ក្រសួងមហាផ្ទៃ បង្កើត​ក្រុម​អ្នកនាំពាក្យ សម្រាប់​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ​

ភ្នំពេញ: ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុម​អ្នកនាំពាក្យ សម្រាប់​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ គឺ​ដើម្បី​ធ្វើ​ទំនាក់ទំនង និង​ឆ្លើយឆ្លង​ព័ត៌មាន​ជា​ផ្លូវការ ជាមួយ​សាធារណៈជន និង​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​។

​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីសម្រេច ស្តីពី ការបង្កើត​ក្រុម​អ្នកនាំពាក្យ សម្រាប់​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ គឺ​ដើម្បី​ធ្វើ​ទំនាក់ទំនង និង​ឆ្លើយឆ្លង​ព័ត៌មាន​ជា​ផ្លូវការ​ជាមួយ​សាធារណៈជន និង​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ស្របតាម​គោលនយោបាយ និង​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងមហាផ្ទៃ និង​រៀបចំ​សេចក្តីប្រកាស​ព័ត៌មាន ការឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ ឬ​ផ្ទាល់មាត់ ជូន​សាធារណជន និង​បណ្តាញ​ព័ត៌មាន​ផ្សេងៗ ដោយមាន​ការឯកភាព​ពី​ប្រធាន​អង្គភាព​ផ្ទាល់ ឬ​/​និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​។ បំពេញភារកិច្ច​ផ្សេងៗ​ទៀត តាម​ការប្រគល់​ភារកិច្ច​របស់​គ្គ​នាយក និង​ប្រធាន​អង្គភាព​សា​ម៉ី​។​
​    ​
​នៅក្នុង​សេចក្តី​សម្រេចបាន​ឲ្យ​ដឹងថា ប្រគល់​ភារកិច្ច​ជូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​ក្រសួងមហា​ផ្ទៃ ធ្វើការ​បណ្តុះបណ្តាល​ការងារ​ជំនាញ​អ្នកនាំពាក្យ​ដល់​ក្រុម​អ្នកនាំពាក្យ សម្រាប់​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ និង​ផ្តល់​បទពិសោធន៍​ក្នុង​ពេល​បំពេញភារកិច្ច​តាម​ការចាំបាច់​៕​