៏​គំនុំ​ស្នេហា​ត្រីកោណ ដែល​បង្ក​នៅក្នុង​បរិវេណ​តាំងពិព័រណ៍ ហើយ​ពេល​ជនរងគ្រោះ​វិលត្រឡប់​ទៅផ្ទះ​វិញ​នោះ ត្រូវ​ជនបង្ក​ជិះ​ម៉ូតូ​តាម​កាប់​តែម្តង​។ ក្រោយពី​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅ និង​កន្លែងកើតហេតុ មាន​ម៉ូតូ​ពីរ​គ្រឿង ម៉ាក ហុងដា សេ​១២៥ ត្រូវបាន​គេ​ផ្តួល​ចោល ហើយ​រត់​គេចខ្លួនបាត់ ក្រោយពេល​ពី​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​។ ទោះបី​បែបណា​ពេលនេះ កម្លាំង​សមត្ថកិច្ច បាន និង​កំពុង​ស្រាវជ្រាវ និង​ចាប់ខ្លួន​ក្រុម​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​ជនរងគ្រោះ​ទាំងពីរ​រស់នៅ​ក្នុងភូមិ​បាណ​យ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទា​មានជ័យ​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំងពីរ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី រីឯ​ក្រុម​ជនបង្ក​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​គេចខ្លួន​បាត់ស្រមោល​។​

​ជនរងគ្រោះ​ទាំងពីរ​ត្រូវ ក្រុមគ្រូពេទ្យ​បាន​អះអាងថា ម្នាក់​ត្រូវ​ក្រុម​ជនបង្ក​កាប់​ជាច្រើន​កាំបិត​ចំក្បាល​និង​ស្មា កំពុង​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ម្នាក់ទៀត ត្រូវ​ជនបង្ក​នោះ កាប់​បណ្តាលអោយ​បែក​ភ្នែក​ស្តាំ តែ​មិន​បង្ក​ដល់​អាយុជីវិត​ទេ​។​

​សូមបញ្ជាក់ថា នៅក្នុង​ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះ ករណី​ក្មេង​ទំនើង និង​ករណី​កាប់​ចាក់​គ្នា​តែង​កើតមាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ក្នុងនោះ​ក៏មាន​ករណី​ឆក់ ប្លន់ ការបង្ក​អសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ក៏មាន​ជា​ហូរហែរ​ផងដែរ​៕H/S

យុវជន ២​ក្រុម កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​យុវជន ២​នាក់ រងរបួស​ធ្ងន់​

យុវជន ២​ក្រុម កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​យុវជន ២​នាក់ រងរបួស​ធ្ងន់​