៨​ចំណុច​ជួយ​ដល់​អាជីវកម្ម​រីក​លូតលាស់​គ្រប់​ស្ថានការណ៍

នៅ​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ខ្លាំង ការ​លក់ទំនិញ​មិន​ដាច់ តើ​គួរ​ធ្វើ​យ៉ាងណា​ទើប​ល្អ ? ការ​ចោទសួរ​ទាំងនេះ​ចេញពី​អ្នក​ប្រកប​អាជីវកម្ម​គ្រប់​រូប​ទាំង​មាន​ចំណូល​ទាប និង​ខ្ពស់ ព្រោះ​លក្ខខណ្ឌ​សេដ្ឋកិច្ច​មិន​ស្ថិត​ក្នុង​ភាព​ប្រាកដប្រជា​ទេ ប្រសិនបើ​យើង​ត្រូវ​ជួបនឹង​បញ្ហា​សេដ្ឋកិច្ច​បែប​នេះ តើ​គួរ​ធ្វើ​យ៉ាងណា​ឱ្យ​ល្អ​ឡើង​វិញ ? យើង​គួរតែ​ថែរក្សា​អាជីវកម្ម​បែប​ណា​នៅ​ពេល​ជួប​បញ្ហា និង​គួរ​មាន​យុទ្ធសាស្ត្រ អ្វីខ្លះ​សម្រាប់​ជួយ​ដល់​អាជីវកម្ម​របស់​យើង​ឱ្យ​រីក​លូតលាស់ ដោយ​មិន​គិត​ស្ថានភាព​សេដ្ឋកិច្ច ? យើង​អាច​សាកល្បង​ដូច​ខាងក្រោម​នេះ ៖

១-​ប្រើ​ដើមទុន​តិច ទទួល​បាន​ចំណេញ​ច្រើន
ការ​ប្រើ​ដើមទុន​តិច ហើយ​ទទួល​បាន​ចំណេញច្រើន​នោះ គឺជា​សិល្បៈមួយ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ។ វិធីសាស្ត្រ នេះ​មាន​ជា​យូរហើយ​តាំងពី​អតីត កាល​មក​ម្ល៉េះ ។ ពេលវេលា​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​ជោគជ័យ ចាត់​ទុក​ថា​ជា​វិធី​ល្អ​បំផុត​មួយ ។

បច្ចុប្បន្ន​នេះ ការ​ចូល​ទៅ​កាន់​ទីផ្សារ​ដោយ​ការ​ប្រើ​ដើមទុន​តិចតួច ប៉ុន្តែ​អាច​ទទួល​បាន​ផល​ច្រើន គឺ​តាម​រយៈ​ទីផ្សារ​ក្នុង​ប្រព័ន្ធ Social Network ដោយសារ​តែ​សព្វ​ថ្ងៃនេះ តួលេខ​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ៗ ក៏​ចាប់ផ្តើម​កើន​ឡើងជា​បណ្តើរ​ៗ​ផង​ដែរ ។

វិធី​សាស​ពី​មុន​នឹង​បាត់បង់​អស់​ក្នុង​ពេល​អនាគត ប្រសិនបើ​អ្នក​ប្រកប​អាជីវកម្ម​បាន​ប្រតិបត្តិ​យុទ្ធសាស្ត្រ​នេះ នឹង​អាច​ជួយ​ដល់​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​មាន​កម្លាំង​មហាសាល និង​ជំរុញ​ឱ្យ​អតិថិជន ព្រមទាំង​សេវា​របស់​យើង​ដំណើរការ​ទៅ​យ៉ាង​រលូន ។

២-​កែ​លម្អ​គុណភាព​ផលិតផល​ជា​ប្រចាំ
នៅ​ពេល​ដែល​សេដ្ឋកិច្ច​ល្អ​ចម្រើន​រុងរឿង សហគ្រិន​អាច​ចំណាយពេល​ស្ទើរតែ​ទាំងអស់​ជាមួយ​ការ​ផលិត​ទំនិញ​ឱ្យទាន់​តម្រូវការ​របស់​អតិថិជន ប៉ុន្តែ​នៅ​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ រយៈពេល​ផលិត​ក៏​ចុះ​ថយ វា​អាច​ជា​ឱកាស​សម្រាប់​សហគ្រិន​ធ្វើការ​អភិវឌ្ឍន៍ និង​កែ​លម្អ​គុណភាព​ទំនិញ កែ​លម្អ​ប្រព័ន្ធ​ក្នុង​ការ​ផលិត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ពីព្រោះ​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ នឹង​មាន​ថ្ងៃ​ណាមួយ​អាច​ប៉ះពាល់​ដល់​យើង​មិន​ខាន​។ ដូចនេះ​គួរ​ប្រើ​ពេលវេលា​នោះ​មក​កែសម្រួល​ទំនិញ និង​សេវា​របស់​ខ្លួន​ឱ្យ​បាន​ល្អ​វិញ ហើយ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​មាន​លក្ខណៈ​ល្អ​ដូច​ដើម​នោះ ម្ចាស់​អាជីវកម្ម​នឹង​បាន​ទទួល​ជោគជ័យ ។ នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ការ​ប្រកប​អាជីវកម្ម​បាន​គ្រប់ពេល ។

៣-​លក់​ក្នុង​តម្លៃ​ថោក​តាម​រដូវ​កាល
នៅ​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ ការ​លក់ ទំនិញ​អាច​មិន​ស្រប​តាម​ពេលវេលា និង​ស្ថានភាព​សេដ្ឋកិច្ច​។ ពេលវេលា ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​យើង​ដួល​បាន​ដោយ​ងាយ ។ ប្រសិនបើ​ជួប​នូវ​កង្វះខាត​ធ្ងន់ធ្ងរ ម្ចាស់​អាជីវកម្ម​អាច​ធ្វើការ​បញ្ចុះតម្លៃ​ទំនិញ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ពេលវេលា​បាន ។

៤-​រក្សា​ការ​ស្ងប់ស្ងាត់
យុទ្ធសាស្ត្រ​នេះ ការ​ពិត​វា​មាន​យូរហើយ នៅ​ពេល​ស្ថានភាព​ទីផ្សារ​មិនល្អ ការ​ពង្រីក​អ្វីមួយ​ខ្លាំង​ពេក ក៏​អាច​ធ្វើ​ឱ្យ​កិច្ចការ​នោះ​បាត់បង់​បាន​ដែរ ពេល​ខ្លះ​ការ​នៅ​ស្ងប់ស្ងៀម​ដើម្បី​ឱ្យ​ព្យុះ​នោះ​កន្លង​ហួស​ទៅ ក៏​ជា​យុទ្ធសាស្ត្រ ល្អ​មួយ​ដែរ​។ ការ​អត់ធ្មត់ ឬ​ស្ងប់ស្ងាត់​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​ល្អ ដែល​មិន​គួរ​មើល​រំលង​ក្នុង​ពេល​ចាំបាច់ ។

៥-​សន្សំ​ស្បៀង​ដើម្បី​ផ្គត់ផ្គង់ គឺជា​រឿង​ល្អ
ម្ចាស់​អាជីវកម្ម ពេល​ខ្លះ​ក៏​មិនដឹង​ថា ភាព​ជាប់​គាំង​នៃ​អាជីវកម្ម​របស់​ខ្លួន​នឹង​ត្រឡប់​មក​វិញ​ពេល​ណា​ទេ ប៉ុន្តែ​ការ​ត្រៀមខ្លួន និង​រក្សា​ទុក​ស្បៀង​ក្នុង​ឃ្លាំង​សម្រាប់​ប្រើ​នៅ​ពេល​បន្ទាន់​នោះ នឹង​ជួយ​កាត់​បន្ថយ​ការ​លំបាក​ខ្លាំង​ឱ្យ​ធូរស្រាល​បាន ។ ការ​សន្សំទុក​នេះ​អាច​ធ្វើ​ឱ្យប្រាក់​ចំណេញ​កើនឡើង សន្សំ​ឥណទាន សូ​ម្បី​តែ​ធនធានមនុស្ស ក៏​ត្រូវ​ត្រៀម​ទុក​ដូច​គ្នា ។

៦-​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍
អាជីវកម្ម​ណា​ដែល​នៅ​ទ្រឹង មាន​ន័យ​ថា អាជីវកម្ម​នោះ​ដើរ​ថយក្រោយ​ហើយ ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​អាច​ជំរុញ​ឱ្យ​អាជីវកម្ម​រីក​លូតលាស់​ទៅ​មុខ​បាន ទាំង​ក្នុង​ពេល​ធម្មតា និង​ពេល​ជួប​វិបត្តិ​សេដ្ឋកិច្ច ។ ម្ចាស់​អាជីវកម្ម​ដែល​ឆ្លាត មិន​គួរ​នៅ​ឈ្ងៀម​ទេ គួរតែ​ធ្វើការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិតផល​របស់​ខ្លួន ហើយ​ត្រូវ​មាន​សេវា​ល្អជា​ប្រចាំ​ផង​ដែរ ។

៧-​រឹតចំណង​មិត្តភាព​ជាមួយ​អតិថិជន
នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ យើង​ត្រូវ​ចូល​ទៅ​ជិត​អតិថិជន​ឱ្យ​កាន់តែ​ច្រើន ទោះបីជា​អតិថិជន​មិន​អាច​ទិញ​ទំនិញ​របស់​យើង​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​យើង​ចេះ​ថែរក្សា​សម្ព័ន្ធភាព​ជាមួយ​អតិថិជន​ល្អជា​និច្ច​នោះ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ត្រឡប់​ទៅ​រក​ភាពល្អ​ប្រសើរ​វិញ អតិថិជន​នឹង​មក​រក​យើង និង​គិត​ពី​យើង​មុន​ដៃគូ​ប្រជែង​របស់​ខ្លួន។

៨-​ត្រៀមខ្លួន​ឱ្យ​ស្រេច​លើ​គ្រប់​ស្ថានការណ៍
យុទ្ធសាស្ត្រ​ចុង​ក្រោយ​នេះ គឺជា​ការ​រួម​បញ្ចូល​គ្នា​នូវ​គ្រប់​យុទ្ធសាស្ត្រ​ទាំងអស់​ខាងលើ ទាំង​ការ​ថែរក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន ត្រៀម​ការ​ផ្គត់ផ្គង់​ស្បៀង ស្រាវជ្រាវ និង​អភិវឌ្ឍ និង​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ឱ្យ​ស្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច ។

កត្តា​ទាំង​អស់នេះ​នឹង​ជួយ​ឱ្យ​សហគ្រិន​អាច​ត្រៀមខ្លួន​ជា​ស្រេច​ពី​គ្រប់​ស្ថានការណ៍ និង​មិន​ភ្លាត់ស្នៀត​ពេល​ជួប​វិបត្តិ​សេដ្ឋកិច្ច ថែម​ទាំង​អាច​ចាប់​យក​ឱកាស​ដ៏​ល្អ​បាន​នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​វិល​មក​ប្រក្រតី​វិញ ៕