អាជ្ញាធរ​ស្រុក​កំពង់ត្រាច​បណ្តេញ​រថយន្ត​តាក់ស៊ី​ទៅ​កន្លែង​បេន​ថ្មី អ្នក​រត់​តា​ស៊ី​ថា មិន​ទៅ​ទេ ព្រោះ​ទៅ​នោះ​ឆ្ងាយ​ពី​ផ្សារ គ្មាន​មនុស្ស​ជិះ

ខេត្តកំពត ៖ អាជ្ញាធរ​ស្រុក​កំពង់ត្រាច​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ បាន​បណ្ដេញ​រថយន្ត​តាក់ស៊ី​ជា​ច្រើន​គ្រឿង និង​អ្នក​លក់ដូរ​នៅ​តាម​ចិញ្ចើមថ្នល់​មុខ​ផ្សារ និង​មុខ​វត្ត​កំពង់ត្រាច ឲ្យ​ទៅ​លក់​នៅ​កន្លែង​បេនឡាន​ថ្មី​វិញ ដែល​មាន​ចម្ងាយ​ប្រហែលជា​៣០០​ម៉ែត្រ​ពី​កន្លែង​ចាស់ ។

អ្នកលក់​ភេសជ្ជៈ​ម្នាក់​ឈ្មោះ ស្រី​រ័​ត្ន អាយុ​២២​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​មិន​ប្រឆាំង​នឹង​អាជ្ញាធរ​ដែល​បណ្ដេញ​ពួក​គាត់​ចេញពី​មុខ​ផ្សារ​ឲ្យ​ទៅ​លក់​នៅ​កន្លែង​បេន​ថ្មី​ទេ ប៉ុន្តែ​បើ​ទៅ​លក់​នៅ​កន្លែង​បេន​ថ្មី​វា​ស្ងាត់​ណាស់​គ្មាន​មនុស្ស​ឯណា​មក​ទិញ​ឡើយ ។

អ្នកលក់​ផ្លែ​ឈើ​ម្នាក់​ឈ្មោះ ឯង សុភា ហៅ​ស្រី អាយុ​៤៧​ឆ្នាំ បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ស្រុក មាន​កម្លាំង​កងរាជអាវុធហត្ថ មាន​នគរបាល​ស្រុក មាន​មន្ត្រី​សាលាស្រុក បាន​បណ្ដេញ​ពួក​គាត់​ឲ្យ​ចាកចេញ​ពីមុខ​ផ្សារ​នេះ​ហើយ ។ អ្នកលក់​ផ្លែ​ឈើ​រូប​នោះ​បាន​និយាយ​ត្អូញត្អែរ​ថា ផ្លែ​ឈើ​ទាំងអស់​ត្រូវ​បាន​ស្អុយ​រលួយ​អស់ ព្រោះ​គ្មាន​អ្នកទិញ ហើយ​បើ​ទៅ​លក់​កន្លែង​បេន​ថ្មី​នោះ ពិតជា​មានការ​លំបាក ។

អ្នក​រត់​តាក់ស៊ី​ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​រត់​តាក់ស៊ី​ប្រហែល​៥០​នាក់ ពួក​គេ​ពិតជា​មិន​ទៅ​កន្លែង​បេន​ថ្មី​ទេ ទោះបីជា​អាជ្ញាធរ​បណ្ដេញ​យ៉ាងណា​ក៏​ដោយ ព្រោះ​គ្មាន​មនុស្ស​ជិះ ម្យ៉ាងវិញទៀត​បេនឡាន​ថ្មី​នៅ​ឆ្ងាយ​ពី​ផ្សារ​ណាស់ ។

បន្ទាប់​ពី​អាជ្ញាធរ​បាន​បណ្ដេញ​រថយន្ត​ដឹក​អ្នកដំណើរ​ឲ្យ​ទៅ​បេន​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ២០១៥​នេះ​ដែរ មាន​ព្រះសង្ឃ​នៅ​វត្ត​ឧត្ត​ម្ព​កំពង់ត្រាច ចេញ​មក​រើស​សំរាម​នៅ​មុខ​វត្ត​ដែល​អ្នក​លក់ដូរ​ចោល​សំរាម​រាយ​ប៉ាយ​ពេល​នៅ​លក់ដូរ​នៅ​ទីនោះ ។

លោក ង៉ែត បូរ ​អាចារ្យវត្ត​កំពង់ត្រាច បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ជាង​៤០​អង្គ បាន​និមន្ត​ចេញពី​វត្ត​មក​ប្រមូល​សំរាម​នៅ​ក្បែរ​​របង​វត្ត ដើម្បី​ឲ្យ​មាន​សោភ័ណ​ភាព ម្យ៉ាងវិញទៀត​ជិត​បុណ្យ​សមុទ្រ​ផង ។ ព្រះសង្ឃ​មួយ​អង្គ ព្រះ​នាម ហេង ប្រា​ដូរ បាន​មាន​សង្ឃដីកា​ថា កុំ​តែ​បាន​អាជ្ញាធរ​ឲ្យ​អ្នក​លក់ដូរ និង​រថយន្ត​ទៅ​នៅ​បេន​ថ្មី កុំ​អី​ព្រះសង្ឃ​មិន​បាន​ចេញ​សំអាត​នៅ​មុខ​វត្ត​ទេ ។

លោក​វរសេនីយ៍ត្រី ហា​ញ់ គា អធិការរង​នគរបាល​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ស្រុក​បាន​ជូនដំណឹង​ដល់​អ្នក​លក់ដូរ និង​អ្នក​រត់​តាក់ស៊ី​ជា​ច្រើន​ដង​ហើយ ឲ្យ​ពួក​គាត់​ទាំងអស់​ទៅ​លក់​នៅ​បេន​ថ្មី ប៉ុន្តែ​ការ​ដេញ​បាន​តែ​១​ថ្ងៃ ស្អែក​ឡើង​មក​ចត​មុខ​ផ្សារ​ដដែល ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ទោះជា​មានការ​អន់ចិត្ត​ពី​សំណាក់​អ្នក​លក់ដូរ និង​ក្រុម​អ្នក​រត់​តាក់ស៊ី​ក៏​ដោយ ពេល​នេះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ស្អាត​នៅ​ផ្សារ ព្រោះ​មានការ​ស្ទះចរាចរណ៍​រាល់ថ្ងៃ ហើយ​ម្យ៉ាងទៀត​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ចូល​ជិត​មក​ដល់​ផង ។

លោក អ៊ុ​ម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ថា ស្រុក​បាន​ជូនដំណឹង​រហូត​ដល់​ថ្នាក់​ប្រកាស​តាម​ម៉េ​ក្រូ​ឲ្យ​រថយន្ត​តាក់ស៊ី និង​អ្នកលក់​តាម​ចិញ្ចើមថ្នល់ ឲ្យ​ទៅ​លក់​នៅ​កន្លែង​បេន​ថ្មី ។ លោក​អភិបាលស្រុក​បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​នៅ​មុខ​ផ្សារ គឺ​យើង​មើលឃើញ​ស្ទះចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ដូច្នេះ​ហើយ​បេន​ថ្មី​ធ្វើ​រួចរាល់​ហើយ ត្រូវ​តែ​នាំ​គ្នា​ទៅ​លក់​នៅ​ទៅ​នោះ ទៅ ។ លោក អ៊ុ​ម ស៊ី​ណាត បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នេះ​ត្រូវ​តែ​នាំ​គ្នា​សំអាត​នៅ​តាម​ដងផ្លូវ ព្រោះ​ខេត្ត​យើង​បាន​រៀបចំ​បុណ្យ​សមុទ្រ​ហើយ ។

ទោះជា​អាជ្ញាធរ​ស្រុក​បាន​បណ្ដេញ​យ៉ាងណា​ក៏​ដោយ ទាំង​អ្នក​លក់ដូរ ទាំង​អ្នក​រត់​តាក់ស៊ី គឺ​ពួក​គេ​មិន​បាន​នាំ​គ្នា​ទៅ​កាន់​បេន​ថ្មី​ទេ គឺ​បាន​ទៅ​ចត​រាយ​ប៉ាយ​តាម​ផ្លូវជាតិ​ដើម្បី​រើស​ម៉ូយ ៕