ធនាគារ​ចិន​ផ្តល់​ហិរញ្ញប្បទាន​10​លាន​ដុល្លារ​ដល់​ប្រា​សាក់

រាជធានី​ភ្នំពេញ ៖ ធនាគារ​ចិន សាខា​ភ្នំពេញ បាន​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​១០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ សម្រាប់​បង្កើន​កម្ចី​ឥណទាន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា ក្នុង​នោះ ២​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ឥណទាន​មាន​រយៈពេល​៣​ឆ្នាំ និង​៨​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​ឥណទាន​វិ​បា​រូប​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​រួម​រវាង​ធនាគារ​ចិន​សាខា​ភ្នំពេញ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ។

ក្នុង​សេចក្តី​ប្រកាស​នេះ​បញ្ជាក់​ថា តាម​រយៈ​ហិរញ្ញប្បទាន​របស់​ធនាគារ​ចិន​នេះ នឹង​ជួយ​ឱ្យ​ប្រា​សាក់​អាច​ពង្រីក​វិសាលភាព​លើ​ការ​ផ្តល់​ឥណទាន​ជូន​ដល់​អាជីវកម្ម​ខ្នាត​តូច​ៗ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ទៅ​ចំណូល​មធ្យម​ផង​ដែរ ក្នុង​នោះ​៨៥​ភាគរយ​នៃ​អតិថិជន ជា​ស្ត្រី​ដែល​មាន​ក្នុង​ផលប​ត្រ​ឥណទាន​បច្ចុប្បន្នក្នុង​ប្រា​សាក់ ។ ហិរញ្ញប្បទាន​នេះ​បាន​ជួយ​ជំរុញ​ឱ្យ​ប្រា​សាក់​មាន​លទ្ធភាព​ផ្តល់​ឥណទាន​ជូន​ដល់​អតិថិជន​គោលដៅ​ផង​ដែរ ជា​ពិសេស សហគ្រាស​ខ្នាត​តូច និង​មធ្យម​ឱ្យ​កាន់តែ​ច្រើន​ជាង​មុន និង​ផ្តល់​ដល់​អតិថិជន​នៅ​តាម​ទី​ជនបទ ដែល​ពួក​គាត់​ភាគច្រើន​គ្មាន​លទ្ធភាព​ទទួល​បាន​ឥណទាន ។

វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បច្ចុប្បន្ន មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​មាន​អត្រាកំណើន​ប្រចាំឆ្នាំ ស្មើនឹង​ជាង​៣០​ភាគរយ​ក្នុង​រយៈពេល​ប្រមាណ​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជិត​២​លាន​នាក់ ។ ទោះបីជា​យ៉ាងណា តម្រូវការ​ឥណទាន​នៅ​តែ​មាន​ទំហំ​ធំធេង​នៅ​ទ្បើ​យ ។

ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​នេះ​ដែរ ធនាគារ​ចិន​ក៏​មាន​គោលដៅ​ចម្បង​មួយ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ក្រុមហ៊ុន​ក្នុងស្រុក ក៏​ដូច​ជា​គាំទ្រ​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​កម្ពុជាប្រកបដោយ​និរន្តរភាព ។ គោលដៅ​នេះ​ផ្តោត​សំខាន់​ទៅ​លើ​តម្រូវការ​របស់​អតិថិជន ពង្រឹង​ការ​គ្រប់គ្រង​ហានិភ័យ ពង្រឹង​យន្តការ​នៃ​ការ​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ប្រសើរ ជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម និង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​បង្កើត​ឱ្យ​មានការ​អនុវត្ត​ការងារ​ដ៏​ល្អ​ស្រប​នឹង​គោលដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ ក្នុង​ការ​បម្រើ​សង្គម ព្រមទាំង​ជំរុញ​ឱ្យ​មាន​ភាពល្អ​ឥត​ខ្ចោះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៥​នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ចំនួន​១.០០៣​លាន​ដុល្លារ​អា​មេ​រិ​ក​, ដើមទុន​ចុះបញ្ជី​ចំនួន​៧២​លាន​ដុល្លារ​អា​មេ​រិ​ក​, ផ្តល់​ឥណទាន​សរុប​ចំនួន​៨៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ជូន​អតិថិជន​សេវា​ឥណទាន​ចំនួន​៣១៤​ពាន់​នាក់​, ទទួល​បាន​ប្រាក់​បញ្ញើ​សន្សំ​ចំនួន​៤៤៣​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​អតិថិជន​បញ្ញើ​សន្សំ​ចំនួន​៤៤០​ពាន់​នាក់ និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹ​ម​ចំនួន​១០១​គ្រឿង​ទៀត ៕