កម្លាំង​ឯកភាព​ស្រុក​អន្លង់​វែង​ដកហូត​អាកា​បត់​១​ដើម​ពី​មន្ត្រី​យោធា​ម្នាក់

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​ចម្រុះ​ឯកភាព​ស្រុក​អន្លង់​វែង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវ​ជាតិ បាន​ជួប​ប្រទះ​មន្ត្រី​យោធា​ម្នាក់​មាន​ស្ពាយ​អាវុធ​អាកា​បត់​១​ដើម សមត្ថកិច្ច​មានការ​សង្ស័យ​បាន​ដកហូត​អាវុធ​នោះ​​រក្សា​ទុកសិន ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ធ្នូ ២០១៥ នៅ​ចំណុច​ភូមិ​អភិ​វ​ឌ្ឃ​ន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

លោក​អនុសេនីយ៍ឯក ហ៊ើ​ន សំបោ​ន ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ឯកភាព​ស្រុក​តែងតែបាន​យកចិត្ត​ទុក្ខ​ដាក់ចុះ​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​រៀង​រាល់​យប់​ ដោយ​មាន​គោលបំណង​ទប់ស្កាត់​រាល់​សកម្មភាព​បទល្មើស​ដូច​ជា ក្រុម​ចោ​ប្លន់ ​ចោរកម្ម បទល្មើស​ផ្សេង​ៗ និង​ក្រុម​​ក្មេង​ទំនើង​ដែល​​តែង​តែ​ដើរ​ធ្វើ​សកម្មភាព​អុកឡុក​នៅ​ពេល​យប់​អធ្រាត្រ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភ័យ​ខ្លាច ។

លោក​អនុសេនីយ៍ឯក​បាន​បញ្ចា​ក់ថា ជាក់ស្តែង​កម្លាំង​ចម្រុះ​ឯកភាព​ស្រុក​បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​មាន​ចំនួន​២​គោលដៅ ដែល​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ស្រុក ក៏​បាន​​ប្រទះ​មន្ត្រី​យោធា​ម្នាក់​មានឈ្មោះ​ ប្រាក់ សម្បត្តិ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ អង្គភាព​ការិយាល័យ​(​ក​២) យោធភូមិ​ភាគ​ទី​៤ ប្រចាំ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ សមត្ត​កិច្ច​ដកហូត​អាវុធ​អាការ​បត់​១​ដើម​យក​មក​រក្សា​ទុក និង​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ។

លោក​វរៈសេនីយ៍ឯក ឯក សាបាន នាយ​កា​រិ​យា​(​ក​២)​យោធភូមិ​ភាគ​ទី​៤​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ប្រាក់ សម្បត្តិ នោះ​គឺ​លោក​បាន​បញ្ជា​ឲ្យ​ចុះ​ទៅ​ធ្វើការ​តាម​ជួរ​ភ្នំ​ដងរែក ចំណុច​គោលដៅ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​ក៏​បាន​ជួបនឹង​កម្លាំង​ឯកភាព​ស្រុក​ចុះ​ត្រួត​ពិនិត្យ​ជាតិ​ផ្ទុះ ក៏​បាន​ដកហូត​អាវុធ​ទុក​សិន ។

លោក​វរៈសេនីយ៍ឯក​បាន​បន្ត​ថា ក្នុង​ការ​ដកហូត​របស់​កងកម្លាំង​ឯកភាព​ស្រុក​ជា​គោលការណ៍​ច្បាប់ ពីព្រោះ​លោក​បញ្ជា​កម្លាំង​ដោយ​មិន​បាន​ចេញ​លិខិត​បេសកកម្ម​ដល់​មន្ត្រី​យោធា តែ​ទោះជា​បែប​ណា​លោក​នឹង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​កម្លាំង​ឯកភាពស្រុក​​ដើម្បី​សុំ​អាវុធ​របស់​អង្គភាព​យក​មក​វិញ​នា​ពេល​ខាង​មុខ​នេះ ៕