ភ្ញាក់ផ្អើល! មានកប៉ាល់ខ្មោច ច្រើនគ្រឿងអណ្តែតមកទើរ នៅតំបន់ឆ្នេរសមុទ្រជប៉ុន (មានវីដេអូ)

ជប៉ុន៖ នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានកប៉ាល់ខ្មោច ជាច្រើនគ្រឿង ដែលផ្ទុកទៅដោយគ្រោងឆ្អឹង និងសាកសពមនុស្ស បានអណ្តែតទើរមកលើ តំបន់ឆ្នេរសមុទ្រមួយចំនួន របស់ប្រទេសជប៉ុន។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីខែតុលា ក្នុងឆ្នាំ២០១៥នេះមក មានកប៉ាល់ខ្មោច ជាង១០គ្រឿងហើយ ត្រូវបានអណ្តែតមកទើរលើ តំបន់ឆ្នេរសមុទ្រមួយចំនួនក្នុងប្រទេសជប៉ុន ដែលភាគច្រើនវាគឺជាប្រភេទកប៉ាល់នេសាទ តែអ្វីដែលសំខាន់នោះគឺ នៅក្នុងកប៉ាល់ទាំងនោះ មិនមានមនុស្សណាម្នាក់ នៅរស់រានមានជីវិតឡើយ តែផ្ទុយទៅវិញ វាបែរជាផ្ទុកទៅដោយ សាកសពមនុស្សយ៉ាងតិច ២២នាក់ ដោយក្នុងនោះមានមួយចំនួន ជាប្រភេទសាកសព ដែលត្រូវបានគេកាត់ក្បាល។

បើតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា ក្នុងចំណោមកប៉ាល់ខ្មោចទាំងនោះ មានកប៉ាល់មួយគ្រឿង ត្រូវបានគេប្រទះឃើញ ថាមានស្លាកសញ្ញាម្យ៉ាងគូរឡើងដោយដៃ ដែលអាចបញ្ជាក់បានថាជាកប៉ាល់របស់អង្គភាពយោធាកូរ៉េខាងជើង ហើយវាក៏ជាចំណុចសំខាន់ដែលធ្វើឲ្យក្រុមអាជ្ញាធរក្នុងប្រទេសជប៉ុន ជឿជាក់ថាកប៉ាល់ទាំងនោះ អាចត្រូវបានរសាត់អណ្តែត មកក្នុងដែនសមុទ្រនៃប្រទេសជប៉ុន ក្រោយពីមេដឹកនាំ នៃប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន បានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើការស្វែងរកចាប់សត្វនៅក្នុងសមុទ្រ ឲ្យបានច្រើនជាពិសេស នៅតាមទីតាំងដែលមានរលកធំៗ និងមានភូមិសាស្ត្រគ្រោះថ្នាក់។

ភ្ញាក់ផ្អើល! មានកប៉ាល់ខ្មោច ច្រើនគ្រឿងអណ្តែតមកទើរ នៅតំបន់ឆ្នេរសមុទ្រជប៉ុន (មានវីដេអូ)
កប៉ាល់ខ្មោចមួយគ្រឿង ក្នុងចំណោមផ្សេងទៀត ដែលអណ្តែតមកទើរលើ តំបន់ឆ្នេរសមុទ្រ នៃប្រទេសជប៉ុន

ជាមួយគ្នានេះដែរ An Chan-il ជាប្រជាជនកូរ៉េខាងជើង និងជាជនភាសខ្លួនមួយរូប បាននិយាយថា “លោក គីម ជុងអ៊ុន យកចិត្តទុកដាក់យ៉ាងខ្លាំង នៅក្នុងវិស័យនេសាទ ដើម្បីអាចធ្វើការលក់ចេញ យកចំណូលពីបរទេសមកវិញ ដូច្នេះកប៉ាល់ទាំងនោះ ច្បាស់ជាអាចត្រូវបានគេបោះបង់ចោល”។

យ៉ាងណាមិញ មកទល់ពេលនេះ គេមិនទាន់អាចដឹងទេថា តើកប៉ាល់ខ្មោចទាំងនោះ មានប្រភពចេញពីទីណា ឲ្យប្រាកដក៏ព្រោះតែ កប៉ាល់ទាំងនោះមិនមាន ប្រព័ន្ធរ៉ាដា ឬ  ​GPS អ្វីឡើយ។

គូសបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះ មានកប៉ាល់អាថ៌កំបាំង ចំនួន៣៤គ្រឿងមកហើយ បានអណ្តែតមកកាន់ តំបន់ឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន ហើយកាលពីឆ្នាំមុន ជប៉ុនបានប្រទះឃើញ កប៉ាល់ប្រភេទនេះ ចំនួន៦៥គ្រឿង ហើយ៨០គ្រឿងទៀត នៅក្នុងឆ្នាំ២០១៣៕

ភ្ញាក់ផ្អើល! មានកប៉ាល់ខ្មោច ច្រើនគ្រឿងអណ្តែតមកទើរ នៅតំបន់ឆ្នេរសមុទ្រជប៉ុន (មានវីដេអូ)
ក្រុមអាជ្ញារកំពុង ពិនិត្យកប៉ាល់ខ្មោចទាំងនោះ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត