សាលា​រាជធានី​ភ្នំពេញ​សម្រេច​ទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស​មក​កប់​ក្នុង​ដី​វិញ

សាលា​រាជធានី​ភ្នំពេញ​សម្រេច​ទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស​មក​កប់​ក្នុង​ដី​វិញ

សាលា​រាជធានី​ភ្នំពេញ​មាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ស្ដី​ពី​ការ​ទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស មក​កប់​ក្នុង​ដី​វិញ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ធ្នូ ២០១៥​នេះ ដោយសារ​ការ​គ្រប់គ្រង​មិន​ទាន់​បាន​ល្អ​របស់​អាជ្ញាធរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្សែ​ទូរស័ព្ទ ខ្សែ​អ៊ិ​ន​ធឺ​ណេ​ត ខ្សែភ្លើង ខ្សែ​កា​ប្លិ៍​ទូរទស្សន៍ របស់​ក្រុមហ៊ុន​មួយ​ចំនួន បាន​អូស​រាយ​ប៉ាយ​គ្មាន​ច្បាប់ទម្លាប់ នៅ​លើ​បង្គោល​ភ្លើង​របស់​អគ្គិសនី​កម្ពុជា ដែល​បង្ក​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ទីក្រុង និង​អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេង​ៗ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា នៅ​លើ​បណ្ដោយ​វិ​ថី​ទាំង​៥ រួម​មាន​មហាវិថី​ព្រះ​នរោត្តម មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សហព័ន្ធ​រុ​ស្សី មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​ម៉ៅ​សេ​ទុង សម្រេច​ធ្វើការ​ទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស​ចុះ​មក​កប់​ក្នុង​ដី ជាមួយនឹង​តំណាង​ក្រសួង​-​អង្គភាព​ពាក់ព័ន្ធ មន្ទីរ​ជំនាញ អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​ជាមួយ​គ្នា ក្នុង​ការ​អនុវត្ត​ផែនការ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ប៉ា សុ​ជាតិ​វង្ស បាន​ប្រគល់​ភារកិច្ច​ជូន​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ត្រូវ​ជួប​ប្រជុំ​ជា​បន្ដ ជាមួយនឹង​តំណាង​គ្រប់​អង្គភាព និង​ក្រុមហ៊ុន​ទាំងអស់​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អាកាស​ នេះ ដើម្បី​ជម្រុញ​ការ​អនុវត្ត​ផែនការ​នេះ​ឲ្យ​បាន​ជោគជ័យ  ហើយ​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ផ្តល់​ផែនការមេ​ជូន​មក​សាលា​រាជធានី​ ភ្នំពេញ ដើម្បី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ផង​ដែរ​៕