ដាច់​កន្ទុយសណ្តោង​រថយន្ត​បែន​ដឹក​ដី​ប៉ះ​ក្មេង​ស្រី​សិស្ស​សាលា​២​នាក់​កំពុង​ជិះ​កង់​របួស​ធ្ងន់

ខេត្ត​កណ្តាល​ ៖ ក្មេង​ស្រី​សិស្ស​សាលា​២​នាក់​បាន​រង​របួស​ធ្ងន់​ ខណៈ​កំពុង​ជិះ​កង់​ឌុប​តាម​តាម​ចិញ្ចើម​ផ្លូវ​ត្រូវកន្ទុយ​សណ្តោង​រថយន្ត​បែន​ដឹក​ដី​​​ដាច់​បោក​មក​ប៉ះ​ កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣ ធ្នូ ២០១៥ នៅ​លើ​ដង​ផ្លូវ​លេខ​១១០ ស្ថិត​ក្នុង​ភូមិ​ឈើ​ទាល​២ ឃុំ​ឈើ​ទាល ស្រុក​កៀន​ស្វាយ ។

ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់ ឈ្មោះ​រឿន ស្រីកា អាយុ​១៤​ឆ្នាំ មុខ​របរ​សិស្ស (បាក់​ជើង​ឆ្វេង​) និង​ឈ្មោះ​សុភាស់ ស្រី​វីន អាយុ​៦​ឆ្នាំ ជា​សិស្ស​ (របួស​ក្បាល​ធ្ងន់)មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើតហេតុ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ក្មេង​ស្រី​ទាំង​២​នាក់​ជិះកង់​ឌុប​គ្នា​ចេញ​ពី​ផ្ទះ​ទៅ​សាលា​រៀន​ភាសា​ចិន​នៅ​ឯ​ភូមិ​ព្រែក​ស្វាយ​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ស្រាប់តែកន្ទុយ​សណ្តោង​​រថ​យន្ត​បង្ក​ម៉ាក​អ៊ី​ស៊ុយ​ហ្ស៊ុយ​ប្រភេទ​បែន​ដឹក​ដី​ ចំណុុះ២​តោន​កន្លះ​ ពណ៌​ខៀវ អត់​ស្លាក​លេខ​​បាន​ដាច់​មក​បោក​ប៉ះ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២នាក់​បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​តែ​ម្តង​ ចំណែក​​អ្នក​បើក​បររថ​យន្ត​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួនបាន​ភ្លាមៗដែរ ​​​មាន​​ឈ្មោះ​យ៉ុង វីណា ហៅ​គីល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៕