បឹងកេតអង្គរ ត្រូវប្រជែងជាមួយក្រុមជើងឯករបស់វៀតណាម នៅថ្ងៃអាទិត្យ

ក្រុម​បឹង​កេតអង្គរ នឹង​​ត្រូវ​ធ្វើ​​ការ​​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ Becamex Binh Doung FC របស់​វៀតណាម នៅកីឡដ្ឋាន Hang Day ទីក្រុងហាណូយ នា​​ល្ងាចម៉ោង ៦:០០ ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។
5
ការ​ឡើង​ទៅ​ជួប​​​ក្រុម Becamex Binh Doung FC នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ បន្ទាប់​ពី​​​បឹង​កេត បាន​ទទួល​ជ័យ​ជម្នះ​ទាំង​២​លើក​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​កន្លង​មក​នេះ គឺ​ការ​យក​ឈ្នះ​ Lao Toyota ២-០ នៅ​ក្រៅ​ទឹក​ដី ​និង​បាន​​បន្ត​លត់​ក្រុម Yangon United FC ៣-០ នៅ​ពហុកីឡដ្ឋាន​ជាតិ។
4
2
ក្រុម Becamex Binh Doung FC ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ក្រុម Chelsea ប្រចាំ​នៅ​វៀតណាម ព្រោះ​ពួក​គេ​មាន​​សមត្ថ​ភាព​ប្រកួត​ខ្លាំង​ជាង​គេប្រចាំ​នៅ​វៀតណាម ហើយ​ការ​ឈ្នះ​ជើង​ឯក កាល​ពី​ឆ្នាំ​២០១៤ បាន​ធ្វើ​ឲ្យ​ក្រុម​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហូជីមិញ​​មួយ​នេះ ឈរ​ចាំ​​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​តែ​ម្តង និង​មាន​ទឹក​ប្រាក់​ចំនួន​៣ម៉ឺន​ដុល្លារ នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច។

ទាក់​ទង​ទៅ​នឹង​ការ​ប្រកួត​នេះ​ លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​របស់​​ក្រុម​បឹង​កេតអង្គរ បាន​ប្រាប់​ថា៖«​យើង​ឮ​មក​​​ថា​ក្រុម​ Becamex Binh Doung ​កំពុង​មាន​បញ្ហា​ ព្រោះ​ក្រុម​នេះ​ មាន​ការ​ផ្លាស់​ប្តូរ​កីឡាករ​ច្រើន ដែល​​បង្ខំ​ចិត្ត​ដាក់​កីឡាករ​ក្នុង​ស្រុកភាគ​ច្រើន​​ឲ្យ​លេងជាមួយ​យើង ហើយ​បញ្ហា​​នេះ អាច​នឹង​ប៉ះ​ពាល់​ដល់​ទម្រង់​លេងរបស់​ពួក​គេ​ផង​​ដែរ បើ​ទោះ​បី​ជា​ក្រុម​នេះ​ជា​ក្រុម​ខ្លាំង​ក៏​ដោយ»។
3
​ក្រុម​បឹង​កេតអង្គរ នឹង​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​ល្ងាច​ថ្ងៃ​សុក្រ​​នេះ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​ក្រុម Becamex Binh Doung ហើយ​ក្រុម​ដែល​ឈ្នះ​​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ នឹង​ត្រូវ​ឡើង​ទៅ​ជួប​​ក្លិប Buriram United របស់​ថៃ ដែល​បាន​ឈរ​នៅ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ។
1
នៅ​ពេល​សួរ​ពី​ប្រព័ន្ធ​ការ​លេង​របស់​ក្រុម​បឹង​កេត លោក ប្រាក់ សុវណ្ណារ៉ា បាន​បញ្ជាក់​ថា៖​«យើង​ត្រៀម​ខ្លួន​បាន​ល្អ​ហើយ ប៉ុន្តែយើង​ត្រូវ​ពង្រឹង​បន្ថែម​នៅ​លើ​តំបន់​ការពារ ព្រោះ Becamex Binh Doung ជា​ក្រុម​មាន​កម្រិត​លេង​ល្អ​ជាង​យើង រីឯ​តំបន់​ប្រយុទ្ធ​ខ្ញុំ​គិត​ថា មិន​បាច់​​ផ្លាស់​ប្តូរ​អ្វី​ច្រើន​ទេ ព្រោះ​ពួក​គេ​លេង​ត្រូវ​គ្នា​ហើយ។ យើង​នឹង​ប្រឹង​ប្រែង​​លេង​ឲ្យ​អស់​ពី​សមត្ថ​ភាព ហើយ​ការ​ប្រឹង​ប្រែង​របស់​យើង មិន​មែន​តែ​សម្រាប់​ក្រុម​បឹង​កេត​អង្គរ នោះ​ទេ តែ​ដើម្បី​មុខ​មាត់​បាល់​ទាត់​ខ្មែរ​យើង»៕