លោក ប៉ែន បូណា ថា ប្រជាពលរដ្ឋភាគច្រើន ស្គាល់រដ្ឋសភា ជាងព្រឹទ្ធសភា

ភ្នំពេញ៖ ប្រធានក្លឹបអ្នកការសែតកម្ពុជា លោក ប៉ែន បូណា នៅព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានអះអាងថា ប្រជាពលរដ្ឋភាគច្រើន ស្គាល់រដ្ឋសភាជាងព្រឹទ្ធសភា ដោយសារតែរដ្ឋសភាមានលក្ខណៈងាយស្រួល ជាងព្រឹទ្ធសភាទាំងការចេញចូល និងទទួលបានព័ត៌មាន។

លោក ប៉ែន បូណា បានថ្លែងក្នុងសិក្ខាសាលា ស្ដីពីការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងដំណើរការសភាប្រជាធិបតេយ្យ នាវិមានព្រឹទ្ធសភាថា “ការទទួលបានព័ត៌មានមានភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា។ ជាទូទៅរដ្ឋសភា មានលក្ខណៈងាយស្រួល ជាងទាំងការចេញចូល ទាំងការទទួលបានព័ត៌មាន។ ម្យ៉ាងទៀត រដ្ឋសភាមានសកម្មភាព ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងព្រឹទ្ធសភា។ ហេតុដូច្នេះហើយ បានជាប្រព័ន្ធផ្សព្វផ្សាយ និយាយពីរដ្ឋសភាច្រើនជាងព្រឹទ្ធសភា។ ជាលទ្ធផលប្រជាពលរដ្ឋស្គាល់រដ្ឋសភាច្រើនជាងព្រឹទ្ធសភា”។

លោកបានបន្ថែមថា អ្នកសារព័ត៌មាននៅតែជួបប្រទះបញ្ហាមួយចំនួន ក្នុងពេលយកព័ត៌មានសភាដូចជា មានការកម្រិតចំនួនស្ថាប័ន សារព័ត៌មាន ក្នុងការចូលផ្ដិតយករូបភាព, កិច្ចប្រជុំខ្លះក្នុងព្រឹទ្ធសភា មិនបានប្រាប់ឲ្យអ្នកកាសែតដឹង, និងពេលខ្លះមានការបណ្ដេញ អ្នកការសែត ឬប្រើពាក្យមិនគួរគប្បីទៅលើអ្នកការសែត៕

លោក ប៉ែន បូណា ថា ប្រជាពលរដ្ឋភាគច្រើន ស្គាល់រដ្ឋសភា ជាងព្រឹទ្ធសភា