Pérez៖ “Real Madrid មិន​បាន​ដាក់​កីឡាករ​ជាប់​បម្រាម​ឲ្យ​លេង​នោះ​ទេ”


Pérez៖ “Real Madrid មិន​បាន​ដាក់​កីឡាករ​ជាប់​បម្រាម​ឲ្យ​លេង​នោះ​ទេ”

លោក Florentino Perez ប្រធាន​ក្លិប​ Real Madrid បាន​បញ្ជាក់​ថា​ក្លិប​មិន​បាន​ដាក់​កីឡាករ​ជាប់​បម្រាម​ឲ្យ​លេង​នោះ​ទេ។

 

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ជុំវិញ​រឿង​កីឡាករ Denis Cheryshev លោក​បាន​ឲ្យ​ដឹង​ថា៖ “ក្រោយ​ពេល​វិភាគ​ចំពោះ​ព្រឹត្តិការណ៍​នោះ​អំឡុង​ពេល​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល យើង​រក​ឃើញ​ថា​ ច្បាប់​បម្រាម​ចំពោះ​កីឡាករ​ដែល​មាន​កាត​លឿង​៣ មិន​​អាច​​យក​មក​ប្រើ​ចំពោះ​រឿង​នេះ​ទេ ដោយ​សារ​មិន​មាន​ការ​ជូន​ដំណឹង​មក​កាន់​សាមី​កីឡាករ​ជា​មុន យោង​តាម​​មាត្រា​៤១”។

 

Pérez៖ “Real Madrid មិន​បាន​ដាក់​កីឡាករ​ជាប់​បម្រាម​ឲ្យ​លេង​នោះ​ទេ”

 

លោក​បាន​បន្ត​ថា៖ “វា​ជា​ចំណុច​សំខាន់ និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ច្បាប់ ដែល​ថា​ការ​ដាក់​បម្រាម​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សាមី​ខ្លួន។ Real Madrid ​មិន​បាន​ដឹង​រឿង​នេះ​ទេ។ ហើយ​ចាំ​បាច់​គឺ​ត្រូវ​មាន​ការ​ជូន​ដំណឹង​ដល់​កីឡាករ​ផ្ទាល់ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​តុលាការ​កីឡា”។

 

ប្រធាន​ក្លិប​ដដែល បាន​បន្ថែម​ដោយ​សង្កត់​ធ្ងន់​ថា៖ “ទោះ​បី​ជា​យើង​បាន​ដឹង​ពី​បម្រាម​នេះ​ក៏​ដោយ បម្រាម​នេះ​បាន​ចប់​បាត់​ទៅ​ហើយ ដោយ​យោង​តាម​មាត្រា​១១២​នៃ​ក្រម​វិន័យ ដែល​បាន​បញ្ជាក់​ថា ឆ្លង​កាត់​ការ​ប្រកួត​៣ជុំ រាល់​កាត​ទាំង​អស់​នឹង​ត្រូវ​លុប​ចោល។ យើង​ជឿជាក់​ថា​ បម្រាម​នេះ​គឺ​មិន​មាន​សុពលភាព​នោះទេ។ សរុប​មក​វិញ Real Madrid មិន​បាន​ប្រើ​កីឡាករ​ដែល​ជាប់​បម្រាម​នោះ​ឡើយ”។

 

Pérez៖ “Real Madrid មិន​បាន​ដាក់​កីឡាករ​ជាប់​បម្រាម​ឲ្យ​លេង​នោះ​ទេ”

Cheryshev ពេល​ស៊ុត​បញ្ចូល​ទី​ឲ្យ Real

 

បុរស​អេស្ប៉ាញ វ័យ​៦៨ឆ្នាំ​ ក៏​បាន​បញ្ជាក់​រឿង​ប្ដឹង​តវ៉ា​ផង​ដែរ ប្រសិន​បើ​ក្លិប​ត្រូ​វបាន​ទម្លាក់​ចេញ​មែន​នោះ​។ “យ៉ាង​ហោច​ណាស់ យើង​នឹង​អាច​ប្ដឹង​ករណី​នេះ​ទៅ​តុលាការ​កីឡា។ ប្រសិន​បើ​អ្នកណា​ម្នាក់​ធ្វើ​ខុស យើង​សូមទោស។ ប៉ុន្តែ​ប្រសិន​បើ​ ទាំង​កីឡាករ, សហព័ន្ធ និង Villarreal សុទ្ធ​តែ​មិន​បាន​ប្រាប់​យើង​ពី​រឿង​នេះ វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​យើង​អាច​ដឹង”។

 

រំលឹក​ផង​ដែរ​ថា រឿង​រ៉ាវ​ខាង​លើ​បាន​កើត​ឡើង​នៅ​ពេល Real Madrid ឈ្នះ​ក្រុម​ Cadiz ៣-១ នៅ​ក្នុង​ជើង​ទី​១ ជុំ​ទី​៤ នៃ​ពាន​រង្វាន់ Copa del Rey កាល​ពី​យប់​ថ្ងៃ​ពុធ។ ក្រោយ​ការ​ប្រកួត​នោះ Cadiz បាន​​តវ៉ា​ថា​កីឡាករ​រុស្ស៊ី Denis Cheryshev ដែល​ស៊ុត​គ្រាប់​ទី​១ឲ្យ Real គឺ​ជា​កីឡាករ​ដែល​ទទួល​កាត​លឿង​៣​ក្នុង​ពាន​រង្វាន់​នេះ​កាល​ពី​រដូវ​កាល​មុន (ពេល​ Villarreal ខ្ចី​ជើង)។ ប្រសិន​បើ​រក​ឃើញ​ដូច​ការ​លើក​ឡើង​របស់ Cadiz នោះ Real នឹង​ត្រូវ​ទម្លាក់​ចេញ​ពី​ពាន​រង្វាន់។

 

ចាំ​មើល​បន្តទៀត ថា​តើ Real នឹង​ត្រូវ​បន្ត​ប្រកួត​ទៀត ឬ​ក៏​ត្រូវ​ទម្លាក់​ចេញ? ​

 

ចុចអាន៖ Real ឈ្នះ Cadiz ៣-១ តែ​ប្រឈម​នឹង​ការ​ទម្លាក់​ ដោយ​សារ​ប្រើ​កីឡាករ​ជាប់​ពិន័យ

 

ប្រែ​សម្រួល៖ សុវត្ថិ

ប្រភព៖ Marca