លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​គគ្រឹកគគ្រេង​

​នៅក្នុង​ខេត្តកោះកុង សព្វថ្ងៃនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​រិះគន់ថា បទល្មើស​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ព្រោះ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ជាក់ស្តែង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ឡុង ម៉េង និង​ក្រុមហ៊ុន​អ៊ឹម​ឌី​អេ​ច​(MDH) បាន​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​ស្រែអំបិល​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ ហើយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ទើប​អាច​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដោយ​គ្មាន​ការទប់ស្កាត់​ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​។

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ក្រៅពី​ច្រក​កំពង់ផែ​ឯកជន​ស្រែអំបិល គឺ​នៅ​ច្រក​អន្តរជាតិ​ចាំ​យាម ក៏​សមត្ថកិច្ច​គយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដែរ​។ លោក ថេ​ង ម៉ុង​ហួន មេ​គយ​ច្រក​អន្តរជាតិ​ចាំ​យាម កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​រាប់រយ​គ្រឿង ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ត្រូវគេ​ដឹងថា​មានការ​ឃុបឃិត​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ទៀតផង​។ មន្ត្រី​គយ​ក្នុង​ខេត្តកោះកុង បាន​បង្ហើប​ឲ្យ​ដឹងថា លោក ថេ​ង ម៉ុង​ហួន មាន​ខ្នងបង្អែក​យ៉ាង​ក្រាស់​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទើប​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​រថយន្ត​គេចពន្ធ ម៉ូតូ​គេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​តាម​ច្រក​ចាំ​យាម​។

​ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ទំនងជា​លោក សំ កុសល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង ទើប​ខំប្រឹង​ស្រង់ដើម​តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ស្រែអំបិល និង​ច្រក​ចាំ​យាម យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​លោក សំ កុសល បាន​រក្សាទុក​កុងត្រូលជជុះ​របស់​គយ​នៅ​ចំណុច​អណ្តូងទឹក បំពាន​លើ​បទបញ្ជា​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ​របស់​ប្រធាន​សាខាគយ​ខេត្តកោះកុង​ជាបន្ទាន់ ព្រោះ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ស្រែអំបិល និង​ច្រក​ចាំ​យាម គឺជា​ការបំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

2015_07_23_03_57_50_3 ec24a233-d26f-42ed-98b6-3c6893c29999