សង្គម​ស៊ីវិល​ផ្ដល់​អនុសាសន៍​កែ​លម្អ​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

បន្ទាប់ពី​ដាក់​ឲ្យ​មាន​ការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា សង្គម​ស៊ីវិល តំណាង​គណបក្ស​នយោបាយ និង​តំណាង គ.ជ.ប នៅ​ថ្ងៃ​ទី​៣ ធ្នូ បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ដំណើរ​ការ​នៃ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​នេះ។ ពួកគេ​បាន​រក​ឃើញ​ថា មាន​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​កែ​លម្អ​ដើម្បី​ធានា​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ពេល​ខាង​មុខ ប្រព្រឹត្តទៅ​មាន​ប្រសិទ្ធភាព។

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) រក​ឃើញ​ថា ការ​អនុវត្ត​នៃ​បទបញ្ជា និង​នីតិវិធី​ការ​រៀបចំ​សម្ភារៈ​នៅ​ក្នុង​ការ​អនុវត្ត​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង ត្រូវការ​កែ​លម្អ និង​ពង្រឹង​បន្ថែម​ទៀត។

លោក គល់ បញ្ញា តំណាង​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ថ្លែង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិបាក​ពិនិត្យមើល​ឈ្មោះ​ឡើង​វិញ ដោយសារ​កត្តា​ភាព​មិន​ចេះ​អក្សរ និង​ការ​ខ្វះខាត​ឯកសារ​ផ្លូវការ​ដើម្បី​ផ្ទៀងផ្ទាត់៖ «នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប្រសិនបើ​មន្ត្រី​ហ្នឹង​សរសេរ​ខុស យើង​ឲ្យ​គាត់​វាយ (កុំព្យូទ័រ) ឡើង​វិញ តែ​បើ​ថា វា​ត្រូវ យើង​យក​សន្លឹក​ចុង​ប័ណ្ណ​ហ្នឹង ឲ្យ​អ្នក​បោះ​ឆ្នោត​កាន់​ណា​ហ្នឹង​ទៅ។ មាន​ព័ត៌មាន​តាំង​ពី​ការិយាល័យ​បោះ​ឆ្នោត។ គាត់​អាច​ដឹង​ថា គាត់​បាន​ចុះឈ្មោះ​ហើយ​ គាត់​ដឹង​ពី​ការិយាល័យ​បោះឆ្នោត​ថា គាត់​ត្រូវ​ទៅ​បោះ​នៅ​ណា»

​ចំណុច​មួយ​ទៀត​នោះ ការ​ដែល​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​បញ្ជូន​ទិន្នន័យ​រៀងរាល់ ១០​នាក់​ម្ដង តាម​សេវា​អ៊ីនធឺណិត មក​កាន់​មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់ គ.ជ.ប មាន​ភាព​ស្មុគស្មាញ និង​រំខាន​ដល់​ក្រុម​អ្នក​ចុះ​ឈ្មោះ​ឆ្នោត មិន​អាច​ចុះឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​កំណត់។

ក៏​ប៉ុន្តែ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប ពន្យល់​ថា គ.ជ.ប បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ថា ប្រសិនបើ​មន្ត្រី​របស់​ខ្លួន​សល់​ពេល​បន្ទាប់​ចុះ​ឈ្មោះ​ហើយ អាច​ផ្ញើ​ទៅ គ.ជ.ប ក្នុង​រយៈពេល ១​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ម្ដង​ក៏​បាន។លោក​បន្ថែម​ថា វា​ក៏​អាស្រ័យ​ទៅ​សេវា​អ៊ីនធឺណិត ផង​ដែរ ប្រសិនបើ​មាន​អ៊ីនធឺណិត មន្ត្រី​ចុះឈ្មោះ​អ្នក​បោះ​ឆ្នោត​អាច​ផ្ញើ​បាន​ភ្លាមៗ​ក៏​បាន​ដែរ។

ការសង្កេត​របស់​អឺ​រ៉ា ក៏​បង្ហាញ​ថា ឧបករណ៍​ដែល​ប្រើប្រាស់​នៅ​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត មិន​គ្រប់គ្រាន់​ផង​ដែរ ដូចជា​គ្មាន​កុំព្យូទ័រ​គ្រប់គ្រាន់ ហើយ​កុំព្យូទ័រ​ខ្លះ​ឆាប់​អស់​ថ្ម ហើយ​នៅ​តំបន់​ដាច់ស្រយាល​គ្មាន​អគ្គិសនី។

​ដំណើរ​ការ​ធ្វើ​ការងារ​របស់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ចំណាយ​ពេល​ចន្លោះ​ពី ៦​នាទី ទៅ ១០​នាទី សម្រាប់​ចុះ​ឈ្មោះ​មនុស្ស​ម្នាក់។ លោក គល់ បញ្ញា ឲ្យ​ដឹង​ថា ពេលវេលា​នេះ​លើស​ពី​ស្តង់ដារ ដែល​ត្រូវការ​ត្រឹម ៥​នាទី​យ៉ាង​ច្រើន។

នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​សរុប​ជាង ៩,៦​លាន​នាក់។

បន្ថែម​ទៀត​នោះ សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​បង្ហាញ​ថា ប្រជាពលរដ្ឋ​ចំនួន ៥៤​ភាគរយ នៃ​អ្នក​ចុះឈ្មោះ​បោះ​ឆ្នោត​បាន​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង។

​លោក ហង្ស ពុទ្ធា បាន​ពន្យល់​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​សាកល្បង​នេះ​មាន​កម្រិត​មធ្យម។ លោក​ថា អ្នក​មួយ​ចំនួន​ទៅ​ចុះឈ្មោះ​តែ​ម្នាក់​ក្នុង​មួយ​គ្រួសារ ហើយ​អ្នក​ខ្លះ​មិន​សូវ​ផ្ដល់​តម្លៃ​ដល់​ការ​ចុះ​ឈ្មោះ​សាកល្បង​នេះ ដោយសារ​ពួកគេ​គិត​ថា នេះ​គ្រាន់តែ​ជា​ការ​សាកល្បង ហើយ​អ្នក​ខ្លះ​ទៀត​ជាប់​រវល់​បំពេញ​ការងារ។

បើ​ទោះ​ជា​​មាន​ការ​ខ្វះខាត​បែប​នេះ​ក្ដី តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan Hea Lee) កោតសរសើរ​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​ដែល​មក​អង្គុយ​ជុំ​គ្នា​ពិភាក្សា​រក​ដំណោះស្រាយ​រួមគ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។