ប្រជាពលរដ្ឋ ៩នាក់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពុលជ្រក់ស្ពៃ

បាត់ដំបង៖ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ មានប្រជាពលរដ្ឋ ៩នាក់ នៅភូមិក្រឡាពាស ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានទិញជ្រក់ស្ពៃ យកមកបរិភោគធ្វើឲ្យពុល ក្អួតចង្អុរ រាក ងីងើធ្ងន់ធ្ងរទៅៗ រហូតបញ្ជូនទៅមន្ទីរពេទ្យ ដែលបង្ករអោយមានការ ភ្ញាក់ផ្អើលដល់ប្រជាជន រស់នៅក្នុងស្រុកបាណន់។

លោកវរសេនីយ៍ទោ ប៊ុត សំបូរ អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថា នៅភូមិក្រឡាពាស ឃុំបាយដំរាំ ស្រុកបាណន់ មានជនរងគ្រោះដោយសារពុលជ្រក់ស្ពៃចំនួន ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង រួមមាន ១.ឈ្មោះ ទិត្យ តង ភេទប្រុស អាយុ ៦៩ឆ្នាំ ២.ឈ្មោះ ជុន ចៃ ភេទស្រី អាយុ ៦០ឆ្នាំ ៣.ឈ្មោះ ជ ម៉ៅ ភេទប្រុស អាយុ ៣៨ឆ្នាំ ៤.ឈ្មោះ ទិត្យ ជា ភេទស្រី អាយុ ៣០ឆ្នាំ ៥.ឈ្មោះ រឹត សាវណ្ណ ភេទស្រី អាយុ ២៧ឆ្នាំ ៦.ឈ្មោះ ពៅ រតនា ភេទស្រី អាយុ ១២ឆ្នាំ ៧.ឈ្មោះ ពៅ រតន: ភេទប្រុស អាយុ ៩ឆ្នាំ ៨.ឈ្មោះ ម៉ៅ ផាត់សា ភេទស្រី អាយុ ៩ឆ្នាំ ៩.ឈ្មោះ ម៉ៅ ផាន់នី ភេទស្រី អាយុ ៩ឆ្នាំ។

បន្ទាប់ពីទទួលព័ត៌មាន ករណីខាងលើ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាណន់ បានចុះស្រាវជ្រាវ និងបានទទួលពត៌មានថា នៅវេលាម៉ោង១៦ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ ចាន់ ឡា ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិឆកពោធិ៍ ឃុំឈើទាល ស្រុកបាណន់ បានដើរលក់ជ្រក់ ស្ពៃនៅភូមិក្រឡាពាស ឃុំបាយដំរាំ ស្រុកបាណន់ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះខាងលើទិញយកទៅបរិភោគ។

សូមបញ្ជាក់ថា លុះដល់ព្រឹកឡើងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ស្រាប់តែអ្នកទាំង ៩នាក់ ខាងលើចាប់ផ្តើមមានអាការៈ ក្អួតធ្ងន់ធ្ងរទៅៗ រហូតបញ្ជូនទៅមន្ទីរពេទ្យ។ តាមចំលើយអ្នកដើរលក់ជ្រក់ស្ពៃបាននិយាយាថា ជ្រក់ស្ពៃដែលខ្លួនដើរលក់នោះ គឺលើកពីអ្នកលក់ម្នាក់ទៀតនៅផ្សារបាយដំរាំ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តដើម្បីរកប្រភពនៃការបង្កហេតុ ៕

ប្រជាពលរដ្ឋ ៩នាក់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពុលជ្រក់ស្ពៃ