បញ្ហាដំណេក​ ឬ ​ការគេងមិនលក់​ដោយលោក ​ហឿ​ សេធុល​ អ្នកឯកទេស​ចិត្ដសាស្រ្ដ​

បញ្ហាដំណេកឬ​ការគេងមិនលក់​ មានផលប៉ះពាល់​ដល់មនុស្សជាច្រើន​ ដែលយើងស្មានមិនដល់។ ​មានមនុស្សយាងតិច ​២០%  ឬ​ លើសពីនេះដែល​ទទួលរងការ​ប៉ះពាល់ដំណេក ​ឬគេងមិនលក់​នៅសហរដ្ឋអាមេរិក។ ​នៅក្នុង​ប្រទេសកម្ពុជា ​​ពុំមានស្ថិតិ​ណាបង្ហាញថា ​មានមនុស្ស​ប៉ុន្មាននាក់​ដែលប្រឈម​នឹងបញ្ហា​ដំណេក ​ឬការគេងមិន​លក់នោះទេ។ ​ តាមការសនិ្នដ្ឋានមាន​មនុស្សយ៉ាងច្រើន ​ប្រឈមនិងវិបត្ត​ដំណេក ​ឬការគេង​មិនបាននេះ។ ​មានមនុស្ស​មិនតិចទេ​បានរអ៊ូរទាំ​អំពីបញ្ហាការ​គេងមិនបាន​ម្តងម្កាល​ និងមួយចំនួនទៀត​បានបង្ហាញថា​ គេងមិនបាន​ជាច្រើនថៃ្ងមក​ហើយ។​ ការគេងមិនបានគ្រប់គ្រាន់ នាំ​ឲ្យមានផល​ប៉ះពាល់ ​និងការរំខានជាច្រើន ​ទៅលើកិច្ចការ​ប្រចាំថៃ្ង ​ការបើកបរ​ និងកិច្ចការ​សង្គមមួយចំនួន។​ តាមរយៈទំព័រ​ Cool News ​លោក ហឿ ​សេធុល​ (MA in Psychotherapy& Counseling,​ De La Salle University,​ Philippines) ​ អ្នកឯកទេសពិគ្រោះ​យោបល់ផ្លូវចិត្ដ ​និងជាអ្នកចិត្ដ​សាស្រ្ដ ​មកបកស្រាយ​ពីបញ្ហា​ដំណេក ឬការគេង​មិនលក់ដូចខាង​ក្រោមនេះ៖​
បញ្ហាដំណេក​ ឬ ​ការគេងមិនលក់​ដោយលោក ​ហឿ​ សេធុល​ អ្នកឯកទេស​ចិត្ដសាស្រ្ដ​

 យោងតាមសៀវភៅ​ DSM-IVTM  ​បញ្ហាដំណេកនិងការ​គេងមិនលក់មាន​បែងចែកដូចតទៅ៖  ​ បញ្ហាដំណេក​កំរិតបឋម ​(Primary Sleep Disorders) ​បញ្ហាដំណេក​ដោយមូល​ហេតុមាន​វិបត្តផ្លូវចិត្ត​(Sleeping Disorders Related to Another  Mental Disorder) ​ បញ្ហាដំណេកដោយមូល​ហេតុការប្រើ​ប្រាស់ថ្នាំ ​(Sleep Disorder Due to a General Medical Condition) ​បញ្ហាដំណេកដោយ​មូលហេតុការប្រើប្រាស់​សារធាតុញៀន​(Substance-Induced Sleep Disorder) ​។
1. បញ្ហាដំណេក​កំរិតបឋមៈ​ជាបញ្ហាដែល​ជាធម្មតាកើតមាន​ចំពោះមនុស្សទូ​ទៅភាគច្រើន​ តែមិនមានភាពធ្ងន់ធ្ងរ​ពេកនោះទេ ។​ ប៉ុន្តែវាមានការ​រំខាន​មួយចំនួនផងដែរ។ ​បញ្ហាដំណេក​កំរិតបឋមត្រូវ​បានបែងចែក​ចេញជាពីរទៀត​ ដែលមានដូចជាៈ ​
a. ប្រភេទទីមួយៈ ​ដែលហៅថា ​(Dyssomnias)  ​ការគេងមិនលក់នៅ​ក្នុងកម្រិតណា​មួយឬចំនួន​កំណត់ណាមួយ ​ពេល​វេលាជាក់លាក់ណាមួយ​ ឬ គុណភាព​នៃការគេងមិន​បានពេញភ្នែក។​ ហើយដែលកើត​មានជាច្រើន​រូបភាពមានដូចជាៈ​
• ករណីគេងមិនលក់​ពេលដល់ម៉ោងគេង ​ឬពិបាកគេងទៅ​វិញពេលភ្ញាក់​ពាក់កណ្តាល​អាធ្រាត ​និង ភ្ញាក់ពីដំណេក​ពេល​ព្រឹកព្រលឹមពេក​ដែលបណ្តាល​ឲ្យគេងមិនបានឆ្អែត​ ឬ​ គេងដែរតែហាក់​បីដូចជាមិនបានគេង​ (ហាក់បីដូចជាគេងគ្រប់​ម៉ោងតែពេលក្រោក​ពីគេងមានអារម្មណ៏​​ថាមិនបាន​គេងសោះ)។​ បញ្ហានេះត្រូវ​បានគេឲ្យឈ្មោះថា ​(Primary Insomnia)។ ​ក្នុងករណីនេះបញ្ហា​នៃការគេង​អាចបណ្តាល​មកពីកត្តាមួយ​ចំនួនដូចជាៈ​ អនាម័យមិនបានស្អាត​បាតឬបរិយាកាស​មិនល្អនៅកន្លែង​គេង ឬ​ធ្វើការងាររហូត​យប់ជ្រៅពេក​ទើបចូលគេង ​ការធ្វើលំហាត់​ប្រាណហួសកំលាំង​ក៏អាច​រួមចំណែក​ផងដែរ​ ការគេងថ្ងៃ​ច្រើនហួស​ប្រមាណ ឬ​ បណ្តាលមក​ពីពេលវេលា​នៃការចូលគេង​មិនទៀងទាត់​ជាដើម។​
• ករណីចេះតែង​ងុយគេង​ទាំងថ្ងៃ ​ដែលជាទូទៅ​កើតឡើង​ចំពោះអ្នក​ដែលមិនបាន​គេងគ្រប់​គ្រាន់នៅពេលយប់​ឬមានសកម្មភាព​ច្រើនពេក​នូវពេលយប់​ (Primary Hypersomnia) ​។ ករណីនេះ ​មិនមែនបណ្តាល​មកពីវិបត្ត​ផ្លូវចិត្ត ​   ឬ​បណ្តាលមកពី​បញ្ហាការប្រើប្រាស់​ថ្នាំអ្វីនោះទេ។ ​មុននិងកំណត់ថា​នរណាម្នាក់​មានបញ្ហានេះ​ អ្នកគួរតែស្វែងយល់​ពីការគេងរបស់​គេឲ្យបានគ្រប់​ជ្រុងជ្រោយ​ជាមុនសិន។ ​ជាទូទៅមនុស្សត្រូវ​ការេគងយ៉ាងតិច​៧ម៉ោងទៅ​៩ម៉ោងតាមវ័យ។ ​កូនក្មេងឬ​ទារកតូចៗ​អាចត្រូវការ​គេងច្រើនជាងនេះ ​ចំណែកមនុស្ស​ចាស់មូយចំនួន​ពេកវេលាគេង​អាចត្រូវការ​តិចជាងឬ​ប្រហាក់ប្រហែល ​៥ម៉ោងតែប៉ុណ្ណោះ។​
• ករណីចេះតែ​ចង់គេងថ្ងៃ​ដែលមិនអាច​អត់ទ្រាំបាន ​(Narcolepsy) ។ ​ក្រោយពីបានគេង​ថ្ងៃទើបមាន​អារម្មណ៏ស្រស់ថ្លា។ ​ករណីនេះអាច​កើតឡើងចំពោះ​អ្នកទម្លាប់គេង​ថ្ងៃ ​ឬវាក៏អាចបណ្តាល​មកពីបញ្ហា​រាងកាយមួយ​ចំនួនផងដែរ ។ ​គេជឿថាវា​អាច    ​ បណ្តាលមកពី​ការតានតឹងសាចដុំ ឬ ​ការប្រើខួរក្បាល​ច្រើនពេកទៅ​លើការងារ ឬ    ​ បណ្តាលមកពី​អារម្មណ៏តានតឹង​មួយចំនួនដូចជា​មានការខឹងសម្បារ​ច្រើនជាដើម​ ឬក៏អាចបណ្តាល​មកពីការគេង​មិនឆ្អែត​ដោយមូល​ហេតុផ្សេងៗ ​ដូចជាយល់​សុបិន្តច្រើន​ជាដើមនៅ​ពេលគេង​យប់ផងដែរ។​
• ករណីគេង​មិនបានដោយ​មូលហេតុទាក់ទង​និងខ្យល់ដង្ហើម ​ដែលកំណត់ដោយ​ការខ្វះអុកស៊ីហ្សែន​ក្នុងរាងកាយ​ (Breathing-Related Sleep Disorder) ។​ ជាទូទៅអ្នក​មានបញ្ហា​តែងតែរ​អ៊ូរទាំដោយសារ​ចេះតែងងុយ​គេងពេល​ថ្ងៃជាញឹក​ញាប់ ឬ​ ការគេងមិន​បានស្កប់នាពេល​យប់ដូចជាចេះតែភ្ញាក់ៗ​ពេលយប់។ ​ករណីនេះច្រើនកើត​មានឡើងជាទូទៅ​ចំពោះអ្នក​ឡើងទម្ងន់ហួសកម្រិត​ឬករណីអ្នកឡើង​ទម្ងន់ហើយ​ស្រម៉ុកជាដើម ​ដែលការដកដង្ហើម​ចេញចូល​ខុសប្រក្រតី (ដក​ដង្ហើមដាច់ៗ ​ពេលដកចេញ​ចូលម្តង)។ ​ក្នុងករណីនេះ​អ្នកដែលមាន​បញ្ហាមិនដឹងថា​ខ្លួនមានបញ្ហា​នោះទេ ។ ​ជាការល្អអាច​សួរនាំពីសមាជិក​គ្រួសារណា​ម្នាក់ដែលដឹងរឿង​ពីការគេងរបស់​គាត់។​
• ករណីចេះ​តែងងុយគេង​ឬផ្ទុយមកវិញ​គេងមិនបានតែ​ម្តង ឬស្ទើរ​គេងស្ទើរ​មិនគេង​ (Circadian Rhythm Sleep Disorder) ។ ​ករណីនេះអាច​កើតមានឡើង​ក្នុងករណីទាក់​ទងនិងពេល​វេលាមិនត្រូវគ្នា​ ដូចជាករណី​ខុសពេលវេលា​ដោយការធ្វើ​ដំណើរទៅ​ប្រទេសផ្សេង​ដែលខុសពេលគ្នា។​ ករណីខ្លះដោយសារ​ការពន្យា​ពេលចូល​គេងដោយមូល​ហេតុធ្វើកិច្ចការ​រហួតយប់​ជ្រៅពេក ​និងករណីខ្លះទៀត​ដោយសារ​ការផ្តូរម៉ោ​ងធ្វើការងារ​ជាដើម។​
b. ប្រភេទទីពីរៈ​ដែលគេឲ្យ​ឈ្មោះថា​ (Parasomnias) ​ការគេងមិនបានដោយ​សារមូល​ហេតុដែល​បណ្តាល​មកពីមានការ​តានតឹងអារម្មណ៍ ​ឬ មានហេតុការណ៍​ដែលបណ្តាល​ឲ្យមានការប៉ះ​ពាល់ផ្លូវចិត្ត ​ឬអ្នកមានបញ្ហា​អាចធ្លាប់​ជួបប្រទះ​ព្រឹត្តិការណ៏​ប៉ះទង្កិចផ្លូវ​ចិត្តក្នុងកម្រិត​ណាមួយ ​ដែលបណ្តាល​ឲ្យគេគេងសុបិន្ត​អាក្រក់ ​មានការតក់ស្លុត ​ភ័យរន្ធត់និង​គេងមមើរជាដើម​ ដែលអាចកើត​ឡើង​ អំឡុងពេល​គេងឬ​អំឡុងពេល​គេងស្ទើ​រលក់​(រលីវ)ជាដើម ។​
• ករណីគេងសុបិន្ត​អាក្រក់​ (Nightmare Disorder)​ គឺកំណត់បានដោយ​ករណីយល់​សុបិន្តដែលធ្វើ​ឲ្យរន្ធត់ភ័យខ្លាច ​ដែលបណ្តាល​ឲ្យភ្ញាក់ហើយ​គេងវិញ​មិនបាន។​ អ្នកដែលមាន​បញ្ហាសុបិន្ត​អាក្រក់នេះ​ជាទូទៅតែង​តែភ្ញាក់​ និងនឹក​ឃើញ​ឡើងវិញ​អំពីការ​យល់សុបិន្ត​នោះទាំងអស់។​ ក្នុងករណីធ្ងន់​ធ្ងរអ្នកមាន​បញ្ហាអាចនិងព្យាយាម​ឈប់គេងតែ​ម្តង ឬជួនកាល​យល់សុបិន្ត​អាក្រក់អាចកើត​ឡើងសូម្បី​តែពេលគេង​ស្ទើលក់ ​(រលីវ)។​
• ករណីគេងជួប​ការតក់ស្លុតឬ​រន្ធត់ ​(Sleep Terror Disorder)​ គឺកំណត់​បានដោយការ​គេងមិនប្រក្រតី​ ភ្ញាក់ក្រញ៉ាងដោយ​សារយល់សុបិន្ត​ដែលធ្វើ​ឲ្យរន្ធត់​ ឬស្រែក​ដោយភ័យ​រន្ធត់ដែល​អាចមានរយះ​ពេលរហូត​ដល់ទៅ​ ១ទៅ១០នាទី​ តែ​ធាតុពិតអ្នកមាន​បញ្ហាមាន​លក្ខណស្ទើរ​ភ្ញាក់ស្ទើរ​គេង។​ វាមានលក្ខណះ​ផ្ទុយពីការគេង​យល់សុបិន្ត ​អាក្រក់ អ្នកមាន​បញ្ហានឹងការគេង​ជួបការរន្ធត់​មិនងាយនឹងភ្ញាក់ ​ឬភ្ញាក់មិនបានតាម​សម្រួល។ ​គេមិនអាចចាំ​អំពីការសុបិន្ត​របស់គេនោះ​ទេ។​
• ការគេងមមើរ ​(Sleep walking Disorder) ​ដែលកំណត់ឡើងដោយការ​លេចឡើង​ នូវអាកប្បកិរិយា​មិនប្រក្រតី​យ៉ាងស្មុកស្មាញ​ក្នុងពេលគេង។​ ទាំងនោះអាច​រួមមាន​ក្រោកអង្គុយ​ ឬដើរទៅញាំអារហារ​ និយាយ​តែឯង​ ឬដើរចុះ​ឡើង​ក្នុងផ្ទះ ឬ​ ជួនកាលអាចដើរ​ចេញក្រៅផ្ទះ​ពេលកំពុង​តែគេង​ជាដើម​.....នៅមាន(ត)៕ ​​
អត្ថបទ៖ ដេវីដ