ក្រុមប្រទេសកំពុង អភិវឌ្ឍគួរធ្វើអ្វីខ្លះ ដើម្បីបង្កើន ហិរញ្ញប្បទាន សម្រាប់អនុវត្ត សកម្មភាព បន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព របស់កម្ពុជាបានស្នើឲ្យ ក្រុម ប្រទេសកំពុងអភិវឌ្ឍ មួយចំនួនគួរធ្វើកិច្ចការបន្ថែមទៀត ប្រយោជន៍បង្កើនហិរញ្ញវត្ថុ សម្រាប់អនុវត្តសកម្មភាព បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

លោក ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព របស់កម្ពុជា បានថ្លែងនៅក្នុងសន្និសីទ លើកទី២១នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ អំពីបទពិសោធន៍ល្អៗ ក្នុងការអនុវត្ត ការងារបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងសមត្ថភាព ដើម្បីកៀរគរហិរញ្ញប្បទានសម្រាប់សកម្មភាព បន្សុំាពីមូលនិធិទ្វេភាគីនិងពហុភាគី ដែលមាន មូលនិធិអាកាសធាតុបៃតង មូលនិធិបន្សុំា មូលនិធិបរិស្ថាន ពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ឲ្យដឹងថានៅថ្ងៃទី៣ ខែធ្នូនេះ ប្រទេសកម្ពុជាបានសហការជាមួយក្រុម ប្រទេសអភិវឌ្ឍតិចតួច ចំនួន ០៣ទៀតរួមមាន ៖ ហ្គាមប៊ី ម៉ាឡាវី  សេនេហ្គាល (Gambia, Malawi, Senegal) និងអង្គការភាពជាដៃគូ ទឹកសកល (Global Water Partnership) ក្រោមការសម្របសម្រួលរបស់កម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP)និងកម្មវិធិ អភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) បានរៀបចំវេទិកាផ្លូវការមួយ ដើម្បីបង្ហាញដល់ប្រតិភូដែលចូលរួម នៅក្នុង សន្និសីទ លើកទី២១នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការ ប្រែប្រួលអាកាសធាតុ។

មានប្រសាសន៍ បើកក្នុងវេទិកានោះ លោក ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព របស់កម្ពុជា បានបញ្ជាក់ថា ការកៀរគរនិងបង្កើនហិរញ្ញប្បទាន ដើម្បីគាំទ្រសកម្មភាពបន្សុំានឹងការ ប្រែប្រួល អាកាសធាតុ មានសារៈសំខាន់បំផុតសម្រាប់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលងាយរងគ្រោះពីការ ប្រែប្រួល អាកាសធាតុ។ ក៏ប៉ុន្តែអត្រាចំណាយលើសកម្មភាពបន្សុំានៅមានកម្រិតទាប នៅក្នុងហិរញ្ញវត្ថុអាកាសធាតុ ពិភពលោក ឧទាហរណ៍ នៅឆ្នាំ២០១៣តួលេខនេះមានត្រឹមតែ៧%ប៉ុណ្ណោះ។ ក្នុងន័យនេះ ចាំបាច់ត្រូវពិចារណា អំពីប្រភពផ្សេងៗទៀត សម្រាប់បង្កើនហិរញ្ញប្បទានបន្សុំាំ ដូចជាហិរញ្ញវត្ថុសាធារណៈ និងការវិនិយោគរបស់ វិស័យឯកជន ជាដើម។

ជាមួយគ្នានោះលោក ទិន ពន្លក បញ្ជាក់ថា ប្រការនេះទាមទារនូវបរិស្ថានប្រកបមួយ ដែលអាចគាំទ្រ និងទាក់ទាញ ការវិនិយោគលើបណ្តាគម្រោងបន្សុំា។ គោលនយោបាយនិងផែនការសមស្រប ប្រព័ន្ធលើកទឹកចិត្តដែលមាន ភាពទាក់ទាញ ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងចំណោមអ្នកពាក់ព័ន្ធ ប្រព័ន្ធអង្កេតតាមដាន ដែលមានតម្លាភាពនិងគួរឱ្យទុកចិត្តបានជាដើម។ ទាំងអស់នេះគឺជាលក្ខខណ្ឌចាំបាច់ ដែលជួយពង្រឹង សមត្ថភាពរបស់បណ្តាប្រទេសអភិវឌ្ឍតិចតួចក្នុងការកៀរគរហិរញ្ញប្បទានសម្រាប់សកម្មភាពបន្សុំា និងកាងប្រប្រួល អាកាសធាតុ។

សម្រាប់បទបង្ហាញរបស់ លោក ស៊ុ  ធី  ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុបានបញ្ជាក់ថា សម្រាប់កម្ពុជា ការប្រែប្រួលអាកាសធាតុ មានឥទ្ធិពលជាចំបងទៅលើវិស័យកសិកម្ម ធនធានទឹក សុខភាព និងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗ ដូចជាផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្តជាដើម ។ ផលប៉ះពាល់ទាំងនេះបាន និងកំពុងជះឥទ្ធិពលអវិជ្ជមាន ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ។ ដូច្នេះការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទាន អាកាស ធាតុ និងផែនការបន្ស៊ាំ គឺជាការងារដ៏សំខាន់ សម្រាប់ត្រួតពិនិត្យប្រសិទ្ធភាពចំណាយ និងជំរុញការ អនុវត្តសកម្មភាពបន្ស៊ាំជាក់ស្តែង ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ៕

ក្រុមប្រទេសកំពុង អភិវឌ្ឍគួរធ្វើអ្វីខ្លះ ដើម្បីបង្កើន ហិរញ្ញប្បទាន សម្រាប់អនុវត្ត សកម្មភាព បន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ

ក្រុមប្រទេសកំពុង អភិវឌ្ឍគួរធ្វើអ្វីខ្លះ ដើម្បីបង្កើន ហិរញ្ញប្បទាន សម្រាប់អនុវត្ត សកម្មភាព បន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ