សន្និសីទ​ស្ដី​ពី​ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​គម្រប់​ខួប​លើក​ទី​20 របស់​លោក ទេព ឃុន​ណា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​សម្រាប់​ព្រឹត្តិការណ៍ ITF Futures 2015​នេះ នៅ​ថ្ងៃ​សៅរ៍​ចុង​ស​ប្ដា​ហ៍​នេះ គឺជា​ថ្ងៃ​រំលឹក​ខួប​លើក​ទី​២០ របស់​លោក ទេព ឃុន​ណា អតីត​កីឡាករ​វាយ​កូន​បាល់​ដ៏​ឆ្នើម​មួយ​រូប​ដែល​បាន​ចំណាយពេល​អស់​មួយ​ជីវិត​ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា​វាយ​កូន​បាល់​កម្ពុជា។

លោក​ទេព រិ​ទ្ធី​វិ​ទ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បានឱ្យ​ដឹង​ថា វា​គឺជា​មោទនភាព​ខ្លាំង​ណាស់​ដែល​យើង​បាន​ប្រារព្ធ​ពិធី​ទាំងមូល​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ដែល​ជា​កេរតំណែល​របស់​លោក​ទេព ឃុន​ណា ។ បើ​គ្មាន​ទស្សនវិស័យ និង​ការ​ដឹកនាំ​របស់​លោក​ទេ​នោះ កីឡា​វាយ​កូន​បាល់​កម្ពុជា​នឹង​មិន​ត្រូវ​បាន​ទទួលស្គាល់​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​ទេ ។ មិនតែប៉ុណ្ណោះ កីឡា​វាយ​កូន​បាល់​កម្ពុជា ក៏​មានការ​ដឹងគុណ​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​GL Finance Plc​ដែល​មាន​លោក​Mitsuji Konoshita ជានា​យក​ក្រុមហ៊ុន បាន​យកចិត្តទុកដាក់ និង​គាំទ្រ​ដល់​ការ​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​នេះ​។

លោក​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បានឱ្យ​ដឹង​ថា វា​ពិតជា​ពរ​ជ័យ​មួយ​ដែល​យើង​មាន​លោក​Mitsuji Konoshita​ជា​ម្ចាស់​ឧបត្ថម្ភ​ដែល​ស្រឡាញ់​វិស័យ​កីឡា​វាយ​កូន​បាល់​យ៉ាង​ងប់ងុល និង​មាន​ក្ដី​មេត្តា ករុណា នៅ​គាំទ្រ​យើង​ក្នុង​ការ​បន្ត​ចក្ខុវិស័យ​ធំ​នៃ​កីឡា​វាយ​កូន​បាល់​សម្រាប់​ទាំងអស់​គ្នា​។ ក្រុមហ៊ុន​GLF គឺជា​ដៃគូ​ឧបត្ថម្ភ​របស់​យើង​នៅ​ក្នុង​កម្មវិធី​ធំ​ៗ​ស្ទើរតែ​ទាំងអស់ រួម​បញ្ចូល​ទាំង​ព្រឹត្តិការណ៍​Davis Cup, អាស៊ី​ហ្គេ​ម និង​ITF Futures​ផង​ដែរ​។

លោក Mitsuji Konoshita​បានឱ្យ​ដឹង​ថា លោក​ពី​មុន​ក៏​ជា​កីឡាករ​វាយ​កូន​បាល់​ម្នាក់​ដែរ ប៉ុន្តែ​ការ​លេង​កីឡា​វាយ​កូន​បាល់​មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ឡើយ ដូច្នេះ​ហើយ​ទើប​លោក​ងាក​ទៅ​ធ្វើ​ជា​អ្នកជំនួញ​វិញ​តែ​លោក​នៅ​តែ​ស្រឡាញ់​កីឡា​វាយ​កូន​បាល់​ដដែល ។

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ដែល​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់​កាលពី​ថ្ងៃ​ទី​៤ ធ្នូ កន្លង​មកនេះ លោក​បាន​និយាយ​ថា លោក​ពិតជា​មាន​កិ​តិ្ត​យស​និង​ឯក​សិ​ទិ្ធ​ជា​ផ្នែក​មួយ​នៃ​បដិវត្តន៍​កីឡា​វាយ​កូន​បាល់​នេះ​ដែល​ត្រូវ​បាន​លាតត្រដាង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ម្យ៉ាងវិញទៀត វា​ជា​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​រយៈពេល​ខ្លី​នេះ ។ លោក​ក៏​មានការ​សប្បាយចិត្ត​និង​មោទនភាព​បំផុត​ចំពោះ​ការ​ភ្ជាប់​ឈ្មោះ​ក្រុមហ៊ុន​លោក​ជាមួយ​កីឡា​វាយ​កូន​បាល់​កម្ពុជា​GLF Tep Khunnah Memorial Cup 2015 ៕