ចាប់​ទូ​ហ្គេ​ម​បាន​តែ​សម្បក និង​ឃាត់ខ្លួន​ប្រុស​-​ស្រី​២៣​នាក់​ក្នុងភូមិ​ត្រពាំង​ឈូក

រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក​ម៉ក់ ហុង ជា​អធិការ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ទី​៤ ធ្នូ  ២០១៥ នេះ បាន​បើក​ប្រប​ត្តិ​ការ​ជា​ថ្មី​ម្តងទៀត ដោយ​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី និង​រឹបអូស​បាន​ចំនួន​៣​ទូ និង​ឃាត់​មនុស្ស​ប្រុស​-​ស្រី​ចំនួន​២៣​នាក់ ដោយ​ប៉ូលិស​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​ប្រការ​គួរ​ឱ្យ​ហួសចិត្ត ទូ​ហ្គេ​ម​ទាំងអស់​ដែល​ប៉ូលិស​ដកហូត​មក​បាន​តែ​សំបក​ទូ​តែ​ប៉ុណ្ណោះ ចំណែកឯ​គ្រឿងក្នុង​វិញ ត្រូវ​បាន​គេ​ដោះ​ចេញ មុន​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។

ប្រ​ភ​បន្ត​ថា មនុស្ស​ចំនួន​២៣​នាក់ ដែល​ប៉ូលិស​ឃាត់ខ្លួន ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ។ ជាមួយ​នោះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ដកហូត​ដាវ​សា​មូ​រ៉ៃ​១​ផង​ដែរ ។ ចំពោះ​មនុស្ស​២៣​នាក់ ត្រូវ​ប៉ូលិស​នាំ​ទៅ​ឃុំខ្លួន​នៅ​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ ។ ចំណែក​សំបក​ទូ​ហ្គេ​ម​ចំនួន​៣ ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​សែន​សុខ ។

គួរ​កត់​សម្គាល់ថា នៅ​ភូមិ​ត្រពាំង​ឈូក (​ទល់​មន្ទីរពេទ្យ​ព្រះសង្ឃ​) មាន​ភាព​ល្បីល្បាញ​ណាស់ គឺជា​ទីតាំង​លក់ដូរ និង​សម្រាប់​ឱ្យ​យុវជន​ជក់​ថ្នាំ​ញៀន​២៤​លើ​២៤​ម៉ោង ជា​រៀងរាល់ថ្ងៃ និង​ក៏​ជាទី​តាំង​បើក​ល្បែងស៊ីសង និង​កន្ទុយលេខ​ជាដើម​។