មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ប្រកាស​ដើរ​ចេញពី​បក្ស​ដោយ​សារមិន​ទុកចិត្ត​ថ្នាក់ដឹកនាំ

រាជធានី​ភ្នំពេញ ​៖ ​លោក អ៊ុ​ក ស៊ុ​យ និង​ជា​ប្រធាន​នាយកដ្ឋានកិច្ចការ​បោះ​ឆ្នោត និង​នីតិកម្ម​ និង​ជា​សមាជិក​គណៈកម្មាធិការ​នាយកគណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេចចិត្ត​ដាក់​ពាក្យ​លាលែង ដោយ​មិនអា​ឡោះ​អាល័យពី​គណបក្សប្រឆាំង បន្ទាប់​ពី​មើលឃើញ​ថា មេដឹកនាំ​ទាំង​ពីរឃុបឃិត​គ្នា ជា​មួយមេដឹកនាំ​ឯទៀត ប្រព្រឹត្តិ​អំពើ​អយុត្តិធម៌​ក្នុង​គណបក្ស និង​មិន​គោរព​សម្តី​សន្យាចំពោះ​រាស្ត្រ​ម្ចាស់​ឆ្នោត​។

យោង​តាម​​លិខិត​សុំ​លាលែង​ជា​ផ្លូវការ ចុះ​ថ្ងៃទី​៣ ​ធ្នូ ​២០១៥ លោក អ៊ុ​ក ស៊ុ​យ បាន​គោរព​ជូន​លោក សម រ​ង្ស៊ី ប្រធាន និង លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា​ «​ឯកឧត្តម​ប្រធាន និង​ឯកឧត្តម​អនុប្រធាន និង​ថ្នាក់ដឹកនាំ ក្នុង​បក្ស​ចំនួន​៤​រូប​ទៀត ដឹកនាំ​បក្ស​គ្មាន​សីលធម៌ និង​គ្មាន​គុណធម៌ មក​លើ​ថ្នាក់ដឹកនាំ​ក្នុង​បក្ស ជា​ពិសេស​មក​លើ​ប្រជាពលរដ្ឋ​ខ្មែររាប់​លាន​នាក់ ដែល​លោក​បាន​ខិតខំផ្តល់​សេចក្តី​ទុកចិត្តឲ្យ​គណបក្ស​សង្គ្រោះ​ជាតិកន្លង​មក​»​។

លោក អ៊ុ​ក ស៊ុ​យ ដែល​ជា​មន្ត្រី​ជំនាញ​លើ​កិច្ចការ​បោះ​ឆ្នោត និង​ច្បាប់របស់​បក្ស​សង្គ្រោះ​ជាតិ និង​តែងតែ​ខិតខំ​តវ៉ា​ និង​ស្មោះត្រង់​ជាមួយ​បក្ស​ ពិសេស​នោះ​នៅ​ក្នុង​លទ្ធផល​បោះ​ឆ្នោត​ជ្រើសរ​សើរ​តំណាងរាស្ត្រ កាលពី​ឆ្នាំ​២០១៥​ កន្លង​មក​ លើក​ឡើង​ថា​ ការ​ដឹកនាំ​សព្វ​ថ្ងៃនេះ លោក​ប្រធាន និងអនុប្រធាន បាន​ឃុបឃិត​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​បួន​រូប​ទៀត ប្រព្រឹត្តិ​អំពើ​អយុត្តិធម៌​ផ្ទៃក្នុង​បក្ស តែងតាំង​មនុស្ស​ចាប់ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​រាជធានី​/​ខេត្ត ក្រុង ស្រុក ខណ្ឌ​។

លោក​ស​ង្គ​ត់​ធ្ងន់​ថា ​«​ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​កែ​ចរិត​ដឹកនាំ ក្នុង​ពេល​ប្រជុំ​គណៈកម្មាធិការ​នាយក​ម្តង​ៗ ឯកឧត្តម​ប្រធាន ឯកឧត្តម​អនុប្រធាន យក​អង្គប្រជុំ​របស់​គណៈកម្មាធិការ​នាយក ទាត់​លេង​ដូច​បាល់ ជា​ពិសេស​មិន​គោរព​សម្តី​របស់​ខ្លួន ដែល​បាន​សន្យា​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ថា មិន​ចូល​រដ្ឋសភា តែ​ទី​បញ្ចប់​ចូល​ដើម្បី​យក​តំណែង រឺ​ឯថា សំឡុត​មិន​ខ្លាច គេ​មិន​ទាន់​ធ្វើ​អី​ផង គ្រាន់តែ​ចេញ​ដីកា​រកោះ រត់​បាត់​អស់​»​។

លោក អ៊ុ​ក ស៊ុ​យ ពន្លយ​ជា​មុន​ថា បើ​គណៈកម្មាធិការ​នាយក ហៅ​រូប​លោកទៅ​បំភ្លឺ លោក​នឹង​ទៅ​បំភ្លឺ​ជូន ប៉ុន្តែ​ស្នើ​សុំ​ឲ្យ​មាន​អ្នក​សារ​ព័​ត៌​មានជាតិ​ និង​អន្តរជាតិ​ចូល​រូ​ម​ផង​ដែរ​។

ក្នុង​លិខិត​នោះ​ដែរ​ លោក​អ៊ុ​ក ស៊ុ​យ បាន​ប្រកាស​ថា ​ប្រសិនបើ​ថ្នាក់ដឹកនាំ​គណបក្ស​ចង់​ឲ្យ​លោក​ចូល​​បំភ្លឺ​ចំពោះ​មុខ​លោក​នឹង​ចូល​បំភ្លឺ ប៉ុន្តែ​ស្នើ​សុំ​ឲ្យ​មាន​អ្នក​សារ​ព័ត៌​មាន​​ជាតិ និង​អន្តរជាតិ​ចូលរួម​។

ជាង​នេះ​លោក អ៊ុ​ក ស៊ុ​យ​បាន រក្សា​ជំហរ​របស់​លោក​ដដែល គឺ​បន្ត​ឧត្តមគតិ​របស់​ខ្លួន ដោយបាន​សម្រេចចិត្តរួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​លោក ម៉​ម សូណ​ង់​ដូ ប្រធានគណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជា​ធិ​តេ​យ្យ ដែល​កំពុង​មាន​ប្រជាប្រិយភាព​។

លោក​អ៊ុ​ក ស៊ុ​យ ​ធ្លាប់​លើក​ឡើង​ថា​ លោក​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​នឹងនាំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ពេញចិត្ត​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ជា​ច្រើន​ផង​ដែរ​។

តាម​ការ​កត់សំគាល់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ត្រូវ​បាន​មើលឃើញកំពុង​តែ​ឡើង​ប្រជាប្រិយភាពជា​បន្តបន្ទាប់តាម​រយៈ​ការ​ចួ​ល​រួម​ពី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លែង​មាន​ជំនឿលើ​មេដឹកនាំ​បក្ស​ប្រឆាំង ដែល​ចេះ​តែ​សន្យា និង​យក​ជា​ការ​មិន​បាន​គឺ​សន្យា​ខ្យល់​៕​​