ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ត្រូវ​ទ្វារ​របងដែក​មុខ​ផ្ទះ ​រលំ​សង្កត់​​បែក​ក្បាលស្លាប់​

ខេត្ត​កណ្តាល​ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ទ្វារដែករបង​មុខ​ផ្ទះ​រលំ​សង្កត់​លើ​បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម ​បន្ទាប់ពី​ហូប​បាយ​រួច​ដើរ​ទៅ​ទាញ​ទ្វារ​បិទ​​​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២ ធ្នូ ២០១៥ នៅ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដី​ឥដ្ឋ ស្រុក​កៀន​ស្វាយ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ពៅ ដា​រី អាយុ​៤៩​ឆ្នាំ ជា​កសិករ មាន​ទី​លំនៅ​ភូមិ​-ឃុំ​ខាងលើ​។

បើ​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​ខាង​លើ បន្ទាប់ពី​ស្ត្រី​រង​គ្រោះ​ហូប​បាយ​ជុំ​គ្នា​ជាមួយ​គ្រួសារ​រួច​បាន​ដើរ​មក​ទាញ​ទ្វារ​របង​មុខ​ផ្ទះ​បិទ ចាក់​សោ​រួច​បែរ​ក្រោយ​បម្រុង​ដើរ​ចូល​ផ្ទះ​វិញ​ស្រាប់តែ​ទ្វារ​របង​ដែក​នោះ​បាន​រលំ​មក​សង្កត់​ជន​រង​គ្រោះ​ចំ​ក្បាល​ផ្នែក​ខាង​ក្រោយ​បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​ដួល​ប្រកាច់​ត្រដខ្យល់​ស្រែក​ហៅ​ក្រុម​គ្រួសារ​ឱ្យ​ជួយ​។

ភ្លាម​នោះ​ក្រុម​គ្រួសារ​បាន​ស្ទុះ​មក​ជួយ​ ហើយ​បាន​ទូរ​ស័ព្ទ​ហៅ​រថ​យន្ត​សង្គ្រោះ​មក​ដឹក​ទៅ​មន្ទីរ​ពេទ្យ តែ​រថយន្ត​សង្គ្រោះ​មិន​ទាន់​មក​ដល់​ផង ស្ត្រី​រង​គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ៕

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ត្រូវ​ទ្វារ​របងដែក​មុខ​ផ្ទះ ​រលំ​សង្កត់​​បែក​ក្បាលស្លាប់​
ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ត្រូវ​ទ្វារ​របងដែក​មុខ​ផ្ទះ ​រលំ​សង្កត់​​បែក​ក្បាលស្លាប់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត