ក្រសួងកសិកម្ម ចាប់ដៃគូជាមួយអង្គការ Grow Asia លើកកម្ពស់ វិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ក្រសួងបានចាប់ដៃគូជាមួយ អង្គការ Grow Asia ដែលជំនាញផ្នែកនៃវេទិកាសេដ្ឋកិច្ច ពិភពលោក ដើម្បីបង្កើនផលិតភាព និងនិរន្តរភាពក្នុងវិស័យ កសិកម្មនៅកម្ពុជា ។ អង្គការ Grow Asia ដែលជាដៃគូមួយរបស់លេខាធិការដ្ឋានអាស៊ានផងដែរ ហើយក៏ជាអង្គការ មួយដើរតួជាវេទិកាសម្រាប់ភាគី ពាក់ព័ន្ធផ្សេងៗនៅក្នុងវិស័យកសិកម្ម ពីក្រុមកសិករ រហូតដល់រដ្ឋាភិបាល និងក្រុមហ៊ុនអន្តរជាតិ  អាចធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍវិស័យ កសិកម្មប្រកបដោយចីរភាពបាន ។

លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “ឥឡូវនេះយើងកំពុងតែបង្កើតភាពជាដៃគូ ដែលគេហៅថាភាពជា       ដៃគូរវាងវិស័យសាធារណៈឯកជន និងអ្នកផលិត ។ ចង់ភ្ជាប់កសិករយើងហ្នឹងពីវាលស្រែហ្នឹង ទៅដល់ទីផ្សារ ។ អីចឹងយើងធ្វើម៉េចឲ្យគាត់ ទទួលបាននូវតម្លៃសមស្រប ពីផលិលផលដែលគាត់បានផលិតហ្នឹង “។

យោងតាមការប្រកាសរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានឲ្យដឹងថា អង្គការ Grow Asia នឹងបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយ នៅក្នុងប្រទេសកម្ពុជា ហើយនឹងរៀបចំវេទិកា ថ្នាក់តំបន់មួយនៅក្នុងរាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ។

សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បាននឹងកំពុងដើរតួនាទីសំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនង រវាងវេទិកាសេដ្ឋកិច្ចពិភពលោក និងអង្គការ Grow Asia ជាមួយនឹងរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា សំដៅលើកកម្ពស់បរិយាកាសអាជីវកម្មនៅកម្ពុជា ដើម្បីជំរុញកំណើន ការវិនិយោគផ្ទាល់ពីបរទេស និងការធ្វើអាជីវកម្មប្រកបដោយ និរន្តរភាព ។

អង្គការ Grow Asia បានបង្កើតភាពជាដៃគូនៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីនរួចមកហើយ ដែលអង្គការបាននឹងកំពុងធ្វើការ ជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសទាំងនោះ ដើម្បីដោះស្រាយបញ្ហាផលិតភាពរបស់កសិករដាំដំណាំមួយចំនួន៕