ក្រមប្រតិបត្តិអង្គរ ត្រូវបានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តន៍ជា ផ្លូវការ

ភ្នំពេញ៖ ក្រមប្រតិបត្តិអង្គរ ត្រូវបានផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ត ក្រោមអធិបតីភាព លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីឲ្យយល់ពី គុណតម្លៃនៃតំបន់អង្គរ និងការគោរព ប្រកាន់អាកប្បកិរិយាសមរម្យ ក្នុងអំឡុងពេល ទស្សនាប្រាសាទ។

យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា បានដឹងថា ក្រមប្រតិបត្តិអង្គរ គឺជាសេចក្តីណែនាំដល់ភ្ញៀវទេសចរ ដែលមកទស្សនា រមណីយដ្ឋានអង្គរឲ្យ យល់ពីគុណតម្លៃ នៃតំបន់អង្គរ គោរពនិងប្រកាន់នូវអាកប្បកិរិយាសមរម្យ ក្នុងអំឡុងពេល ទស្សនាប្រាសាទ ដើម្បីរួមចំណែក កាត់បន្ថយផលប៉ះពាល់ អវិជ្ជមានលើអង្គរ (ប្រាសាទ វប្បធម៌ និងបរិស្ថាន) និងទទួលបាន នូវបទពិសោធន៍ ទស្សនាដ៏ល្អប្រសើរ។

ក្រមប្រតិបត្តិអង្គរ មិនមែនជាច្បាប់ ដែលមានលក្ខណៈ បង្ខិតបង្ខំនោះទេ   ផ្ទុយទៅវិញ ក្រមប្រតិបត្តិអង្គរ  មានលក្ខណៈជាការអប់រំ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយជំរុញលើកទឹកចិត្ត ឲ្យភ្ញៀវទេសចរយល់ និងជៀសវាងនូវរាល់ទង្វើមិនគួរគប្បី ដែលមិនគោរពទៅដល់ ទីសក្ការបូជា និងវប្បធម៌ខ្មែរដូចជា៖ ការស្លៀកពាក់ស៊ិចស៊ី, ការប៉ះចម្លាក់ ឬធ្វើឲ្យខូចខាតថ្មប្រាសាទ, ការរំខានដល់ភាពស្ងប់ស្ងាត់នៃទីសក្ការបូជា, ការចូលទីតាំងដែលហាមឃាត់ឬប្រឈមនឹងគ្រោះថ្នាក់, ការពិសាបារីនិងចោលសំរាមពាសវាលពាសកាល, ការឲ្យថវិកា ឬស្ករគ្រាប់ដល់ក្មេងៗ, និងការប៉ះពាល់ ព្រះសង្ឃ៕