សង្ស័យ​ជា​ករណី​ដេញ​វាយ​ប្លន់​យក​ម៉ូតូ ភ័យ​បើក​ម៉ូតូ ឡើងលើ​ពុំនូក​ខ្សាច់ ជ្រុល​បុក​ជញ្ជាំង​ផ្ទះ​របួស ២​នាក់

ភ្នំពេញ: យុវជន​ម្នាក់ បាន​រងរបួស​ធ្ងន់ និង​ម្នាក់ទៀត រងរបួស​ស្រាល បន្ទាប់ពី​ពួកគេ​បាន​ជិះ​ម៉ូតូ​រត់​ពី​ក្មេង​ទំនើង ១​ក្រុម ដេញ​វាយ ទៅ​ឡើងលើ​ពំនូក​ខ្សាច់ ហើយ​បុក​ជ​ញ្ជាំ​ផ្ទះថ្ម​របស់​ប្រជាពលរដ្ឋ ពេញទំហឹង​។ គេ​សង្ស័យថា ទំនងជា​ករណី​ដេញ​វាយ​ប្លន់​យក​ម៉ូតូ ក៏ប៉ុន្តែ​សមត្ថកិច្ច​ថា ជា​ករណី គ្រោះថ្នាក់​ចរាចរណ៍​ទៅវិញ​។​

​ហេតុការណ៍​បង្កអោយមាន​ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១ និង ១០ នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ក្បែរ​នឹង​សាលាខណ្ឌ​ឬ​ស្សី​កែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​នៅ​មុនពេល​កើតហេតុ គឺមាន​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ បានឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់ ដេក​ដួល​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​។

​ជនរងគ្រោះ ដែល​របួសធ្ងន់​បែក​ផុង​លលាដ៍ក្បាល ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ដឹក​តាម​ម៉ូតូ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ ត្រូវបាន​មជ្ឈដ្ឋាន​ខាងក្រៅ នាំគ្នា​ដាក់​ការ សង្ស័យ ថា ជា​ករណី​ដេញ​វាយ​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ ហើយ​ដោយសារតែ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោ​ពេក ក៏​ជិះ​ម៉ូតូ​លឿន មិនបាន​មើលមុខ ក៏​ឡើងលើ​ពំនូក​ខ្សាច់ រួច​បុក​ជញ្ជាំង​ផ្ទះថ្ម​គេ​តែម្តងទៅ ប៉ុន្តែ​សមត្ថកិច្ច​បាន​ប្រាប់ថា ជា​ករណី​ផឹកស៊ី​ស្រវឹង បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ទៅវិញ​៕​H/S