ឈ្មួញ​នៅតែ​បន្ត​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​លំផាត់​និង​ស្រុក​កូន​មុំ យ៉ាង​គគ្រឹកគគ្រេង​

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​លំផាត់​និង​ស្រុក​កូន​មុំ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្រុម​ឈ្មួញ​នៅតែ​ធ្វើ​សកម្មភាព​ចូល​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​ដែន​ជម្រក​សត្វ និង​ព្រៃ​សហគមន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​នៅ​ស្រុក​លំផាត់​និង​ស្រុក​កូន​មុំ​នោះទេ​។ ចំណែក​លោក កែប កត់ ដែល​ទើបត្រូវ​បានតែងតាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​នេះ អាច​បើកដៃ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​កាន់តែខ្លាំង​ជាមិនខាន​។

​ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា មាន​រោង​សិប្បកម្ម​អារច្រៀក​ឈើ​មួយកន្លែង​នៅក្នុង​ភូមិ​៣ ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មុំ ហើយ​ជា​រៀងរាល់​យប់​តែងតែមាន​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មក​ស្តុក​ទុក​ក្នុង​រោង​អារឈើ​នេះ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រែ​អង្ក្រង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ពីមុន​ម្ចាស់​រោង​អារឈើ​នោះ​ជា​ជន​ជាតិចិន ប៉ុន្តែ​ឥឡូវនេះ​មានឈ្មោះ​ពេញ​ជា​ជនជាតិខ្មែរ​មើល​ការខុសត្រូវ​។ រោង​សិប្បកម្ម​អារច្រៀក​ឈើ​ក្នុង​ឃុំ​ស្រែ​អង្ក្រង មិនដឹងថា​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឬក៏​អត់​នោះទេ ព្រោះ​ពុំមាន​ស្លាក​ត្រឹមត្រូវ​ដូច​រោង​សិប្បកម្ម​ស្របច្បាប់​ដទៃទៀត​ឡើយ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មាន​ជនល្មើស​ខ្លះ​បាន​បើកបរ​គោយន្ត​កន្ត្រៃ​ចូលទៅ​កាប់​ឈើ​ធ្នង់​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ចម្ការ​ដូងប្រេង​ក្រុមហ៊ុន​ហុង​អា​ញ់​លំផាត់​របស់​យួន យកមក​ស្តុក​ទុក​ក្នុង​រោង​អារឈើ​នៅ​ឃុំ​ស្រែ​អង្ក្រង​។ ក្រុម​ឈ្មួញ​ដែល​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​និង​បក្ខពួក​ខ្លួន​ចូល​កាប់​ឈើ​ប្រណីត​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ គឺមាន​មន្ត្រី​កងរាជអាវុធហត្ថ​និង​មន្ត្រីនគរបាល​ផងដែរ​។ មន្ត្រី​ទាំងនោះ​សុទ្ធ​តែមាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ក្រអឺតក្រទម ហើយ​ក្នុង​មួយ​សប្តាហ៍​តែងតែមាន​រថយន្ត​យី​ឌុប​ធំៗ​១​គ្រឿង​ទៅ​២​គ្រឿង​ចូលទៅ​ដឹកឈើ​ប្រណីត​នៅ​ភូមិ​៣ ឃុំ​ស្រែ​អង្ក្រង ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​យ៉ាង​រលូន​៕

SP0012 SP0011 SP0013