បើក​វគ្គ​បណ្តុះបណ្តាល ដល់​អ្នក​បម្រើការ​នៅតាម​គ្រឹះស្ថាន​សារ​ធារ​ណៈ និង​ឯកជន ពី​ភាព​ច្នៃប្រឌិត និង​ភាពជា​អ្នកដឹកនាំ​

ភ្នំពេញ: ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន CJCC កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ បានរៀបចំ​សិក្ខាសាលា ដើម្បី​ផ្តល់ឱកាស​ដល់​មន្ត្រី​និយោជិត និង​និយោជក ដែល​កំពុង បម្រើការ​នៅតាម​គ្រឹះស្ថាន​សារ​ធារ​ណៈ និង​ឯកជន បាន​ចូលរួម ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់ ក្រោម​ប្រធានបទ "​ភាព​ច្នៃប្រឌិត ភាពជា​អ្នកដឹកនាំ​សាធារណៈ និង​ការ​គ្រប់​គ្រង​អាជីវកម្ម អោយមាន​និរន្ត​ភាព​"​។ សិក្ខាសាលា​នោះ មានការ​ចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​អគ្គនាយករង តាម​ស្ថាប័នរដ្ឋ និង​ឯកជន​មួយចំនួន​ផងដែរ​។​

​លោក ឃឹម លាង ប្រធាន​ផ្នែក​បណ្តុះបណ្តាល​អាជីវកម្ម និង​ហិរញ្ញវត្ថុ នៃ​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ត​ការ​កម្ពុជា​-​ជប៉ុន CJCC បានអោយដឹងថា ដោយសារ​ប្រទេស​កម្ពុជា ស្ថិតក្នុង​ដំណាក់កាល​កែទម្រង់​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវការ​ភាព​ច្នៃប្រឌិត ដើម្បី​បង្កើត​គំនិត និង​ចំណេះដឹង​ថ្មីៗ សំរាប់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅក្នុង​ស្ថាប័ន ទើ​បង្កើតអោយមាន​សិក្ខា​សិលា​នេះ​ឡើង លោក ឃឹម លាង បាន​បន្ត​អោយដឹងថា សិក្ខាសាលា​នេះ ក៏មាន​ការអញ្ជើញ​វាគ្មិន ជា​សាស្ត្រាចារ្យ មកពី​សកល​វិទ្យាល័យ​ល្បីឈ្មោះ ពី​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​បទ​បង្ហាញ​ផងដែរ​។​

​ក្រៅពី​សិក្ខាសាលា​នេះ និង​មាន​ការបើក​សិក្ខាសាលា​មួយទៀត ដែល​បើកទូលាយ​អញ្ជើញ​អោយចូល​រួម​ជា​សាធារណៈ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ស្អែក​នេះ ដែលមាន​សិក្ខាកាម​ចូលរួម​ប្រមាណ ២០០​នាក់ មកពី​ស្ថាប័ន​ផ្សេងៗ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្រោម​ប្រធានបទ ភាពចាំបាច់​នៃ​ការគ្រប់គ្រង​ថ្នាក់កណ្តាល និង​វិធីសាស្ត្រ​នៃ​ការបណ្តុះបណ្តាល និង​ធ្វើ​បទ​បង្ហាញ ដោយ​សាស្ត្រាចារ្យ​ល្បីឈ្មោះ​ពី​សកល​វិទ្យាល័យ​ប្រទេស​ជប៉ុន Hitotsubashi៕​H/S

បើក​វគ្គ​បណ្តុះបណ្តាល ដល់​អ្នក​បម្រើការ​នៅតាម​គ្រឹះស្ថាន​សារ​ធារ​ណៈ និង​ឯកជន ពី​ភាព​ច្នៃប្រឌិត និង​ភាពជា​អ្នកដឹកនាំ​