វី​ដេ​អូ​មួយ​បង្ហាញ​ពី​ពួក​ទាហាន​កុមារ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លាប់​ពួក​អ្នកទោស

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ នូវ​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ទាហាន​កុមារ​៦​នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រហារជីវិត​បណ្តា​សមាជិក​កងកម្លាំង​សន្តិសុខ​ស៊ី​រី ដែល​ចាប់​ជា​ចំណាប់ខ្មាំង ។

មាន​ចំណងជើង​ថា «​ផ្ញើ​ជូន​កុមារ​ពួក​ជ្វី​ហ្វ​» វី​ដេ​អូ​នេះ​បង្ហាញ​ពី​កុមារ​ជា​ច្រើន​សិប​នាក់​មាន​អាយុប្រមាណ​ជា​១០​ឆ្នាំ​សិក្សា​គម្ពីរ​សាសនា ហើយ​ហាត់​ពី​ការ​ប្រយុទ្ធ​ខ្លួន​ទល់​នឹង​ខ្លួន ។ ក្នុង​ចំណោម​កុមារ​ទាំងនេះ ៦​នាក់​ត្រូវ​គ្រូបង្ហាត់​ជ្រើសរើស​ដើម្បី​បញ្ជូន​សារ​មួយ​ដល់​បណ្តា​អ្នកប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដោយ​ប្រហារជីវិត​បណ្តា​សមាជិក​កងកម្លាំង​សន្តិសុខ​ស៊ី​រី​ជា​អ្នកទោស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក្នុង​ចំណោម​ទាហាន​ស៊ី​រី​ត្រូវ​សម្លាប់ ៥​នាក់​សម្លាប់​ដោយ​គ្រាប់កាំភ្លើង ហើយ​ម្នាក់​ត្រូវ​អារ​.​ក ។

វី​ដេ​អូ​នេះ​ត្រូវ​បាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និយាយ​ថា ផ្សាយ​ចេញពី​ភាគ​ខាងកើត​ខេត្ត DEIR EZZOR របស់​ស៊ី​រី ។

កម្មវិធី​មួយ​មានឈ្មោះ​ថា «​កូន​តោ​របស់​កាលី​ហ្វា​ត​» ផ្តល់​ការ​ហ្វឹកហ្វឺន​យោធា និង​សាសនា​ដល់​បណ្តា​កុមារ​ក្នុង​តំបន់​ផ្សេង​ៗ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​ជ្រុលនិយម​នៅ​ស៊ី​រី ។ យោង​តាម OSDH ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក ជ្រើសរើស​ទាហាន​កុមារ​ជាង​១.១០០​នាក់ ហើយ​ជាង​៥០​នាក់​ត្រូវ​ស្លាប់ ៕