បុរស​អាយុ​២៥​ឆ្នាំ​ជាប់​ចោទចាប់​រំលោភ​ស្ត្រី​អាយុ​២៧ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ​បុរស​ម្នាក់​​​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន និង​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​​កាលពី​ព្រឹក​​ថ្ងៃ​ទី​៤ ​ខែ​ធ្នូ​ ឆ្នាំ២០១៥​ នេះ​​​ ពី​បទ​ចាប់រំលោភ​សេព​ស​ន្ថ​វៈ ក្រោយ​ពី​​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​​ម្នាក់ ។

លោក អ៊ុំ សុផល ​អធិការ​នគ​របាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឱ្យ​ដឹង​​ថា​ ​ជនសង្ស័យ​ឈ្មោះ​ សុខ ​សឿ​ អាយុ​២៥​ឆ្នាំ​ ​​ជា​​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ​ ​ស្នាក់​នៅផ្ទះ​ជួល​ផ្កាយ​៣ ​ស្ថិត​​នៅ​ក្នុង​ភូមិ​ក្បាលស្ពាន​ សង្កាត់​​ប៉ោយ​ប៉ែ​ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ត្រូវ​បាន​​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ក្រោយ​ពី​​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​​ម្នាក់ ​អាយុ​២៧​ឆ្នាំ​ ​​ដែល​បាន​ប្តឹង​​បុរស​​រូប​នេះ​​ពី​បទ​ចាប់រំលោភ​​សេពសន្ថវៈ​នាង​ក្នុង​បន្ទប់​​​ដោយ​បង្ខំ​រហូត​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២ ​ធ្នូ​ ២០១៥​ ។

​ចំណែក​បុរសជាប់ចោទ​ បាន​​​និយាយ​​ថា​ ​​​រឿងនេះ​​​មិន​មែនជា​ការ​ពិត​ឡើយ ​ព្រោះ​ពួ​ក​គេ​ស្រឡាញ់​គ្នា​យូរ​មក​ហើយ​​ដោយ​មាន​ការ​ស្ម័គ្រចិត្ត​រៀងខ្លួន​ ទើបបាន​ចូល​ទៅ​ដេក​ជាមួយ​គ្នា​ តែ​ក្រោយមក​​ស្រាប់​តែ​នាង​​ប្តឹង​​ចោទប្រកាន់​​គាត់​ពី​បទ​រំលោភ​ទៅ​វិញ ​។

លោក​​អធិការ​នគ​របាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ថា​ ​រឿងនេះ​ធ្វើ​ឱ្យ​សមត្ថកិច្ច​ឈឺក្បាល ​ដោយ​សារ​ប្រុស​ប្រកាន់ ស្រីប្រកែក ​​ប៉ុន្តែ​​បុរស​ជាប់ចោទ​ក្រោយ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​ប្តឹង​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​​ខ្លួនភ្លាម​ៗ​នៅ​​នឹង​កន្លែង​ធ្វើ​សកម្មភាព​តែម្តង ​៕