រុ​ស្ស៊ី​បោះ​មូលដ្ឋាន​យោធា​ទី​2​នៅ​ប្រទេស​ស៊ី​រី

ប្រទេស​រុ​ស្ស៊ី​សម្ព័ន្ធមិត្ត​នៃ​របប​លោក​បា​ចា​អាល់ អាសា​ដ នឹង​បោះ​មូលដ្ឋាន​យោធា​ទី​២ នៅ​ភាគ​កណ្តាល​ស៊ី​រី​គឺ​នៅ​ព្រ​លាន​យន្តហោះ AL CHAYIRAT ។ កងទ័ព​រុ​ស្ស៊ី​បាន​ប្រើប្រាស់​ចាប់តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា មក នូវ​មូលដ្ឋាន​យោធា​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី ជិត​ទីក្រុង LATTAQUIE ។

យោង​តាម​នាយក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH លោក​រ៉ា​មី អាប់​ដែល រ៉ា​ហ៍​ម៉ា​ន ថា ពួក​រុ​ស្ស៊ី​កំពុង​តែ​រៀបចំ​ព្រ​លាន​យន្តហោះ AL CHAYIRAT ដើម្បី​ប្រើប្រាស់​នា​ពេល​ខាង​មុខ​ឆាប់​ៗ សម្រាប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ភាគ​ខាងកើត​ខេត្ត​ហូ​ម និង​ក្នុង​តំបន់​ឯទៀត​ៗ ក្នុង​នោះ​មាន​តំបន់ QALAMOUN ជិត​ព្រំដែន​លី​បង់​ជា​កន្លែង​មាន​វត្តមាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ផង​ដែរ ។

ព្រ​លាន​យន្តហោះ AL CHAYIRAT ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​ក្រុង​ហូ​ម ទីប្រជុំជន​មានឈ្មោះ​ដូច​គ្នា​នេះ ជាទី​លាន​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី និង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ម្យ៉ាងទៀត កងទ័ព​ស៊ី​រី​បន្ត​ការ​វាយលុក​ទៅ​មុខ​នៅ​ភាគ​ខាងកើត និង​ភាគ​អាគ្នេយ៍​ខេត្ត​ហូ​ម ពិសេស​នៅ​ជុំវិញ​ក្រុង PALMYRE និង​ភូមិ AL QARYATAINE ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

យោង​តាម​លោក​អាប់​ដែល រ៉ា​ហ៍​ម៉ា​ន ថា កងទ័ព​ស៊ី​រី​ពេល​នេះ​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​៣​គីឡូម៉ែត្រ​ពី​ក្រុង PALMYRE ហើយ​រុលទៅមុខ​ឆ្ពោះទៅ​រណសិរ្ស​ខាងត្បូង និង​ខាងលិច​ក្រោម​ការ​ជួយ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី ។ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​បន្ត​ជុំវិញ​ទីក្រុង​នេះ ។

កងទ័ព​ស៊ី​រី​ពេល​នេះ​ក៏​លុក​ដល់​មាត់ទ្វារ​ក្រុង AL QARYATAINE បន្ទាប់​ពី​ការ​រុល​យ៉ាង​លឿន​រយៈពេល​៧២​ម៉ោង​ចុង​ក្រោយ​នេះ ៕