ព្រះចៅអធិរាជជប៉ុន បំពេញទស្សនកិច្ច នៅហ្វីលីពីន មិនមែនជារឿងធម្មតា

តូក្យូ៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និង ម្ចាស់ក្សត្រី មីជីកុ នឹងយាងទៅ បំពេញព្រះរាជ ទស្សនកិច្ចផ្លូវរដ្ឋនៅក្នុង ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃ ២៦ ដល់ ៣០ ខែមករា ឆ្នំា ២០១៦ ខាងមុខនេះ ដើម្បីប្រារព្ធខួបទី ៦០ឆ្នាំ ជាពេលដែល ប្រទេសដីកោះនៃដែនសមុទ្រប៉ាស៊ីហ្វិក ទាំងពីរនេះ បានស្តារទំនាក់ទំនងឲ្យប្រសើរឡើងវិញ។

ការបំពេញទស្សនកិច្ច នាពេលខាងមុខ បានទទួលការយល់ព្រមពីគណរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ ២០១៥ នេះ។
គួរបញ្ជាក់ថា វាជាលើកទីមួយហើយ សម្រាប់ដំណើរយាងទស្សនកិច្ចរបស់ព្រះចៅ អធិរាជ ជប៉ុន ទៅកាន់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ជាទឹកដីដែលប្រជាជនហ្វីលីពីន ១,១លាន នាក់បានបាត់បង់ជីវិត នៅក្នុងអំឡុង សង្គ្រាម លោកលើទីពីរ និង ក៏ទីដែលជនជាតិ និង ទាហានជប៉ុន ៥១៨.០០០ នាក់ដែរ បានបាត់បង់ជីវិត។

ព្រះអង្គទាំងទ្វេ ក៏គ្រោងយាងចូលរួមគោរពវិញ្ញាណក្ខន្ធ ដល់ទាហាន និង ជនជាតិជប៉ុន នៅឯ ទីសក្ការៈដែល ត្រូវបានរៀបចំជាស្រេច និង សម្រាប់រដ្ឋាភិបាលហ្វីលីពីន និង ជនរង គ្រោះ ទាំងអស់តែម្តង។ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានចេញសេចក្តីថ្លែងការណ៍ មួយថា “ខ្ញុំសង្ឃឹមថា ការបំពេញទស្សនកិច្ចរបស់ព្រះអង្គ នឹងជួយឲ្យ ប្រទេសទាំងពីរ កសាង មិត្តភាព និង គោលដៅអនាគត ដ៏ប្រសើរឡើងខ្លាំង៕”

ព្រះចៅអធិរាជជប៉ុន បំពេញទស្សនកិច្ច នៅហ្វីលីពីន មិនមែនជារឿងធម្មតា