អគ្គនាយកដ្ឋាន ពន្ធដារឲ្យគ្រប់ សាខាពន្ធដា និងធនាគារ បន្តទទួលប្រាក់ពន្ធ និងប្រាក់ពិន័យលើ មធ្យោបាយដឹកជញ្ជូន និងយានជំនិះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានធ្វើការណែនាំឲ្យ គ្រប់សាខាពន្ធដារបន្តការ ទទួលប្រាក់ពន្ធ និង ប្រាក់ពិន័យ ពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៥។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយ លោក គង់ វិបុល នៅថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា “ខ្ញុំសូមជម្រាបលោកប្រធាន សាខាពន្ធដារគ្រប់ខេត្ដ-ខណ្ឌ លោកនាយកធនាគារ មេត្តាជ្រាបថា រយៈពេលនៃការប្រកាសបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទសម្រាប់ ឆ្នាំ ២០១៥ ត្រូវបានបិទបព្ចាប់ជាស្ថាពរហើយ កាលពីថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៥កន្លងទៅ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៦ តទៅអគ្គនាយកដ្ឋានពន្ធដារ នឹងដឹកនាំក្រុមការងារចម្រុះ ដើម្បីត្រួតពិនិត្យការអនុវត្ដការ ប្រកាសបង់ពន្ធ ប្រភេទនេះ ក្នុងក្របខណ្ឌទូទាំងប្រទេស”។

តាមប្រភពដដែលបន្ដទៀតថា ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យគ្រប់សាខាពន្ធដារខេត្ត-ខណ្ឌ និងស្នើ សាខាធនាគារ កាណាឌីយ៉ា អ.ក និង សាខាធនាគារ អេស៊ីលីដា ភី អិល ស៊ី ចាប់ពីថ្ងៃទី១-៣១ខែធ្នូ ឆ្នាំ២០១៥ ត្រូវបន្តទទួលយកការដាក់លិខិត ប្រកាសបង់ប្រាក់ពន្ធ និងប្រាក់ពិន័យចំពោះម្ចាស់ យានយន្តទាំងឡាយណាដែល ខកខាន មិនបានមកប្រកាសបង់ពន្ធ នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការ ប្រមូលពន្ធប្រភេទនេះ។

ដោយឡែកសម្រាប់មធ្យោបាយដឹកជញ្ជូនដែលមានបង្កាន់ដៃ បង់ពន្ធនាំចូលនៅ ក្នុងឆ្នាំ២០១៥ ឬមានប័ណ្ណសម្គាល់ យានយន្ត ដែលចេញដោយស្ថាប័នសាធារៈ និងដឹកជញ្ជូន នៅក្នុងខែធ្នូ ឆ្នាំ២០១៥ និងត្រូវអនុញ្ញាតឲ្យមានបង់ពន្ធ ដោយមិនទទួលរងនូវការផាកពិន័យឡើយ៕

អគ្គនាយកដ្ឋាន ពន្ធដារឲ្យគ្រប់ សាខាពន្ធដា និងធនាគារ បន្តទទួលប្រាក់ពន្ធ និងប្រាក់ពិន័យលើ មធ្យោបាយដឹកជញ្ជូន និងយានជំនិះ