មន្ត្រីរដ្ឋបាល​ជលផល​ខេត្តសៀមរាប បើកដៃ​ក​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប

តាម​ប្រភពពី​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា​ក្នុង​បឹង​ទន្លេសាប​បច្ចុប្បន្ន​មាន​ករណី​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ស្រេច​តែ​អំពើ​ចិត្ត ហើយ​មន្ត្រី​ជំនាញ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ មន្ត្រី​អាជ្ញាធរ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​តំបន់​ចុង​ឃ្នៀ​ស មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នោះទេ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​ចុង​ឃ្នៀ​ស​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ជនជាតិ​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា ក្នុង​រដូវ​បើក​នេសាទ​ចុងឆ្នាំ​២០១៥​នេះ ជនជាតិ​យួន​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា​អូស​យ៉ាំង​កាវ រុញ​ស៊ី​ប អូស​ដោយ​ម៉ាស៊ីន​ធំៗ​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​របស់​ជនជាតិ​យួន​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។ ជាក់ស្តែង​ពួកគាត់​មិនអាច​រាយ​មង ឬ​ចងសន្ទូច​បាន​ដូច​កាលពីមុន​ទៀត​ទេ ដោយសារតែ​ជនជាតិ​យួន​អូស​យ៉ាំង​កាវ និង​រុញ​ស៊ី​ប​ក្រឡា​ញឹក​បំផ្លាញ​មង​និង​សន្ទូច​របស់​ពួកគាត់​ឥតឈប់ឈរ​។ ជនជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​តាម​អំពើ​ចិត្ត គឺ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​គ្មាន​ការបង្ក្រាប​។

​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនត្រូវ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​ជនជាតិ​យួន​ខ្លះ​បាន​និយាយថា ពួកគេ​បង់លុយ​ក្នុង​មួយខែ​២​លាន​រៀល​សម្រាប់​ទូក​១ ហើយ​បើ​កាណូត​ប្រើ​ម៉ាស៊ីន​កម្លាំង​ធំៗ​ត្រូវ​បង់​៤​លាន​រៀល​ឬ​១០០០​ដុល្លារ​ក្នុង​មួយខែ​។ ប្រការ​នេះហើយ​ទើប​ជនជាតិ​យួន​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​នៅ​តំបន់​ចុង​ឃ្នៀ​ស និង​តំបន់​ផ្សេងៗ​ទៀត​តាម​អំពើ​ចិត្ត ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​សម្តែង​សេចក្តី​ព្រួយបារម្ភ​ថា ផល​ត្រី​ឆ្នាំនេះ​មានការ​ថយចុះ​យ៉ាងគំហុក​ព្រោះ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទាំង​ក្នុង​រដូវ​បិទ​នេសាទ និង​រដូវ​បើក​នេសាទ​ហើយ​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប និង​បក្ខពួក​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​គ្មាន​គិតគូរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ឡើយ​៕

that-0931 - Copyលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល