បើកការដ្ឋានស្ថាបនា ស្ពានបឹងតាម៉ាតឆ្លង កាត់ប្រឡាយភូមិមល និងស្ថាបនាស្ពានឆ្លងកាត់ ប្រឡាយហា

ភ្នំពេញ៖ ស្ពានចំនួន២ខ្សែ ស្ពានបឹងតាម៉ាត ឆ្លងកាត់ប្រឡាយភូមិមល និងស្ពានឆ្លងកាត់ ប្រឡាយហា  ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោដែលបច្ចុប្បន្ន មានសភាព តូចចង្អៀត ទ្រុធទ្រោម និងពុំអាចធ្វើចរាចររថយន្ត ធន់ធំបាននោះ នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ សាលារាជធានីភ្នំពេញ បានចាប់ ផ្តើមបើកការដ្ឋានស្ថាបនាជាផ្លូវការឡើងវិញ។
ស្ពានឆ្លងប្រឡាយហា បច្ចុប្បន្ននេះ ជាស្ពានដែកតូច មានទទឹងត្រឹមតែ ៥ម៉ែត្រ ត្រូវស្ថាបនាឡើងវិញពង្រីកទទឹង ១៣ម៉ែត្រកន្លះ បណ្តោយប្រវែង ២៤ម៉ែត្រ និងស្ពានឆ្លង កាត់ប្រឡាយហា បច្ចុប្បន្នមានទទឹង ៨ម៉ែត្រ ក៏ត្រូវពង្រីកទទឹងចំនួន ១៣ម៉ែត្រកន្លះ និងបណ្តោយប្រវែង១៥ម៉ែត្រ។ ស្ពានទាំង២នេះមានតួនាទីយ៉ាងសំខាន់ក្នុងការ ដោះស្រាយ ចរាចរពីផ្លូវលេខ៣៧១ មកតំបន់ចំការដូង ក៏ដូចជាចរាចរឆ្ពោះទៅទីក្រុងតាមខ្មៅ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាននេះបានថ្លែងឲ្យដឹងពីការគិតគូររបស់ សាលារាជធានីភ្នំពេញក្នុងការដោះស្រាយ បញ្ហាចរាចរនិងសម្រួលដល់ការធ្វើ ដំណើរទៅមករបស់ប្រជាពលរដ្ឋទូទៅ ដោយការស្ថាបនាផ្លូវសំខាន់ៗជាច្រើនខ្សែ និងស្ពានឆ្ងងកាត់តំបន់ ក៏ដូចជាស្ពានអាកាស ផងដែរ។

អភិបាលរាជធានីភ្នំពេញ បានសង្កត់ ធ្ងន់ថា សមិទ្ធិផលទាំងនេះ គឺវាមិនមែនកើតឡើងពីការស្រមើលស្រមៃដែលធ្វើ ឲ្យតែបាននោះទេ ប៉ុន្តែវាគឺជាសមិទ្ធិផល និងសកម្មភាពមួយដ៏ច្បាស់លាស់ និងអនុវត្តដ៏ម៉ត់ចត់ទៅតាមផែនការមេរបស់ សាលារាជធានីភ្នំពេញលើទំហំផ្ទៃដីសរុប ៨៧៦គីឡូម៉ែត្រការ៉េដែលអនុម័តដោយ ទីស្តីការគណះរដ្ឋមន្រ្តីនាពេលខាងមុខ។

ឆ្លៀតក្នុងឪកាសនោះ លោក ប៉ា សុជាតិវង្ស ក៏បានឆ្លើយបំភ្លឺទៅនឹងពាក្យរិះគន់ខ្លះៗ របស់មជ្ឈដ្ឋានទូទៅ ដែលផ្តោតសំខាន់ទៅលើការស្ថាបនាផ្លូវថ្នល់របស់ក្រុមហ៊ុន ពុំមានគុណភាព ទើបធ្វើឲ្យផ្លូវក្នុងរាជធានីភ្នំពេញឆាប់ខូច ប៉ុន្តែឯកឧត្តមបាន ចាត់ទុកថា ការរិះគន់នេះត្រឹមត្រូវតែមួយផ្នែកតូចតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះ គឺការដឹកជញ្ជូនរបស់រថយន្តធន់ធំលើសចំណុះ ឧទាហរណ៍ ផ្លូវដែលអាចទ្រទ្រង់ ចំណុះតែ២៥តោន បែរជារថយន្តដឹករហូត៥០តោន និងមានឡានខ្លះទៀតដឹក រហូតដល់១០៤តោនឯណោះ ។ ដូចនេះផ្លូវទាំងនោះ ពិតជាមិនអាចទ្រាំទ្រជា មួយនឹងស្ថានភាពនេះបានទេ។

ជាមួយនឹងការបើកការដ្ឋាននេះដែរអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់បញ្ឈប់ការរំលោភបំពាន បឹងប្រឡាយ ដែលជាសម្បត្តិសាធារណះ ជាពិសេសប្រឡាយដែលអមបណ្តោយផ្លូវ៣៧១នេះ ដែលបច្ចុប្បន្នត្រូវបានក្រុមខិលខូចមួយចំនួនរំលោភស្ទើរទាំងស្រុងទៅហើយ ។

ប៉ុន្តែនៅចំពោះ ទិសដៅនាពេលខាងមុខ លោក បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ប្រមូលផ្តុំគ្នាដើម្បីសិក្សាឲ្យបានច្បាស់លាស់ពីការរំលោភបំពាននិងកំណត់ ទុកទំហំប្រឡាយឲ្យបានច្បាស់លាស់ ងាយស្រួលស្ថាបនាផ្លូវអមសងខាង ប្រឡាយនេះដើម្បីបង្កលក្ខណះងាយស្រួលដល់គ្រឿងចក្រចុះស្តាប្រឡាយឲ្យបាន ទៀងទាត់បញ្ជៀសការកកស្ទះប្រព័ន្ធបង្ហូរទឹកស្អុយនិងដើម្បីសណ្តាប់ រៀបរយ សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕

បើកការដ្ឋានស្ថាបនា ស្ពានបឹងតាម៉ាតឆ្លង កាត់ប្រឡាយភូមិមល និងស្ថាបនាស្ពានឆ្លងកាត់ ប្រឡាយហា

បើកការដ្ឋានស្ថាបនា ស្ពានបឹងតាម៉ាតឆ្លង កាត់ប្រឡាយភូមិមល និងស្ថាបនាស្ពានឆ្លងកាត់ ប្រឡាយហា

បើកការដ្ឋានស្ថាបនា ស្ពានបឹងតាម៉ាតឆ្លង កាត់ប្រឡាយភូមិមល និងស្ថាបនាស្ពានឆ្លងកាត់ ប្រឡាយហា

បើកការដ្ឋានស្ថាបនា ស្ពានបឹងតាម៉ាតឆ្លង កាត់ប្រឡាយភូមិមល និងស្ថាបនាស្ពានឆ្លងកាត់ ប្រឡាយហា

បើកការដ្ឋានស្ថាបនា ស្ពានបឹងតាម៉ាតឆ្លង កាត់ប្រឡាយភូមិមល និងស្ថាបនាស្ពានឆ្លងកាត់ ប្រឡាយហា