បញ្ជូន​បុរស​ន័​រវេ​សម្នាក់​ទៅ​ព្យាបាល​ជា​លើក​ទី​២ បន្ទាប់​ពី​រត់​ចេញពី​មន្ទីរពេទ្យ​ខេត្ត

ខេត្តកំពង់ចាម ​៖ បុរស​​ជន​ជាតិ​ន័​រវេ​សម្នាក់ ​ឈ្មោះ Tokvam Arild ​អាយុ​​៦១​ឆ្នាំ បានដើរដួល​ដោយ​​ជើង​​ទាំង​​សងខាង​​មានដំបៅ​​​ថែម​​ទាំង​ខ្សោយកម្លាំងទៀត ហើយ​​ត្រូវ​ក​​ម្លាំង​សមត្ថកិច្ច​​បញ្ជូន​តាម​​រថយន្ត​សា​មុ​យដឹកទៅ​​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យខេត្ត​ កាលពី​​ថ្ងៃ​​ទី​០៤ ធ្នូ ២០១៥ ​ស្ថិត​ត្រង់​ចំណុច​​ម្តុំ​ហាង​​កោះ​មាស ក្នុងភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។

​ប្រ​ជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជនបរទេស​ខាងលើ​ ដួល​​នៅ​លើ​ដី​​ក្បែរ​​​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​កុក ហើយ​ក៏​ប្រញាប់​រាយ​ការ​ណ៍​​មក​លោកនាយ​ប៉ុ​ស្តិ៍​​ចាត់​ម្លាំ​ង​ចុះ​ទៅ​ពិនិត្យ​ជា​​បន្ទាន់ ព្រមទាំង​​ឃើញ​ជើង​ទាំង​សងខាង​មានដំបៅ​មិន​ទាន់ជា​​​ផង​​ ។

លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាមឱ្យ​ដឹងថា ដោយ​ឃើញ​បែប​នេះ​ រូប​លោក​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​មក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យខេត្ត​ ។ ជនជាតិ​ន័​រវេ​សរូប​នេះ​ កាន់​លិខិតឆ្លងដែនលេខ​31091413  ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ២០១៥ បាន​សម្រាក​​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ  ​ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​នោះ​ទេ ​បែរជានៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៤ ​ធ្នូ នេះ បែរ​ជា​​ត្រូវ​​​ពលរដ្ឋ​ប្រទះ​ឃើញ​ដួល​នៅ​ជិត​ហាង​កោះ​មាស ក្នុងភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ទៅវិញ ​។

​​លោក​វេជ្ជបណ្ឌិត យិ​ន ស៊ី​ណាត  ប្រធាន​មន្ទីរពេទ្យ​ខេត្ត ប្រាប់ឱ្យ​ដឹង​ដែរ​ថា ជនបរទេស​រូប​នេះ​ បាន​មកដេក​នៅ​មន្ទីរពេទ្យ​ខេត្ត ​ព្រម​ទាំង​បាន​ជក់បារី​​នៅ​ក្នុង​មន្ទីរពេទ្យ ​ដែល​​ពិបាក​នឹង​ព្យាបាល​​។ បន្ទាប់​មក ​ស្រាប់តែ​បាន​រត់​ចេញ​បាត់​​ពី​​មន្ទីរពេទ្យ ​ដោយ​មិនដឹង​ទៅ​ណា​ទេ ​។