ជន​រង​គ្រោះ​២​នាក់​ត្រូវ​ក្រុម​ស្ទាវ​៤​នាក់​កាប់​រង​របួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​២​នាក់​ត្រូវ​ក្រុម​ស្ទាវ​៤​នាក់​ដេញ​កាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ធ្ងរ​កាល​​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​វត្ត​ភ្នំ​ជញ្ជាំង ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ លី វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួស​ក្បាល​ធ្ងន់ធ្ងរ និង​ឈ្នោះ ភិន លាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រង​របួសធ្ងន់​ក្រោម​ភ្នែក​ទាំង​ពីរ ។ ទាំង​២​នាក់​រស់នៅ​ភូមិ​បាណ​យ​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​២​នាក់​ថា​ត្រូវ​បាន​ស្ទាវ​១​ក្រុម​មាន​គ្នា​ប្រមាណ​៤​នាក់ ម៉ូតូ​២​គ្រឿង យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​បណ្តាល​របួសធ្ងន់ ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី ។

តាម​សំដី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​ដែល​បង្ក​ហិង្សា​លើ​ពួក​គេ​បណ្តាល​ឲ្យ​របួស គឺ​បាន​ស្គាល់​ហើយ​ពេល​ដែល​បង្ក​ពួក​គេ​មិន​មាន​ទំនាស់​នឹង​គ្នា​ទេ ស្រាប់​តែ​​មក​កាប់​ជន​រង​គ្រោះ​ទាំង​២​នាក់​តែ​ម្តង ព្រោះ​ពួក​នេះ​ជា​ក្រុមបងធំ​ដើរ​បង្ក​របួស​ស្នាម​ជា​ញឹកញាប់ សុំ​ឲ្យ​កម្លាំង​ត្រូវ​មាន​វិធានការ​ចាប់​អនុវត្ត​តាម​ច្បាប់ ។

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន ​បាន​បញ្ជាក់​ថា ចំពោះ​ក្រុម​ដែល​បង្ក​គឺ​កម្លាំង​កំណត់​មុខសញ្ញា​បាន​ហើយ កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​ច្បាប់​ឲ្យ​បាន​ឆាប់​ដើម្បី​ការពារ​ភូមិ​/​ឃុំ​សុវត្ថិភាព ៕