ឃាត់ខ្លួន​ជនសង្ស័យ​ចែក​ចាយ​​គ្រឿងញៀន​៣​នាក់​​បញ្ជូន​ទៅ​តុលាការ

ខេត្តសៀមរាប ៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ រួច​ប្រគល់​ឱ្យ​ខាង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​មាត់​ស្ទឹង​សៀមរាប ។ ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៣ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ក្រោម​ដើម​ជ្រៃ​តាម​មាត់​ស្ទឹង​ខាងលិច ក្បែរ​ស្ពាន​វត្ត​ដំណាក់ ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ទើប​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ក្នុង​នោះ​មាន ១-​ឈ្មោះ អម សុ​ជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​កន្លែង​ទឹក​សុទ្ធ ស្វី​ត ទិច (​សម្រួល​ឱ្យ​ប្រើប្រាស់​), ២-​ឈ្មោះ ហេង ប៉ាវ​ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ក្នុង​ហាង​ម៉ាស្សា​អរុណោទ័យ (​សម្រួល​ឱ្យ​ប្រើប្រាស់​) និង ៣-​ឈ្មោះ សាន បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ហាង​ម៉ាស្សា​អរុណោទ័យ (​សម្រួល​ឱ្យ​ប្រើប្រាស់​) ។

លោក​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ ទូរស័ព្ទ​ដៃ​៤​គ្រឿង​, ម្សៅ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​៣​កញ្ចប់ ទម្ងន់​០,៥​ក្រាម ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕