អាហ្វហ្គានីស្ថាន ៖ មេដឹកនាំ តាលីបង់ ទទួលមរណភាព ហើយ

កាប៊ុល៖ ទីបំផុត មេដឹកនាំកំពូល របស់ក្រុមតាលីបង់ ក្នុងប្រទេស អាហ្វហ្គានីស្ថាន គឺលោក មូឡាហ៍ អាកតា ម៉ាន់សួរ បានទទួលមរណភាព ហើយ នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ ២០១៥ នេះ បន្ទាប់ពី ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីព្រហស្បតិ៍។ នេះបើតាមការផ្សាយពី ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ។

កាលពីពេលមុននេះ មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា មេដឹកនាំកំពូលរបស់ តាលីបង់ ខាងលើនេះ បានទទួលរងរបួស ជាទម្ងន់ នៅក្នុងការបាញ់បោះដាក់គ្នា យ៉ាងព្រៃផ្សៃ ជាមួយនឹង មេបញ្ជាការជាច្រើនរូប ក្នុងជួរថ្នាក់ដឹកនាំរបស់ខ្លួន ទៅលើរឿងបែងចែក កម្លាំង ទៅតាមតំបន់ផ្សេងៗ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

យ៉ាងណាក៏ដោយ ព័ត៌មាននេះ គឺជារឿងមិនល្អនោះទេ សម្រាប់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន និង បណ្តាប្រទេសមួយចំនួន ក្នុងតំបន់ ក៏ព្រោះតែកាលពីពេលថ្មីៗនេះ  ភាគីវិវាទនៅ អាហ្វហ្គានីស្ថាន បាន និង កំពុងតែត្រៀមរៀបចំកិច្ចពិភាក្សាចរចាសន្តិភាពឡើងវិញ។ បញ្ហា កិច្ចចរចា សន្តិភាព ដែល គ្រោងធ្វើឡើងនោះ ក៏ទំនងជាបញ្ហាមួយ ដែលនាំឲ្យជួរថ្នាក់ដឹកនាំ កំពូល របស់តាលីបង់ឈ្លោះប្រកែក ដល់ថ្នាក់បាញ់បោះដាក់គ្នានោះផងដែរ៕

អាហ្វហ្គានីស្ថាន ៖ មេដឹកនាំ តាលីបង់ ទទួលមរណភាព ហើយ