CNRP គ្រោង ដាក់ចេញវិធាន ផ្ទៃក្នុងសម្រាប់ ក្រុមតំណាង រាស្រ្តខ្លួន

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ គ្រោងនឹងដាក់ចេញ នូវវិធានការផ្ទៃក្នុង សំរាប់ក្រុមអ្នកតំណាងរាស្ត្រ របស់ខ្លួន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងអង្គសិក្ខាសាលាមួយ ដើម្បីពិគ្រោះ យល់យោបល់មុនពេលដាក់ឲ្យអនុវត្ត។

លោក យឹម  សុវណ្ណ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ លើកឡើងលើសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនលោកថា ពេល នេះលោកកំពុងពិនិត្យមើល ពង្រាងវិធានផ្ទៃក្នុងសំរាប់ក្រុមតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ។ ពង្រាងនេះ នឹង ដាក់ជូនអង្គសិក្ខាសាលា ថៃ្ងទី៦ ធ្នូ ខាងមុខ ដើម្បីពិគ្រោះយោបល់ និងអនុម័ត មុនពេលដាក់ឲ្យអនុវត្ត ។

លោកលើកឡើងទៀតថា វិធានផ្ទៃក្នុងនេះ មានគោលបំណងដូចតទៅ៖ទី១ បង្កលក្ខណៈឲ្យតំណាងរាស្រ្តមកពី គណបក្សសង្គ្រោះជាតិមានលទ្ធភាព ប្រែក្លាយគោលបំណង និងទស្សនៈវិស័យនយោបាយរបស់ គណបក្សឲ្យ ទៅជាសេចក្តីស្នើច្បាប់ និងបទប្បញ្ញត្តិនានារបស់ជាតិ។ ទី២ សម្របសម្រួលកិច្ចការប្រកប ដោយប្រសិទ្ធភាព ក្នុងការតាក់តែង និងអនុម័តច្បាប់ និងការឃ្លាំមើលការអនុវត្តច្បាប់ របស់រាជរដ្ឋាភិបាល។ ទី៣ លើកកម្ពស់ កិត្យានុភាព ស្ថាប័នរដ្ឋសភា ឲ្យសក្តិសមជាអំណាចកំពូលរបស់រដ្ឋ ក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស ពិតប្រាកដ។

គួរបញ្ជាក់ថា ការដាក់ពង្រាងវិធានផ្ទៃក្នុងនេះ ជាលើកដំបូង របស់បក្សជំទាស់ ខណៈដែលបក្សនេះ មានអ្នកនំាពាក្យ របស់ខ្លួននៅរដ្ឋសភា៕

CNRP គ្រោង ដាក់ចេញវិធាន ផ្ទៃក្នុងសម្រាប់ ក្រុមតំណាង រាស្រ្តខ្លួន