​លួច​ទូរស័ព្ទ iPhone 6 Plus​ ម្ចាស់​ចាប់​​ដៃជាប់​ប្រគល់​ឱ្យសមត្ថកិច្ច​

ខេត្តបន្ទាយមានជ័យ ៖​ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​​​២​នាក់ ត្រូវ​បាន​​​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ​កាលពី​ថ្ងៃ​ទី​៣ ​ធ្នូ​ ​២០១៥ ​ដោយ​ចោទប្រកាន់​ពី​បទ​​ចោរកម្ម ​។

លោក​វរសេនីយ៍ត្រី​ ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល បាន​ឲ្យ​ដឹង​ថា​ ​​​នៅ​ក្នុង​បរិវេណ​វេទិកា​ខេត្ត​មាន​រៀបចំ​ពិធី​តាំង​ព័រណ៍ ​ហើយ​​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២​ ធ្នូ ​ខណៈ​ពេលម្ចាស់​ទូរស័ព្ទឈ្មោះ ម៉ក់ គឺ​ម​ហួង ភេទ​ស្រី​ អាយុ​២០​ឆ្នាំ នៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ​បាន​ដើរ​លេង​​កម្សាន្តនិង​មើល​ទំនិញ​ដាក់​តាំង​ពិ​ព័រណ៍​​ ស្រាប់​តែ​​ជនសង្ស័យ ​ឈ្មោះ សុខ ណា​រី ​ហៅស្រី​អូន ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​​បាត់ដំបង ​​ធ្វើ​សកម្មភាព​លួចទូរស័ព្ទ​ដៃម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ក​ផ្លាស់ ពណ៌​ទឹកមាស រួច​​បាន​ហុច​បន្ត​ឲ្យ​បក្សពួក​គេ​ម្នាក់​​ទៀត​​ឈ្មោះ​ ស្រី​ណែ​ត ​ហៅ​ ង៉ិ​ត ភេទ​ស្រី​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​ហើយ​រត់​គេចខ្លួន​បាត់ ចំណែក​ជន​​សង្ស័យ​​ឈ្មោះ​ សុខ ណា​រី​ ហៅស្រី​អូន ត្រូវ​បាន​​​ម្ចាស់​ទូរស័ព្ទ​ចាប់ដៃ​ជាប់ រួច​នាំ​ខ្លួន​មក​ប្រគល់ឲ្យ​នគរបាល​ដែល​ឈរជើង​ការពារ​សន្តិសុខ​នៅ​ទីនោះ ។

​លោកនាយ​ការិយាល័យ បាន​បញ្ជាក់​​​ថា​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាពលួច​យក​ទូរស័ព្ទ​​​ប្រាកដ​មែន ​និងបាន​ហុច​បន្ត​ឲ្យ​បក្សពួក​របស់​គេ​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន ពួក​គេ​ទើប​តែ​​ធ្វើ​សកម្មភាព​លួច​លើក​ទី១ ក៏​ត្រូវ​ចាប់ខ្លួន​បាន​តែ​ម្តង ​៕