ប្រធានបទ​លុយ​ក្លាយជា​ថ្នាំស្ពឹក​ក្នុង​កិច្ចប្រជុំ​អាកាសធាតុ​នៅ​ក្រុងប៉ារីស​

​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី​២១ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​ប្រព្រឹត្តទៅ​នៅ​ក្រុងប៉ារីស តាំងពី​ថ្ងៃ​៣០​វិច្ឆិកា​រហូតដល់​ថ្ងៃ​១១​ធ្នូ បាន​ចាប់​បើក​ធ្វើ​មុនពេល​កំណត់ គឺ​តាំង​ពីថ្ងៃ​២៨​វិច្ឆិកា​ម្ល៉េះ​។ តែ​រហូត​ពេលនេះ នៅ​មិនទាន់​សម្រេច​ដុំកំភួន​អ្វី​នៅឡើយ​។ ពិនិត្យ​អោយ​ដិតដល់ ចំណុច​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​ជា​បញ្ហា​ចម្បង ប្រៀបបាន​នឹង​ថ្នាំស្ពឹក ដែល​អាចធ្វើអោយ​បរាជ័យ​កិច្ចប្រជុំ ដូចជា​លើក​មុនៗ​ដែរ​។

​សូម​ស្តាប់​ការបកស្រាយ​របស់ ព្រំ​សឿន សូលី​ណា ៖

​កិច្ចប្រជុំ​អន្តរជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ក្រុងប៉ារីស មាន​ទិសដៅ​រក​អោយបាន​បាន​កិច្ចព្រមព្រៀង លើ​វិធានការ​ទប់ស្កាត់​មិនអោយ​ផែនដី​ឡើង​កំដៅ​លើសពី​២​អង្សារ ពី​ពេលនេះ​រហូតដល់​ឆ្នាំ​២១០០​។ មិន​ដូច្នោះ​ទេ យោងតាម​អ្នកជំនាញ​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ​នឹង​បន្ត​កើនឡើង​។ កិច្ចប្រជុំ​បើក​ធ្វើ​តាំង​ពីថ្ងៃ​សៅរ៍​២៨​វិច្ឆិកា គឺ​ធ្វើ​មុនពេល​កំណត់ ប៉ុន្តែ​ភាគី​ប្រជុំ​ហាក់ដូចជា​រង​ថ្នាំស្ពឹក រក​ច្រកចេញ​មិនឃើញ​រៀងៗ​ខ្លួន​។ ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នេះ គេ​ឃើញ​មាន​ជំនួប​ប្រជុំ​ច្រើន មាន​មនុស្ស​ចូលរួម​ក៏​ច្រើន ខ្លឹមសារ​ដែល​កត់ត្រា លើក​មក​និយាយ ក៏​វែង​អន្លាយ​រាប់គីឡូម៉ែត្រ​។ ទាល់តែ​ជិត​មួយ​សប្តាហ៍​នៃ​កិច្ចប្រជុំ ទើប​គេ​ចាប់ផ្តើម​មើលឃើញ​ពី​ភាពអវិជ្ជមាន​ទាំងនេះ និង​ចង់​កាត់បន្ថយ​ជំនួប និង​ខ្លឹមសារ​ដែល​គ្មាន​ប្រយោជន៍​។ 

​ក្នុង​កិច្ចប្រជុំ​នេះ បញ្ហា​រ៉ាំរ៉ៃ​បន្ត​មាន​តាំងពី​ឆ្នាំ​២០០៩ ហើយ​ដែល​នៅតែ​បន្ត​លេចធ្លោ មុនគេ គឺ​លុយ​។ កាលពី​ឆ្នាំ​២០០៩ ប្រទេស​ឧស្សាហកម្ម​ធំៗ​បាន​សន្យាថា ចាប់ពី​ឆ្នាំ​២០២០​ទៅ នឹង​បង់លុយ ១០០ ពាន់​លាន​ដុល្លារ រៀងរាល់ឆ្នាំ ដល់​ប្រទេស​ក្រីក្រ ជួយ​អោយ​ពួកគេ​ប្រើប្រាស់​ថាមពល​ដែល​មិន​ប៉ះពាល់​បរិស្ថាន​។ ប៉ុន្តែ រហូត​ពេលនេះ គេ​នៅ​មិនទាន់​ដឹងថា តើ​ប្រទេស​ណាខ្លះ​ត្រូវ​ចូលរួម​បង់លុយ ហើយ​ត្រូវ​បង់​ប៉ុន្មាន​លាន ប៉ុន្មាន​សែន​។ មិនដឹងថា ដោះស្រាយ​លុយ​យ៉ាងណាទេ ព្រោះ​ប្រទេស​អឺរ៉ុប​ពេលនេះ​នៅ​មិនទាន់​ងើប​ក្បាល​រួច​ពី​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨​ផង​។ ប្រទេស​ក្រីក្រ​តូចតាច​ឯណោះ​វិញ​ក៏​មិន​ចង់ចាំ​យូរ​ទៀត​ដែរ​។ ក្រៅពី​លុយ ពួកគេ​ទាមទារ​វិធាន​ការដែល​ហ្មត់ចត់ ខ្លាំងក្លា សម្រាប់​បរិស្ថាន​។ បើ​កិច្ចប្រជុំ​អាច​និយាយ​តែ​ពី​វិធានការ​ស្រាលៗ​ទេ ប្រទេស​ទាំងនេះ​ក៏​ប្រហែល​មិន​ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អ្វី​ដែរ ព្រោះថា ពួកគេ​ក៏​រងគ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​ដែរ​។​

​តាំងពី​ដំបូង​ទី​នៃ​កិច្ចប្រជុំ ប្រទេស​និ​មួយៗ​សុទ្ធតែ​អួតថា ចង់​សង្គ្រោះ​ផែនដី​។ ប្រទេស​ដល់​ទៅ​១៧០ ក្នុងចំណោម​ប្រទេស​១៩៥​ក្នុង​កិច្ចប្រជុំ បានបង្ហាញ​ផែន​ការដែល​ខ្លួន​មានលទ្ធភាព​អនុវត្តន៍​។ ប៉ុន្តែ ពេល​និយាយ​ជ្រៅ​ទៅៗ ម្នាក់ៗ​ហាក់​រួញរា​ទៅវិញ​។ ទិសដៅ​នៃ​ការសង្គ្រោះ​ផែនដី គឺ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ថាមពល​នានា​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ ដូចជា​អគ្គិសនី ធ្យូង ហ្កា​ស​សម្រាប់​ចំអិន​អាហារ រឺ​ប្រេងសាំង​រថយន្ត សុទ្ធតែជា​ប្រភព​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស ដែល​នាំទៅដល់​ការ​កើន​សីតុណ្ហភាព​ផែនដី​។ ទិសដៅ​នៃ​ការសង្គ្រោះ​បរិស្ថាន គឺ​ចង់​បង្កើន​ការប្រើប្រាស់​ថាមពល​ធម្មជាតិ​មិនចេះ​រីងស្ងួត បែបយ៉ាង​ថាមពលព្រះអាទិត្យ អោយបាន​ច្រើន ដើម្បី​បន្ថយ​ការប្រើប្រាស់​ប្រេង រឺ​ឧស្ម័ន ដែលជា​ប្រភព​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ប៉ុន្តែ ប្រហែលជា​ពិបាក​ធ្វើបាន​ភ្លាមៗ​ណាស់ ព្រោះ​ថាមពល​អគ្គិសនី អុស​ធ្យូង ដែល​បំពុលបរិស្ថាន ហើយ​ដែល​យើង​ប្រើ​សព្វថ្ងៃនេះ គឺមាន​ដល់​ទៅ​៨០​ភាគរយ​ក្នុងចំណោម​ថាមពល​ប្រើប្រាស់​ក្នុង​ពិភពលោក​។

​ប្រទេស​ធំៗ​ដែល​ផលិត​ប្រេង ដូចជា​អា​រ៉ា​ប៊ី សា​អូឌីត រឺ​កាណាដា ក៏​មិនសូវ​សប្បាយចិត្ត​ដែរ បើ​ថាមពល​ប្រេង​ត្រូវ​កាត់បន្ថយ ព្រោះ​វា​ក៏​កាត់បន្ថយ​ចំណូល​សេដ្ឋកិច្ច​របស់​ពួកគេ​ដែរ​។ ដើម្បី​ធានា​ប្រយោជន៍​សេដ្ឋកិច្ច​ពួកគេ ពួកគេ​អះអាងថា ធនធាន​ប្រេង​ពួកគេ​អាចជួយ​អោយ​ថ្លៃ​ប្រេង​ចុះថោក បន្ត​រាប់​ទសវត្ស​ខាងមុខ​ទៀត​ឯណោះ​។ ប្រហែល​ដោយសារ​បញ្ហា​នេះ ទើប​ប្រទេស​ខ្លះ​មិនបាន​សរសេរ​ផែនការ​សង្គ្រោះ​អាកាសធាតុ មក​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ក្រុងប៉ារីស​ទេ​។

​រឿង​ហិរញ្ញវត្ថុ​មួ​ួ​យ​ទៀត ដ៏​គួរអោយ​អស់សំណើច គឺថា ទោះ​ដឹងថា ថាមពល​ដែល​យើង​ប្រើ​សព្វថ្ងៃ​ដូចជា​ប្រេងសាំង អគ្គិសនី រឺ​ឧស្ម័ន ផ្តល់​ផល​អាក្រក់​ដល់​បរិស្ថាន ក៏​កន្លងមក ប្រទេស​G20 សុទ្ធតែ​បាន​ចូល​លុយ​គ្នា​ដល់​ទៅ​៤៥២​ពាន់​លាន​ដុល្លារ ក្នុង​មួ​ួ​យ​ឆ្នាំៗ ដើម្បី​គាំទ្រ​ថាមពល​ទាំងនេះ​។ ប៉ុន្តែ បើ​គិតពី​លុយ​ដែល​ពួកគេ​ចំណាយ​សម្រាប់​ថាមពល​ធម្មជាតិ​វិញ គឺមាន​តែ​១២១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ គឺ​តិចជាង​ថាមពល​បំពុលបរិស្ថាន ដល់​ទៅ​៤​ដង​។ ទោះ​យ៉ាងនេះ​ក្តី ក៏​ជំនួយ​ថវិកា​សម្រាប់​ការផលិត​ថាមពល​ប្រេងសាំង រឺ​អគ្គិសនី ជិត​ផុតកំណត់​ដែរ​ហើយ​។

​ក្រៅពី​ហរិញ្ញវត្ថុ រឺ​សេដ្ឋកិច្ច នៅមាន​បញ្ហា​ធំ​មួយទៀត ដែល​អាច​រាំងស្ទះ​មិនអោយ​មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​។ នោះ​គឺ​ប្រព័ន្ធ​ច្បាប់ ដែល​ប្រទេស​មួយចំនួន​ចង់បាន ក្នុង​កិច្ចព្រមព្រៀង​។ ប្រព័ន្ធ​ច្បាប់​នេះ​មាន​ទិសដៅ​ត្រួត​ពិនិត្យថា តើ​ក្នុងចំណោម​វិធាន​ការដែល​ប្រទេស​និ​មួយៗ​ត្រូវអនុវត្ត ប្រទេស​និ​មួយៗ​ធ្វើបាន​កម្រិតណា​។ ប៉ុន្តែ ប្រហែល​ពិបាក​សម្រេច ព្រោះ​ប្រទេស​ខ្លះ ដូចជា​ចិន គិតថា ប្រព័ន្ធ​ច្បាប់​ត្រួតពិនិត្យ​នេះ​ប្រៀបដូចជា​ការឈ្លានពាន​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​ដូច្នោះ​ដែរ​។

​រួម​សេចក្តី​មកវិញ ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការចំណាយ​ហិរញ្ញវត្ថុ​លើសលុប ដើម្បី​ចូលរួម​សង្គ្រោះ​បរិស្ថាន បើ​ប៉ះពាល់​ប្រយោជន៍​ផ្ទាល់ខ្លួន គ្មាន​ប្រទេស​ណាមួយ​ចង់​ធ្វើ​វា​ខ្លាំងក្លា​ទេ​។ ជាក់ស្តែង ក្នុងការ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ក្រុង​ក្យូ​តូ​នៅ​ជប៉ុន កាលពី​ឆ្នាំ​១៩៩៧ ប្រទេស​សហភាព​អឺរ៉ុប​សន្យា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ អោយបាន​យ៉ាងតិច​២០​ភាគរយ ប្រៀប​នឹង​ឆ្នាំ​១៩៩០​។ កម្រិត​ភាគរយ​នេះ​ប្រែប្រួល​ទៅតាម​ប្រទេស​និ​មួយៗ​។ អាមេរិក ជា​ប្រទេស​បំពុលបរិស្ថាន​ដ៏​ធំ មិនដែល​បានអនុម័ត​កិច្ចព្រមព្រៀង​ក្យូ​តូ​ទេ​។ ចិន​ឯណោះ​វិញ កាលនោះ ក៏​មិនបាន​កំណត់​អត្រា​កាត់បន្ថយ​ឧស្ម័ន​បំពុលបរិស្ថាន​នេះ ដល់​ទៅ​២០​ភាគរយ ដូច​អឺរ៉ុប​ដែរ​។ ផ្ទុយទៅវិញ ចិន​និង​អាមេរិក​បំពុលបរិស្ថាន​ច្រើនជាងគេ​។ ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ប្រទេស​ទាំង​២​បញ្ចេញ​រួមគ្នា ក្នុង​បរិយាកាស គិត​ក្នុង​ឆ្នាំ​២០១០ មាន​ដល់​ទៅ​៤០​ភាគរយ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​