ត្រួតពិនិត្យ​ផលិតផល​ចំណីអាហារ​កែ​ច្នៃ​តាម​កម្រិត​ហានិភ័យ​ក្នុង​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ចំណីអាហារ​កែ​ច្នៃ​តា​មក​ម្រិត ក្រោម​គម្រោង​រៀបចំ​ដើម្បី​ឱ្យ​ស្ថិត​ក្នុង​គម្រោង​​សុវត្ថិភាព នៃ​ការ​កំណត់​ប្រភេទ​ទម្ងន់​ហានិភ័យ ដែល​បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៥​នេះ ដោយ​បាន​ចុះ​ធ្វើ​នៅផ្ទះ​ហាង​លក់​សាច់ក្រក និង​រោង​សិប្បកម្ម​ផលិត​សាច់ក្រក​មួយ​កន្លែង​ក្នុង​ចំណោម​រោង​សិប្បកម្ម​ផលិត​សាច់ក្រក​ប្រមាណ​ជា​ជិត​១០​កន្លែង​នៅ​ក្នុង​ក្រុង​សៀមរាប ។

លោក ឌឹ​ម ថេ​ង អគ្គនាយករង​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គម្រោង​ផែនការ​នៃ​ការ​រៀបចំ​បែងចែក​សំគាល់​លើ​សុវត្ថិភាព​ប្រភេទ​ផលិតផល​ចំណីអាហារ​កែ​ច្នៃ គឺ​ត្រូវ​បាន​កំណត់​តាម​កម្រិត​ហានិភ័យ​ចំនួន​៣​ប្រភេទ គឺ​សុវត្ថិភាព​ចំណីអាហារ​កែ​ច្នៃ ដែល​ស្ថិត​ក្នុង​កម្រិត​ហានិភ័យ​ខ្ពស់ មធ្យម និង​កម្រិត​ទាប ការងារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​គ្នា​របស់​មន្ត្រី​ជំនាញ​មក​ពី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​មក​ពី​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្ត​ផង​ដែរ ។

លោក ឌឹ​ម ថេ​ង បាន​បញ្ជាក់​ថា វា​គឺជា​ការងារ​ថ្មី ដែល​ត្រូវ​អនុវត្ត​លើ​ការងារ​ចាស់ ស្តី​អំពី​ការ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ចំណីអាហារ ដើម្បី​សុខភាព​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ពិសេស​នោះ​គឺ​ត្រូវ​បាញ់​ឆ្ពោះទៅ​រក​ផ​លិ​ផល​ចំណីអាហារ​កែ​ច្នៃ​ជា​ច្រើន​ប្រភេទ ដែល​បាន​និង​កំពុង​ផលិត​នៅ​ក្នុង​ប្រទេស ។ លោក​បាន​បញ្ជាក់​ទៀត​ថា  ការ​ចុះ​សិក្សា​ព័ត៌មាន​នៅ​ក្នុង​រោង​សិប្បកម្ម​ផលិត​សាច់ក្រក​មួយ​នេះ វា​គឺជា​ឧទាហរណ៍​មួយ​ដើម្បី​ឆ្លុះ​បង្ហាញ​អំពី​ប្រតិបត្តិការ​ដើម្បី​ឈោង​ចាប់​យក​លទ្ធផល​ដែល​គ្រប់​ជ្រុងជ្រោយ ។ លោក​បន្ថែម​ថា ដើម្បី​សម្រេច​បាន​នៃ​ការ​វាយតម្លៃ​ចុង​ក្រោយ​ទៅ​លើ​ការ​សន្និដ្ឋាន​កំណត់​ផលិតផល​សាច់ក្រក​ថា តើ​មាន​សុវត្ថិភាព ឬ​ក៏​អត់ ក្នុង​កម្រិត​ហានិភ័យ​ប្រភេទ​ណា​នោះ គឺ​ត្រូវ​ដឹង​ឱ្យ​បាន​គ្រប់​ដំណាក់កាល​នៃ​កា​ផលិត ដោយ​ផ្អែក​ទៅ​លើ​ការ​សិក្សា​ប្រមូល​ព័ត៌មាន ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ប្រតិបត្តិការ​ប្រមូល​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​ការ​រៀបចំ ចំណាត់​ប្រភេទ​ហានិភ័យ​នៃ​សុវត្ថិភាព​ផលិតផល​ចំណី​អាហារ​នេះ គឺ​ត្រូវ​បានការ​ចូលរួម​សហការ​ដោយ​ក្រសួង​សំខាន់​ៗ​ចំនួន​៤ គឺ​ការ​ប្រមូល​ព័ត៌មាន​ចេញពី​ប្រភព​កែ​ច្នៃ​ដំបូង ត្រូវ​ទទួល​បន្ទុក​ដោយ​ក្រសួង​កសិកម្ម​, ប្រតិបត្តិការ​ប្រមូល​ព័ត៌មាន​ចេញពី​ប្រភព​កែ​ច្នៃ​បន្ទាប់ គឺ​រោង​សិប្បកម្ម​ទីតាំង​ផលិតផល ត្រូវ​ទទួល​បន្ទុក​ដោយ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​, ការ​គ្រប់គ្រង​លើ​ទីផ្សារ​ចែកចាយ គឺ​ក្រសួងពាណិជ្ជកម្ម ចំណែកឯ​ការ​គ្រប់គ្រង​ការ​ចំអិន គឺ​ត្រូវ​មានការ​ត្រួតពិនិត្យ​ដោយ​ក្រសួងសុខាភិបាល ៕