ច្រករបៀង​ប៉ុស្តិ៍​គីឡូ​១៣​នៅ​តែ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​ថៃ​ខុសច្បាប់​ដដែល

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា មន្ត្រី​ការពារ​ព្រំដែន​ប្រចាំ​ច្រករបៀង​ប៉ុស្តិ៍​គីឡូ​១៣ ស្ថិត​ក្នុង​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន នៅ​តែបើ​កដៃ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ចេញ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ស្ទើ​រាល់ថ្ងៃ ។ បើ​ទោះជា​រាជរដ្ឋាភិ​បាល​បាន​ប្រកាស​ឱ្យ​មានការ​ទប់ស្កាត់​បែប​ណា​ក្ដី ។

ជាក់ស្តែង កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ធ្នូ ២០១៥ នេះ គេ​ឃើញ​រថយន្ត​តាក់ស៊ី បាន​ដឹក​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់ មាន​ស្រី​មាន​ប្រុស ទៅ​ទម្លាក់​នៅ​មាត់ច្រក​របៀង​គីឡូ​១៣ ដើម្បី​រង់ចាំ​ការ​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ពី​មន្ត្រី​ការពារ​ព្រំដែន​ប្រចាំ​ច្រក​នោះ បើកផ្លូវ​ឱ្យ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ ។

បើ​តាម​ប្រភព​ដដែល​ថា ភាគច្រើន​មន្ត្រី​ប្រចាំ​ប៉ុស្តិ៍​គីឡូ​១៣ បើកផ្លូវ​ឱ្យ​ពលរដ្ឋ​ឆ្លង​ដែន​នៅ​វេលា​ទៀប​ភ្លឺ ដើម្បី​បិទ​បាំង​ភ្នែក​មហាជន ហើយ​កម្មករ​ទាំងអស់ ត្រូវ​បង់ប្រាក់​ជា​មុន ទើប​អាច​ឆ្លង​ដែន​បាន ។ អាជ្ញាធរ​ស្រុក ឬ​ខេត្ត គួរតែ​មាន​វិធានការ​អំពី​បញ្ហា​នេះ​ហើយ មិន​គួរ​បណ្តែតបណ្ដោយ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​បែប​នេះ​ទេ ។ ព្រោះ​ពួក​គេ​តែង​ប្រឈម​គ្រោះថ្នាក់​រាល់​លើក ។