នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​ប្រធាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ជា​អ្នក​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃឈើ​

​ជនជាតិដើម​ភាគតិច​រស់នៅ​ក្នុងស្រុក​កែវ​សីមា និង​នៅក្បែរ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ចេញពី​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ជាពិសេស​ក្រុមហ៊ុន​ខ្មែរ​អង្គរ​ដែល​ទទួលបាន​ដី​សម្បទាន​នៅជាប់​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា ហើយ​ត្រូវ​បញ្ចប់​សិទ្ធិ​ជា​ស្ថាពរ​ច្រើន​ខែ​មកហើយ​នោះ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គឃ្លើន​ដដែល​។ បញ្ហា​នេះ​លោក វង់ សុក្រ​សិរី ដែល​ទើបត្រូវ​បានតែងតាំង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ដោយសារ​តែមាន​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា និង​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។ ក្នុងនោះ​ក្រុមហ៊ុន​ខ្មែរ​អង្គរ​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅក្នុង​ទឹកដី​ស្រុក​កែវ​សីមា និង​តំបន់​ព្រំប្រទល់​ស្រុក​ពេ​ជ្រា​ដា ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់  ព្រោះ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ​និង​មាន​កម្លាំង​សន្តិសុខ​ការពារ​ជាច្រើន​ជាន់​ទៀតផង​។

ប្រភពពី​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ដូច​សព្វថ្ងៃនេះ គឺមាន​ការបើក​ដៃ​ពី​លោក រឿង សុផាត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា និង​លោក សម្រង ឌី​វិចិត្រ ប្រធាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​។ បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​២​នាក់​នេះ​ទេ គឺ​ឈ្មួញ​និង​ក្រុមហ៊ុន​នានា​មិនអាច​កាប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ សុ​ក្រំ បេង នាងនួន ផ្ចឹក ដឹកជញ្ជូន​ចេញពី​ព្រៃ​តាម​អំពើ​ចិត្ត​បានឡើយ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន​ខ្មែរ​អង្គរ​និង​ឈ្មួញ​ខិលខូច​កំពុង​កាប់​ឈើ​ក្នុងស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដឹកជញ្ជូន​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​៕

that-0803លោក វង់ សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី nkw_1-copy