អ្នក​របួស​ម្នាក់​ក្នុង​ហេតុការណ៍​កាប់​សម្លាប់​នៅ​ស្រុក​ចំការលើ​បាន​បាត់​បង់​ជីវិត​ហើយ

អ្នក​រង​របួស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​៥​នាក់ ដែល​រង​ការ​កាប់​សម្លាប់​​១​គ្រួសារ នៅ​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៤ ធ្នូ​នេះ​ហើយ។

ក្រុម​គ្រួសារ​សព​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​៤ ធ្នូ ថា ពួកគេ​បាន​នាំ​យក​ត្រឡប់​ទៅ​ភូមិ​ពែងមាសជើង ឃុំ​ស្ពឺ ស្រុក​ចម្ការលើ វិញ​ហើយ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

លោក ស្វាយ សាខន ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ពឺ ពី​បក្ស​សង្គ្រោះជាតិ បាន​រង​របួស​ធ្ងន់ និង​នាំ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ហៅ​ពេទ្យ​រុស្ស៊ី ប៉ុន្តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់​ពេក លោក​ក៏​បាន​បាត់បង់​ជីវិត។

ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​៥​នាក់​នេះ កើត​ឡើង​នៅ​ភូមិ​ពែងមាសជើង ឃុំ​ស្ពឺ ស្រុក​ចម្ការលើ ដែល​ចេញ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ខណៈ​ជនល្មើស​ស្រវឹង ហើយ​ឈាន​ទៅ​កាប់​សម្លាប់​មនុស្ស ក្នុង​ក្រុម​គ្រួសារ។

ចំណែក​បុរស​ជា​ជនល្មើស​នោះ​ទៀត​សោត ក៏​បាន​ស្លាប់​ហើយ​ដែរ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ កាល​​ពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា។

សូម​រង់​​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។