ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​នៅ​ស្រុក​ស្ទឹង​ហាវ​នឹង​ទទួល​បាន​សេវា​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ

ខេត្ត​ព្រះ​សីហ​នុ ៖ ​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​ស្មើ​១០​ភូមិ នៅ​ក្នុងស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ​ បន្ទាប់​ពី​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ ពង្រីក​ខ្លួន​ទៅ​ដល់​ស្រុក​មួយ​នេះ ។

ការ​អះអាង​បែប​នេះ​ត្រូវ​បាន​លោក ឆាយ សុ​គ​ន្ឋ​ដា អភិបាលស្រុក​ស្ទឹង​ហាវ​បាន​បញ្ជា​ក់​ប្រាប់​បណ្តាញ​ព័ត៍​មាន​កាលពី​រសៀល​ថ្ងៃ​ទី០៣ ​ធ្នូ ២០១៥​ តាម​ប្រ​ព័​ន្ឋ​ទូរស័ព្ទ ដោយ​លោក​បាន​ថ្លែង​ដោយ​មោ​ទ​នៈ​ថា ចាប់ពី​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ទៅ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទឹង​ហាវ ដែល​ធ្លាប់តែ​មានការ​លំបាក​ផ្នែក​សេវា​ទឹក​ស្អាត មិន​គ្រប់គ្រាន់ គុណភាព​មិន​ស្តង់ដា​នោះ នឹងទទួល​បាន​សេវា​ទឹក​ស្អាត​បែប​ស្តង់​មួយ​យ៉ាង​ពិតប្រាកដ ដោយសារ​ក្រុមហ៊ុន​ទឹក​ស្អាត​ដ៏​ធំ​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​បាន​ពង្រីក​ខ្លួន​មក​ដល់​ស្រុក​ស្ទឹង​ហាវ ក្រោម​ការ​អនុញ្ញាត​​ពី​ក្រសួង​ពាក់​ព័​ន្ធ និងអាជ្ញាធរ​ខេត្ត ដែល​សព្វថ្ងៃ​ក្រុមហ៊ុន​មួយ​នេះ បាន​នឹង​កំពុង​បំរើសេវា​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង អន្តរជាតិ បាន​យ៉ាង​ល្អ​។​

លោកបន្ត​ថា  តាម​ពិត​ទៅ​កា​រត​បណ្តាញទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ​នេះ​យោង​តាម​គម្រោង​ត្រូវ​ត​ចូល​រួចរាល់​ហើយ​ បើ​គិត​មក​ដល់​ពេល​នេះ ប៉ុន្តែ​ដោយសារ​តែនៅ​ស្រុក​ស្ទឹង​ហាវ​មាន​ក្រុមហ៊ុន​ឯកជន​កំពុង​ប្រតិបត្តិការ​​ទើប​ការ​ច​រចា​​អូស​បន្លាយ រហូត​មក​ដល់​ពេល​នេះ ទើប​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា ដោយ​ជំ​ហានដំបូង ក្រុមហ៊ុន​អាន​កូ នៅ​ប្រើប្រាស់​បណ្តាញ​ចាស់ ហើយ​នៅ​ពេល​បន្ទាប់ ក្រុមហ៊ុន​អាន​កូ​នឹង​ត​បណ្តាញ​ចែកចាយ​ថ្មី ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

ជុំវិញ​កា​រត​ភ្ជាប់​បណ្តាញទឹក​ស្អាត​ថ្មី​នេះ បងប្រុស ងួ​ន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដ៍ទៃ បាន​សម្តែង​នូវ​ការ​សារ​ទរ​យ៉ាង​ខ្លាំង ព្រោះ​កន្លង​មក​នៅ​ស្រុក​ស្ទឹង​ហាវ មានការ​លំបាក​យ៉ាង​ខ្លាំង​ជុំវិញ​សេវា​ទឹក​ស្អាត​នេះ ព្រោះតែ​ក្រុមហ៊ុន​មុន​ពុំ​បាន​យកចិត្តទុកដាក់​ឱ្យបាន​ដិត​ដល់​លើ​ផ្នែក​សេវា​អតិថិជន ជា​ពិសេស​លើ​គុណភាព​ទឹក ទឹក​មានការល្អក់​កករ ពេល​ខ្លះ​ទឹក​ឡើង​ព​ណ៌ក្រហម  និងថ្ងៃ​ខ្លះ​ដាច់​ទឹក​២​ទៅ​៣​ថ្ងៃ​ទើប​មានទឹក​វិញ​។

ដូចនេះ​លោក​ និង​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹង​ហាវ សង្ឃឹមថា​ នៅ​ពេល​ទឹក​ស្អាត​របស់​ក្រុម​ហ៊ុនអាន​កូ​ចូល​ដល់​ស្រុក​ស្ទឹង​ហាវ ប្រជាពលរដ្ឋ​លែង​មានការ​បារ​ម្ភទៀត​ហើយ ជុំវិញ​អនាម័យ សុខភាព របស់​ក្រុម​គ្រួសារ របស់​ពួក​គេ​៕​​