ក្រសួងពាណិជ្ជកម្ម នឹងសម្ពោធ ដាក់ប្រើប្រាស់ ការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធ អនឡាញ នៅថ្ងៃទី៧ ខែធ្នូ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៥ បានប្រកាសថា នឹងធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់ ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ និង ការបង្ហាញពីទម្រង់នៃការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាញថ្មីនៅថ្ងៃចន្ទ ទី៧ ខែធ្នូ ខាងមុខ វេលាម៉ោង៨:៣០ព្រឹក នៅទីស្តីការក្រសួង។

តាមការប្រកាសរបស់ក្រសួង ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ មានអត្ថប្រយោជន៍ ជួយកាត់បន្ថយការចំណាយពេលវេលា ក្នុងការចុះបញ្ជីក្រុមហ៊ុនពី៥-៦ថ្ងៃ មកនៅត្រឹមតែរយៈពេល១ម៉ោង ,  ផ្លាស់ប្តូរការចុះបញ្ជីពីការប្រើក្រដាសស្នាម ទៅជាការចុះបញ្ជី តាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង,កាត់បន្ថយការជួបមុខដោយផ្ទាល់ រវាងមន្ត្រីក្រសួង និងអ្នកដាក់ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម, អនុញ្ញាតឲ្យអ្នកដាក់ពាក្យ ស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ធ្វើការចុះឈ្មោះក្រុមហ៊ុន ពីទីកន្លែងណាមួយក៏បាននៅក្នុងប្រទេស ក៏ដូចជានៅក្នុងពិភពលោកទាំងមូល ដោយមិនចាំបាច់មកកាន់ក្រសួងពាណិជ្ជកម្ម,  អនុញ្ញាតឲ្យបង់ប្រាក់សេវា នៃការដាក់ពាក្យស្នើសុំ ចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិច, អនុញ្ញាតឲ្យអ្នកដាក់ពាក្យស្នើសុំចុះបញ្ជី អាចបោះពុម្ពវិញ្ញាបនបត្រ ក្រុមហ៊ុនដោយខ្លួនឯងបាន,  ធ្វើសមកាលកម្ម ឬការបញ្ចូលគ្នា នូវមូលដ្ឋានទិន្នន័យជាមួយក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធដទៃទៀត, និង សម្រួលដល់ការស្រាវជ្រាវព័ត៌មានសាធារណៈ របស់ក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មរួច។

ក្រសួងពាណិជ្ជកម្ម ស្នើឲ្យក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មរួច ត្រូវចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួនសាជាថ្មីឡើងវិញ ដោយប្រើប្រាស់ប្រព័ន្ធ ចុះបញ្ជីតាមអនឡាញ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

គួរបញ្ជក់ថា កម្រៃសេវាចុះបញ្ជីឡើងវិញ នឹងមិនត្រូវបានគិតឡើយ ចំពោះក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មរួច ទោះយ៉ាងណា ការផាកពិន័យ នឹងមិនត្រូវធ្វើឡើងសម្រាប់ក្រុមហ៊ុនទាំងឡាយណា ដែលមិនបានចុះបញ្ជីពាណិជ្ជកម្មសារឡើងវិញ មុនកាលបរិច្ឆេទកំណត់នេះ។ ជាមួយគ្នានេះផងដែរ ក្រសួងនឹងមានផ្តល់សេវាគិតប្រាក់កម្រៃ ក្នុងការចុះបញ្ជីសារឡើងវិញ ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលមិនចង់ចុះបញ្ជីសារឡើងវិញដោយខ្លួនឯង៕