​ក្រុម​ជើង​ឯក​​ឆ្នាំ​ចាស់​និយាយ​ពី​​ការ​ប្រកួត​ជើង​ឯក​ជាតិ CCC2015​ ជុំ​ផ្តាច់​ព្រ័ត្រ​​


​ក្រុម​ជើង​ឯក​​ឆ្នាំ​ចាស់​និយាយ​ពី​​ការ​ប្រកួត​ជើង​ឯក​ជាតិ CCC2015​ ជុំ​ផ្តាច់​ព្រ័ត្រ​​

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ជាតិ​ឆ្នាំ២០១៥ ​បាន​ខិត​ជិត​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​ពោល​គឺ​នៅ​សល់​តែ​១​សប្ដាហ៍​ទៀត​តែ​ប៉ុណ្ណោះ។ ក្រោយ​ការ​ប្រកួត​ប្រជែង​ក្នុង​វគ្គ​ជម្រុះ​តាម​តំបន់​ចំនួន​៥​រួច​មក​ឃើញ​ថា​ ក្រុម​ចំនួន​១៤​ហើយ​ទទួល​បាន​​កៅអី​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​ ​ខណៈ​អតីត​ក្រុម​​ជើង​ឯក​ចាស់​មួយ​ចំនួន​​ក៏​ស្ថិត​ក្នុង​បញ្ជី​​ក្រុម​ចុង​ក្រោយ​ទាំង​នេះ​ដែរ។

 ​ក្រុម​ជើង​ឯក​​ឆ្នាំ​ចាស់​និយាយ​ពី​​ការ​ប្រកួត​ជើង​ឯក​ជាតិ CCC2015​ ជុំ​ផ្តាច់​ព្រ័ត្រ​​ទិដ្ឋភាព​ប្រកួត​ CCC ឆ្នាំ​ចាស់

 

Hunter ប្រធាន​ក្រុម The Hell Gate ដែល​ធ្លាប់​ជួយ​ឱ្យ​ក្រុម​នេះ​ឈ្នះ​ជើង​ឯក​ CCC2011 ហើយ​រូប​គេ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​ «កំពូល​អ្នក​សម្លាប់» ក្នុង​ព្រឹត្តិការណ៍ MATIC2012 នៅ​ម៉ាឡេស៊ី​ផង​នោះ​បាន​និយាយ​ថា​៖ «ឱកាស​ក្នុង​ការ​ប្រជែង​តំណែង​ជើង​ឯក​នៅ​ឆ្នាំ​នេះ​ហាក​រសាត់​ឆ្ងាយ​ពី​ពួក​យើង​ហើយ​ក្រោយ​ក្រុម​ខ្ញុំ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ត្រឹម​វគ្គ​​​ជម្រុះ​ក្នុង​ពូល​នៅ​តំបន់​ទី​៥តែ​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​យើង​សល់​ឱកាស​តែ​មួយ​ប៉ុណ្ណោះ​គឺ​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តំបន់​ទី​៦​ ​ដូច្នេះ​គោល​ដៅ​របស់​យើង​គឺ​​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​កៅអី​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​នៅ​កំពត​តែ​ប៉ុណ្ណោះ​ ប្រសិន​បើ​យើង​ធ្វើ​បាន​ជោគ​ជ័យ​ទើប​គិត​ពី​ជំហាន​បន្ទាប់»។

 

ងាក​មក​កាន់​ YaOun ប្រធាន​ក្រុម​ NeverCare ម្ចាស់​ជើង​ឯក​ CCC2012 បាន​លើក​ឡើង​ថា​ ការ​ប្រកួត​ឆ្នាំ​នេះ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ ពិសេស​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ដែល​សហព័ន្ធ​​រៀប​ចំ​ឡើង​នៅ​បុណ្យ​សមុទ្រ​ផ្ទាល់​តែ​ម្ដង​ ព្រោះ​ថា​អាច​បង្ហាញ​ជូន​មហាជន​បាន​ជ្រាប​កាន់​តែ​ច្បាស់​ថា​អ្វី​ទៅ​ជា​កីឡា​អេឡិចត្រូនិក។ «ឆ្នាំ​នេះ​យើង​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រជែង​យក​ជើង​ឯក​ ត្បិត​​ថា​បច្ចុប្បន្ន​​មាន​ក្រុម​ខ្លាំង​ៗ​ច្រើន​មិន​ងាយ​ស្រួល​ឡើយ​ តែ​ឥឡូវ​ក្រុម​របស់​យើង​លេង​បាន​ស៊ី​សង្វាក់​គ្នា​ល្អ​ណាស់​ ហើយ​ពួក​យើង​ក៏​​បង្កើន​ការ​ហ្វឹក​ហាត់​ទ្វេ​ដង»។

 

ចំណែក​ BlueX ប្រធាន​ក្រុម​ YouWillknow ម្ចាស់​ជើង​ឯក CCC2013 វិញ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​បាន​កៅអី​ទៅ​ជុំ​ផ្ដាច់​ព្រ័ត្រ​តាំង​ពី​វគ្គ​ជម្រុះ​តំបន់​ទី១​មក​គឺ​កំពុង​ខិត​ខំ​ស្វែង​រក​យុទ្ធសាស្ត្រ​​ថ្មី​បន្ថែម​ទៀត​ ហើយ​គោល​ដៅ​របស់​ក្រុម​នៅ​ឆ្នាំ​នេះ​គឺ​ផ្តោត​សំខាន់​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​បាន​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

 

ចំណែកSecret ក្រុម​ខ្លាំង​ប្រចាំ​​ខេត្ត​បាត់​ដំបង​ និង​ជា​ម្ចាស់​ជើង​ឯក​ចាស់​​​ CCC2014 វិញ​ពុំ​មាន​ឱកាស​ការពារ​ជើង​ឯក​បាន​នោះ​ទេ​នៅ​ឆ្នាំ​នេះ​ក្រោយ​រៀប​ចំ​ក្រុម​ចូល​រួម​ប្រកួត​មិន​ទាន់​ ខណៈ​សមាជិក​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ក្រុម​ផ្សេង​ៗ​ដូច​ជា XFour ផ្លាស់​ទៅ​កាន់​ក្រុម NeverCareហើយ Mutan និង Jerry ចូលរួម​ជាមួយ Hurricane បង្កើត​ជា​ក្រុម​ថ្មី​ឈ្មោះ​ថា Immortal។

 

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​រើស​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៥ជុំ​ផ្ដាច់​ព្រ័ត្រ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ១១-១២ ធ្នូ​ ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ដែល​មាន​ក្រុម​ខ្លាំង​ចំនួន​១៦​មក​ពី​៦​តំបន់​ចូល​រួម​ប្រកួត​យក​ជើង​ឯក៕

​ក្រុម​ជើង​ឯក​​ឆ្នាំ​ចាស់​និយាយ​ពី​​ការ​ប្រកួត​ជើង​ឯក​ជាតិ CCC2015​ ជុំ​ផ្តាច់​ព្រ័ត្រ​​

អត្ថបទ៖ ហ៊ួ