ឯកឧត្តម បណ្ឌិត សុខ អាន៖ ក្រមប្រតិបត្តិ អង្គរ មិនមែន ជាច្បាប់ទេ តែជាការផ្តល់ ព័ត៌មាន ដែលមាន សារៈសំខាន់ បំផុតដល់ ភ្ញៀវទេសចរ

សៀមរាប៖ ឯកឧត្តមបណ្ឌិត សុខ អាន បានថ្លែងបញ្ជាក់ថា ក្រមប្រតិបត្តិអង្គរ ដែលដាក់ជា ផ្លូវការណ៍ នៅពេលនេះ មិនមែនជាច្បាប់ ហើយចាប់បង្ខំដល់ភ្ញៀវនោះទេ តែវាជា ការផ្តល់ព័ត៌មាន ដ៏មានសារៈសំខាន់ សំរាប់ផ្ញៀវទេសចរ ទៅវិញនោះទេ។

លោកបាន មានប្រសាសន៍ក្នុង ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ត ជាផ្លូវការ «ក្រមប្រតិបត្តិអង្គរ» នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥នេះ ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ក្រមប្រតិបត្តិអង្គរ» មិនមែន ជាច្បាប់ដែល មានលក្ខណៈ បង្ខិតបង្ខំនោះទេ ប៉ុន្តែគឺ ជាឯកសារ មានលក្ខណៈ ជាការផ្តល់ ព័ត៌មាន ក៏ដូចជាការណែនាំ ដល់ភ្ញៀវទេសចរ ដែល មកទស្សនា រមណីយដ្ឋាន អង្គរ ឱ្យយល់ពីគុណតម្លៃ និងលក្ខណៈសក្ការៈ របស់រមណីយដ្ឋាន ហើយ ជៀសវាង នូវរាល់ទង្វើ មិនគួរគប្បី ដូចជាការស្លៀកពាក់ មិនសមរម្យ ការប៉ះពាល់ ចម្លាក់ ឬធ្វើឱ្យខូចខាត ថ្មប្រាសាទ ការរំខានដល់ ភាពស្ងប់ស្ងាត់នៃ ទីសក្ការៈ បូជា ការចូល ទីតាំង ដែលហាមឃាត់ ឬប្រឈម នឹងគ្រោះថ្នាក់ ការពិសាបារី និងចោលសំរាម ពាសវាលពាសកាលជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការប្រកាន់ខ្ជាប់នូវ អាកប្បកិរិយាសមរម្យ ពីសំណាក់ ភ្ញៀវទេសចរ ផ្តល់ផលប្រយោជន៍ ដល់ភ្ញៀវទេសចរ ខ្លួនឯងផង និងសមត្ថកិច្ចគ្រប់គ្រងផង តាមរយៈ ការរក្សាសណ្តាប់ធ្នាប់ល្អ បរិយាកាស អំណោយ ផលសម្រាប់ ការលំហែរ និងការ ស្វែងយល់ អំពីប្រវត្តិ សាស្ត្រ វប្បធម៌អរិយធម៌ខ្មែរ ដែលប្រការទាំងនេះ គឺជាការចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការ លើកកម្ពស់ ការគោរពស្រឡាញ់ និងចូលរួម ថែរក្សាអភិរក្ស បេតិកភណ្ឌ វប្បធម៌ឱ្យបាន ស្ថិតស្ថេរ គង់វង្សយូរអង្វែង។ ឯកឧត្តម បានបញ្ជាក់ថា ជាការពិត ក្រមប្រតិបត្តិ គឺជាឧបករណ៍គ្រប់គ្រង ជាមូលដ្ឋានមួយ ដែលត្រូវបាន ប្រើប្រាស់ នៅ រមណីយដ្ឋាន ក្នុងប្រទេសជាច្រើននៅលើ ពិភពលោក។

ឯកឧត្តមបណ្ឌិត សភារចារ្យ បានរំលឹកឲ្យដឹងថា តាំងពីបុរាណកាលមក បុព្វបុរសខ្មែរយើង ក៏មាន ក្រមប្រតិបត្តិ សម្រាប់ទីសក្ការៈបូជា រួចមកហើយដែរ ជាពិសេសនៅតាមប្រាសាទ ដែលជាទីឋានរបស់អាទិទេព។ ជាក់ស្តែង សិលាចារឹក របស់ព្រះបាទជ័យវរ្ម័នទី១ នាសតវត្សទី៧ មានចែងពីក្រមប្រតិបត្តិនៅ លិង្គបរពត៌ ដែលយើងស្គាល់ថាវត្តភូ នាពេលបច្ចុប្បន្ន ដោយហាម ឃាត់មិនឱ្យយក យាន្តជំនិះគ្រប់ប្រភេទ ហាមមិនឱ្យបាំងឆ័ត្រ ឬពាក់គ្រឿងអលង្ការ ចូលទៅក្នុង ប្រាសាទដែល ជាទីឋានរបស់ព្រះជាដើម។ ចំណែកឯសិលាចារឹក នៅក្នុងរាជ ព្រះបាទយសោវរ្ម័ន នាសតវត្សទី៩ ក៏បាន ហាមឃាត់ នូវការស្លៀកសំលៀកបំពាក់ មិនសមរម្យ មានពណ៌ឆើតឆាយ គ្រឿងអលង្ការ មួយចំនួន និង ការយកអាវុធចូលក្នុង ប្រាសាទផងដែរ។

ឯកឧត្តមបណ្ឌិត សភារចារ្យ សុខ អាន បានមានប្រសាសន៍ថា «ក្រមប្រតិបត្តិអង្គរ» នឹងជួយផ្តល់ ការក្រើនរំឭក បន្ថែមដល់ភ្ញៀវទេសចរ ទាំងអស់។

ថ្វីត្បិតតែ អាជ្ញាធរអប្សរា ជាអ្នកផ្តួចផ្តើមរៀបចំ ប៉ុន្តែចាប់ពីពេលនេះតទៅ «ក្រមប្រតិបត្តិអង្គរ» គឺជា ឯកសារសាធារណៈ ដែលគ្រប់គ្នាមានភារកិច្ច ចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។ ខ្ញុំ មានសេចក្តីរីករាយដែល «ក្រមប្រតិបត្តិអង្គរ» នេះបានទទួលការគាំទ្រ និងកោតសរសើរ យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋាននានា ដូចជា អង្គការ ទេសចរណ៍ពិភពលោក គណៈកម្មាធិការ ICC-Angkor ព្រមទាំងវិស័យឯកជន ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ ទេសចរ ផ្នែកពាក់ព័ន្ធ ដែលកំពុងបំពេញការងារ នៅក្នុងតំបន់អង្គរ ព្រះសង្ឃ សារធារណៈជនទូទៅ អាជ្ញាធរមូលដ្ឋានក្នុងតំបន់អង្គរ និងស្រទាប់ យុវជន៕

ឯកឧត្តម បណ្ឌិត សុខ អាន៖ ក្រមប្រតិបត្តិ អង្គរ មិនមែន ជាច្បាប់ទេ តែជាការផ្តល់ ព័ត៌មាន ដែលមាន សារៈសំខាន់ បំផុតដល់ ភ្ញៀវទេសចរ

ឯកឧត្តម បណ្ឌិត សុខ អាន៖ ក្រមប្រតិបត្តិ អង្គរ មិនមែន ជាច្បាប់ទេ តែជាការផ្តល់ ព័ត៌មាន ដែលមាន សារៈសំខាន់ បំផុតដល់ ភ្ញៀវទេសចរ

ឯកឧត្តម បណ្ឌិត សុខ អាន៖ ក្រមប្រតិបត្តិ អង្គរ មិនមែន ជាច្បាប់ទេ តែជាការផ្តល់ ព័ត៌មាន ដែលមាន សារៈសំខាន់ បំផុតដល់ ភ្ញៀវទេសចរ

ឯកឧត្តម បណ្ឌិត សុខ អាន៖ ក្រមប្រតិបត្តិ អង្គរ មិនមែន ជាច្បាប់ទេ តែជាការផ្តល់ ព័ត៌មាន ដែលមាន សារៈសំខាន់ បំផុតដល់ ភ្ញៀវទេសចរ