បើលោក សម រង្ស៊ី មិនបានបរិហារកេរ្តិ៍ សម្តេច ហេង សំរិន ចូលខ្លួនដោះស្រាយ នៅតុលាការទៅ

ភ្នំពេញ៖ ក្រោយពីលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ អះអាង២លើកថា មិនបានបរិហារកេរ្តិ៍សម្តេច ហេង សំរិន នោះលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងថា ដូច្នេះលោកត្រូវចូលខ្លួន មកបំភ្លឺនៅចំពោះតុលាការ។

លោក សុខ ឥសាន្ត ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ថា លោកយល់ថា បើលោក សម រង្ស៊ី មិនបានបរិហារកេរ្តិ៍មែន សូមឲ្យចូលខ្លួនមកដើម្បីដោះសារ ជាមួយតុលាការ ហើយរាយការណ៍ជូនតុលាការ ដោយភ្ជាប់មកជាមួយភស្តុតាង ច្បាស់លាស់ផង។

លោកបញ្ជាក់ថា “តាមពិតយើងមកឃើញហើយថា លោក សម រង្ស៊ីថា សម្តេចហេង សំរិន បង្កើតគណៈកម្មាការកាត់ ទោស សម្តេចឪ នរោត្តម សីហនុ ថា ជាជនក្បត់ជាតិ ហើយកាត់ទោសប្រហារជីវិតផង នៅឆ្នាំ១៩៧៩ អាហ្នឹង បរិហាកេរ្តិ៍ ឬមិនបរិហារកេរ្តិ៍អាស័្រយលើតុលាការ ជាអ្នកកាត់ក្តី។ ហើយឯកឧត្តម មានទឡ្ហីករណ៍ មានឯកសារ ឬមួយក៏មានភស្តុងតាងអីច្បាស់លាស់ យកមកតទល់ជាមួយតុលាការ ទៅវាចប់ហើយ”។

លោក សម រង្ស៊ី នៅយប់ថ្ងៃទី៣ ខែធ្នូ  បានសរសេរ អះអាងក្នុងហ្វេសប៊ុក ផ្ទាល់ខ្លួនថា មិនបានបរិហាកេរ្ត៍សម្ដេច ហេង សំរិន នោះទេ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ លោក សម រង្ស៊ី បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួន របស់លោកថា “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោស ប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ” ៕

បើលោក សម រង្ស៊ី មិនបានបរិហារកេរ្តិ៍ សម្តេច ហេង សំរិន ចូលខ្លួនដោះស្រាយ នៅតុលាការទៅ